ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​​មួយ​រំពេច បន្ទាប់​ពី​ត្រូវ​រន្ទះ​​​​បាញ់​ចំ​គាត់ ខណៈ​កំពុង​តែ​ឈរ​ជ្រក​ភ្លៀង​ក្រោមផ្ទះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២២ កុម្ភៈ ស្ថិត​ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​នី មីន អាយុ​៣៥​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​ស្លាប់​ឆេះ​រោល​ពេញ​រាង​កាយ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ភូមិ​ថា ពេល​នោះ​គឺ​​មេឃ​​មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​ខ្លាំង ហើយ​ជន​រង​គ្រោះ​ចូល​ជ្រក​ភ្លៀង​​នៅ​ក្រោមផ្ទះ ស្រាប់​តែ​មាន​រន្ទះ​មក​បាញ់​លាន់ឮ​​រំពង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​​មួយ​រំពេច ។ ក្នុង​គ្រោះថ្នាក់​នេះ ដែល​មាន​សន្ធឹក​បាញ់​ខ្លាំង​ឡើង​ក្រហមច្រាល​ពេញ​មេឃ ធ្វើ​ឲ្យ​អ្នក​ភូមិ​នៅ​ម្តុំ​នោះ​ភ័យ​តក់ស្លុត​គ្រប់​គ្នា ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

បាត់​អស់​​ប្រាក់​ខែ​​ រស់​ដោយ​សារ​​ឡើង​​​ត្នោត

ខេត្តកំពង់ឆ្នាំង ៖ អតីត​សេនា​ជន​ពិការ​ម្នាក់​និង​ក្រុម​គ្រួសារ ដង្ហោយ​រក​ជំនួយ​គ្រា​ដែល​គ្រួសារ​គាត់​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ដល់ក​ហើយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។ ពិសេស​ទៀត​នោះ​គាត់​បាន​អះអាង​ថា គាត់​បាន​លក់​ប្រាក់ខែ​របប​ជន​ពិការ​ឱ្យ​គេ​ត្រឹមតែ​៣​ឆ្នាំ​ប៉ុណ្ណោះ តែ​ពេល​នេះ​ជាង​១០​ឆ្នាំទៅ​ហើយ ពេល​ទៅ​សួរ​គេ ស្រាប់តែ​គេ​ថា ឈ្មោះ​គាត់​ត្រូវ​គេ​លុប​ចោល​តាំងពី​យូរ​មក​ហើយ​ធ្វើ​ឱ្យ​គាត់​អស់​ព្រលឹង​រលីង ។

ដោយសារ​ស្ថានភាព​គ្រួសារ​កាន់តែ​លំបាករូប​គាត់​និង​ក្រុម​គ្រួសារ សូម​អំពាវនាវ​ដល់ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ស្រាវជ្រាវ​ឈ្មោះ​ឱ្យ​គាត់​ផង ថា​តើ​ពិតជា​ត្រូវ​បាន​គេ​លុបឈ្មោះ​មែនឬ​យ៉ាងណា ? ម្យ៉ាងវិញទៀត សូមអំពាវនាវ​ដល់​សប្បុរសជន មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង ព្រោះ​រស់​សព្វថ្ងៃ​ពឹង​លើ​មុខរបរ​ឡើងត្នោត​ធ្វើ​ទឹកត្នោតជូរ​លក់ និង​ខែវស្សា​ដើរ​ស៊ី​ឈ្នូ​ល​គេ​ពិតជា​លំបាក​ដល់​កម្រិត​ហើយ ។

អតីត​សេនា​ជន​ពិការ​រូប​នេះ​ឈ្មោះ ឌុំ សាំង អាយុ​៦៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ គឹ​ម យឺន អាយុ​៦២​ឆ្នាំ មានកូន​៧​នាក់ បែក​មានគ្រួសារ​៣​នាក់ នៅ​ក្នុង​បន្ទុក​៤​នាក់ និង​ចៅ​កំព្រា​២​នាក់ ។ គ្រួសារ​គាត់​រស់នៅ​ក្នុងភូមិ​ទ្រ​នាម​ពេ​ជ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ។ គាត់​គ្មាន​ដីស្រែ​ចម្ការ​ធ្វើ​ទេ សព្វថ្ងៃ​ប្រកប​របរ​ស៊ីឈ្នួល​ធ្វើស្រែ​ឱ្យ​គេ ដាក់​មង​ដាក់​សន្ទូច និង​ឡើងត្នោត​ធ្វើ​ទឹកត្នោតជូរ​លក់​ក្នុង​១​រដូវ​បាន​តែ​៣​ខែ​ទេ ។ ក្នុង​១​ថ្ងៃ​លក់​បាន​ពី​៥​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល ចិញ្ចឹមជីវិតរ​ស់ទាំង​ត្រដរ នៅ​ចុងរដូវ​វស្សា​អត់​ការងារ​ធ្វើ​ដាច់​បាយ​ម្តងម្កាល​ផង​ដែរ ។

