នៅគ្រប់បណ្តាប្រទេស ជុំវិញពិភពលោកយើងនេះ ការបង់ពន្ធ គឺជាសកម្មភាព ឬជាការអនុវត្ត ដែលមិនអាចចៀសវាងបាន ឬអាចនិយាយថាវាជាកាតព្វកិច្ច របស់មនុស្សម្នាក់ៗ។ ទន្ទឹមនឹងនោះដែរ ចំនួន ឬកម្រិតនៃការបង់ពន្ធ មានភាពខុសៗគ្នា នៅបណ្តាប្រទេសនីមួយៗ  ហើយជាធម្មតាប្រទេសអភិវឌ្ឍន៍ តែងមានអត្រាបង់ពន្ធខ្ពស់ជាង ប្រទេសដែលកំពុងអភិវឌ្ឍន៍។

ខាងក្រោមនេះ គឺជាប្រទេសទាំង ១០ ដែលមានកម្រិតថ្លៃបង់ពន្ធ ខ្ពស់ជាងគេបំផុត លើពិភពលោក ៖

១០. ប្រទេស អូទ្រីស (Austria) 

ប្រទេស អូទ្រីស (ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋអូទ្រីស) គឺជាប្រទេសមានដី មិនជាប់សមុទ្រស្ថិតនៅទ្វីបអឺរ៉ុបកណ្តាល និងមានទីក្រុង Vienna ជារាជធានី។ ប្រទេសនេះមានផ្ទៃដីសរុប ៨៣,៨៧៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង ៨,៧ លាននាក់។ បើនិយាយពីស្តង់ដាររស់នៅរបស់អ្នករស់នៅក្នុងប្រទេស អូទ្រីស គឺមានកម្រិតខ្ពស់ រីឯការបង់ពន្ធក៏មិនតិចដែរ ពីព្រោះមនុស្សម្នាក់ៗ ត្រូវបង់ពន្ធលើទំនិញដែលខ្លួនទិញ យ៉ាងហោចណាស់ក៏ ៥០% នៃតម្លៃទំនិញដែរ។

៩. ប្រទេស ប៊ែលហ្សិក 

ប្រទេស ប៊ែលហ្សិក (ឬឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រប៊ែលហ្សិក) គឺជាប្រទេសមួយ ស្ថិតនៅតំបន់អឺរ៉ុបភាគខាងលិច និងមានទីក្រុង Brussels ជារាជធានី។ ប្រទេសនេះ មានផ្ទៃដីទំហំ ៣០,៥២៨ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅជាង ១១.២ លាននាក់។ ប្រទេស ប៊ែលហ្សិក ជាប្រទេសអ្នកមាន និងជាប្រទេសអភិវឌ្ឍន៍ ហេតុនេះ កម្រិតបង់ពន្ធក៏ខ្ពស់ និងមានច្រើនប្រភេទ ដូចជាពន្ធលើប្រាក់បៀវត្ស ពន្ធលើសាជីវកម្ម ពន្ធលើថ្លៃសន្តិសុខសង្គម ពន្ធលើតម្លៃបន្ថែម -ល-។

៨. ប្រទេស ហូឡង់ 

ប្រទេស ហូឡង់ (ឬឈ្មោះផ្លូវការ ព្រះរាជាណាចក្រហូឡង់) គឺជាប្រទេសមួយ ស្ថិតនៅតំបន់អឺរ៉ុបខាងលិច និងមានទីក្រុង Amsterdam ជារាជធានី។ ប្រទេសនេះ មានទំហំផ្ទៃដី ៤១,៥៤៣ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង ១៧.១ លាននាក់។ មិនត្រឹមតែជាប្រទេស ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ហូឡង់ក៏ជាប្រទេស ដែលមានប្រជាជនច្រើន ហេតុនេះរដ្ឋាភិបាលក៏បានសម្រេចដាក់កំហិតអត្រាពន្ធខ្ពស់ ដើម្បីចៀសវាងការទិញចំណី អាហារ បែបខ្ជះខ្ជាយ។

