ភ្នំពេញ៖ គ្រាន់តែមកដល់ទឹកដីនៃប្រទេសកម្ពុជាភ្លាម កំពូលតារាសម្តែងដ៏ល្បីឈ្មោះរបស់ថៃ គឺលោក James Jirayu បានធ្វើដំណើរទៅជួបជាមួយកុមារ ពិការកម្ពុជាមុនគេបង្អស់។

នៅវេលាម៉ោងប្រមាណជា១០ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោក James Jirayu បានមកដល់ប្រទេសកម្ពុជា ហើយក៏បានធ្វើដំណើរភ្លាមៗឆ្ពោះ ទៅកាន់សាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មី ដោយបាននាំយកអំណោយមួយចំនួនទៅចែកជូនសិស្សានុសិស្ស នៅទីនោះប្រមាណជា ២០០នាក់។ 

អ្នកស្រីនាង ផល្លា នាយិកានៃសាលាកុមារពិការភ្នែក និងគថ្លង់ ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មីបានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងមានកុមារជនពិការប្រមាណជា២០០នាក់មកទទួលស្វាគមន៍លោកJames ហើយនេះគឺជាលើកទីមួយ ដែលមានតារាថៃដ៏ល្បីមកចូលរួមចំណែកជួយសង្គម ជាពិសេសជួយទៅដល់កុមារពិការភ្នែក  និងគថ្លង់របស់អង្គការគ្រួសារថ្មីតែម្តង»។

នេះគឺជាផ្នែកមួយនៃការរួមចំណែក នៅក្នុងការងារសង្គមរបស់លោក James ក្នុងខណៈដែលលោកមានវត្តមាន នៅកម្ពុជាដើម្បីបើកការប្រគំតន្ត្រី “JAMES JI 2017 ASEAN TOUR” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងព្រឹត្តិការណ៍ដ៏រំភើបនេះ ក៏នឹងមានការចូលរួមពីសិល្បករក្នុងស្រុករបស់យើងផងដែរ នោះគឺក្រុមក្មេងខ្មែរ។ PNN បានចាប់ផ្តើមលក់សំបុត្រទៅដល់អ្នកគាំទ្រលោក James Jirayu តាំងពីថ្ងៃទី៨ ខែកុម្ភៈ មកម្ល៉េះ។ សំបុត្រចូលរួមទស្សនានៅតែបន្តលក់រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។ សម្រាប់ថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោកអ្នកអាចរកទិញបាននៅអគារ LYP ស្ថិតនៅមហាវិថីម៉ៅសេទុង។ ដោយឡែកនៅថ្ងៃទី២៥ ខែកុម្ភៈ លោកអ្នកអាចរកទិញបាននៅមុខសាលមហោស្រពកោះពេជ្រផ្ទាល់តែម្តង។

តម្លៃសំបុត្រមានចាប់ពី ១០ដុល្លារ និង៣០ ដុល្លារ។ ករណីលោកអ្នកចុះឈ្មោះជាសមាជិក PNN Privilege Club Card អាចទិញបានក្នុងតម្លៃពិសេស ៧ដុល្លារ និង២០ដុល្លារ។ នេះគឺជាលើកទីពីរហើយ ដែលស្ថានីយទូរទស្សន៍ភីអិនអិនបានអញ្ជើញតារាជួរមុខរបស់ប្រទេសថៃ លោក James Jirayu មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លើកទីមួយកាលពីខែតុលា ឆ្នាំ២០១៦ ដោយលោកធ្វើដំណើរដើម្បីជួបប្រិយមិត្តកម្ពុជា អមដំណើរជាមួយកញ្ញាBella Ranee ដែលជាដៃគូសម្តែងដ៏សក្តិសមរបស់លោក។

សូមបញ្ជាក់ដែរថា ការមកកាន់ទឹកដីនៃប្រទេសកម្ពុជារបស់ James Jirayu លើកនេះ គឺស្របពេលដែលខ្សែភាពយន្ត «សុភាពបុរសភុតធិផាត់» ដែលមានលោកJames Jirayu និងកញ្ញា Bella Ranee ជាតួអង្គឯក កំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៩ ដល់ម៉ោង១០យប់។ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងអញ្ជើញតារាល្បីៗរបស់ TV3 និង TVB មកជួបប្រិយមិត្តអ្នកគាំទ្រនៅ កម្ពុជាបន្តបន្ទាប់ទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]