អតីត​សេនា​ជន​ពិការ​រូប​នេះ​បាន​រំឭក​ថា នៅ​ក្នុង​ឆ្នាំ​១៩៨០ គាត់​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ចាត់តាំង​ឱ្យធ្វើ​ជា​សេនា​ជន​ឃុំ​គោក​បន្ទាយ ហើយ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​១៩៨៥ គាត់​បាន​រង​របួស​ត្រូវ​គ្រាប់​បេ​៤០​របស់​ទាហាន​ខ្មែរក្រហម នៅ​សមរភូមិ​ផ្លូវដែក​ក្នុងស្រុក​ទឹកផុស ក្នុង​ពេល​ប្រយុទ្ធ​ការពារ​ប្រជាពលរដ្ឋ​ទៅ​កាប់​ព្រៃ​តាម​ផ្លូវដែក ។ ស្ថានភាព​របួស​គឺ​បាក់ជើង​ឆ្វេង ត​ឆ្អឹង​ដែក ដាច់​កដៃ​ឆ្វេង ខ្វាក់​ភ្នែក​ខាងឆ្វេង បាក់ឆ្អឹង​ដងកាំបិត​ឆ្វេង​ត​ដែក និង​របួស​ដោយ​អំបែង​គ្រាប់​បេ​៤០​សុស​ពេញ​ខ្លួន ។ បច្ចុប្បន្ន ភ្នែក​ស្តាំ​បាន​ឆ្លង​របួស​ពី​ភ្នែក​ខាងឆ្វេង មើលឃើញ​តែ​៤០​ភាគរយ​ប៉ុណ្ណោះ និង​មាន​ជំងឺសរសៃប្រសាទ​មិនសូវ​ចង​ចាំ ភ្លេចមុខភ្លេចក្រោយ ។

ក្រោយ​ពី​គាត់​រង​របួស​និង​ពិការ​នៅ​ក្នុង​សមរភូមិ ត្រូវ​បាន​រដ្ឋ​បញ្ចូល​គាត់​ជា​សេនា​ជន​ពិការ និង​បើកប្រាក់​របប​ជន​ពិការ​បាន​១​ខែ​ជាង​៨​ម៉ឺន​រៀល ។

នៅ​អំឡុង​ឆ្នាំ​២០០២ ផ្ទះ​គាត់​បាន​រលំ​ខូចខាត​ហើយ​គាត់​ធ្លាក់ខ្លួន​ឈឺ ក៏​បាន​លក់​ប្រាក់ខែ​ជន​ពិការ​ទៅ​ឱ្យ​គ្រូបង្រៀន​ម្នាក់​រយៈពេល​៣​ឆ្នាំ​បាន​ប្រាក់​១​លាន​រៀល ដោះស្រាយ​មើលជំងឺ និង​ជួសជុលផ្ទះ ។ ៣​ឆ្នាំ​ក្រោយមក ពេល​ទៅ​ទារ​ឯកសារ​ពី​គ្រូបង្រៀន​នោះ​វិញ គេ​ប្រាប់​ថា ឈ្មោះ​គាត់​ត្រូវ​បាន​រដ្ឋ​កាត់​ចោល​លែង​បើកប្រាក់​ជន​ពិការ​បាន​ហើយ ។ រឿង​នេះ​គាត់​បាន​ឡើង​ទៅ​សួរ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ចំនួន​២​ដង តែ​មិន​បាន​លទ្ធផល គាត់​ស្នើ​សុំ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ​ប្រាក់​របប​ជន​ពិការ​ឱ្យ​គាត់​ផង​។ គាត់​ថា បើ​មាន​ទេវតា​នៅ​ឋាន​ណា​ក៏​គាត់​ទៅ​សុំ​ឱ្យ​ជួយ​ដែរ ព្រោះ​ពេល​នេះ​ក្រ​ដល់ក​ហើយ ។

លោក អ៊ូ សំ​អុ​ី​ន មេ​ភូមិ​ទ្រ​នាម​ពេ​ជ បានឱ្យ​ដឹង​ថា លោក ឌុំ សាំង ពិតជា​សេនា​ជន​ពិការ​នៅ​សមរភូមិ​ផ្លូវដែក​ពិតមែន ហើយ​សព្វថ្ងៃគាត់ពិតជាមានជីវភាពខ្វះខាតនិងក្រីក្រខ្លាំងណាស់។ ទាក់ទង​នឹង​ប្រាក់ខែ​ជន​ពិការ​នេះ លោក ចក់ កែវ​ចំរើន មន្ត្រី​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត បានឱ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៥ មាន​សេនា​ជន​មួយ​ចំនួន​ធំ ត្រូវ​បាន​លុបឈ្មោះ​ចេញ ក្នុង​នោះ​ខេត្តកំពង់ឆ្នាំង សេនា​ជន​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​ជាង​១០០

នាក់ ហើយ​ប្រហែលជា​គាត់ (​ឌុំ សាំង​) ត្រូវ​គេ​លុបឈ្មោះ​ចេញ​ដែរ​ហើយ​មើលទៅ ព្រោះ​ឈ្មោះ​គាត់​មិនឃើញ​មាននៅ​ក្នុង​បញ្ជី​បើក​ប្រាក់ខែ​ទេ ។

គាត់​ជា​អតីត​យុទ្ធ​ជន​ការពារ​ផ្លូវដែក​មួយ​រូប ធ្លាក់ខ្លួន​ពិការ ។ វេទនា​អីចឹង​ៗ​មើល​គ្នា​អត់​ឃើញ​ទេ ។ បាត់​អស់​ប្រាក់ខែ​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ ដែល​សព្វថ្ងៃ​សម្ងំ​រស់​ដោយ​ឡើង​ដើម​ត្នោត អត់​មាន​បុរស​ណា​មើលឃើញ​ឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]