៧. ប្រទេស ដាណឺម៉ាក 

ប្រទេស ដាណឺម៉ាក (ឬឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រដាណឺម៉ាក) គឺជាប្រទេសរបស់ជនជាតិដើម Scandinavian ក្នុងតំបន់អឺរ៉ុប និងមានរាជធានីឈ្មោះ Copenhagen ។ ប្រទេសនេះមានផ្ទៃដីសរុប ៤២,៩២៥.៤៦ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង ៥.៧ លាននាក់។ ប្រទេស ដាណឺម៉ាក មានកម្រិតបង់ពន្ធជាច្រើន រួមមានទាំងពន្ធក្នុងស្រុក និងពន្ធលើរដ្ឋ ដែលមានច្រើនប្រភេទ និងអត្រាខុសៗគ្នា។ ប៉ុន្តែដោយសារតែ អត្រាពន្ធខ្ពស់ទាំងនេះហើយ ទើបប្រទេស ដាណឺម៉ាក អាចក្លាយជាប្រទេសអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

៦. ប្រទេស ស៊ុយអែត 

ប្រទេស ស៊ុយអែត (ឬឈ្មោះផ្លូវការ ព្រះរាជាណាចក្រស៊ុយអែត) គឺជាប្រទេសមួយ ស្ថិតនៅតំបន់អឺរ៉ុបភាគខាងជើង និងមានទីក្រុង Stockholm ជារាជធានី។ ប្រទេសនេះ មានផ្ទៃដីសរុប ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅជាង ១០ លាននាក់។ អត្រាពន្ធខ្ពស់បំផុត របស់ប្រទេស ស៊ុយអែត គឺពន្ធលើប្រាក់បៀវត្ស។ រាល់ប្រាក់បៀវត្សទាំងអស់ ត្រូវតែគិតពន្ធចូលរដ្ឋ មុននឹងប្រគល់ដល់ដៃ បុគ្គលិក។ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបែរជាសំដែងការពេញចិត្តទៅវិញ ពីព្រោះពួកគេជឿថា វានឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសទាំងមូល លូតលាស់ខ្លាំង ឆាប់រហ័ស។

៥. ប្រទេស អៀរឡង់ 

ប្រទេស អៀរឡង់ គឺជាប្រទេស ដីកោះ ស្ថិតនៅតំបន់អាត្លង់ទិក ភាគខាងជើង និងមានទីក្រុង រ៉ៃក្យាវិក ជារាជធានី។ ប្រទេសនេះ មានផ្ទៃដីសរុបចំនួន ៨៤,៤២១ គីឡូម៉ែត្រការ៉េ រួមទាំងមានប្រជាជនរស់នៅប្រមាណជាជាង ៦.៣ លាននាក់។ ការស្រាវជ្រាវបានបង្ហាញថា អៀរឡង់ រកចំណូលបានភាគច្រើនដោយសារតែ ពន្ធលើប្រាក់បៀវត្ស ដ៏ខ្ពស់ ប៉ុន្តែដោយសារតែពន្ធនេះហើយ ទើបសេដ្ឋកិច្ចរបស់ប្រទេសនេះ មានការលូតលាស់ខ្លាំង និងឆាប់រហ័ស គួរឲ្យកត់សម្គាល់។

៤. ប្រទេស ហ្វាំងឡង់ 

ប្រទេស ហ្វាំងឡង់ (ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋហ្វាំងឡង់) គឺជាប្រទេសមួយ ស្ថិតនៅក្នុងទ្វីបអឺរ៉ុប ភាគខាងជើង និងមានទីក្រុង Helsinki ជារាជធានី។ ប្រទេសនេះ មានទំហំផ្ទៃដី ៣៨៨,៤២៤ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅប្រមាណជាជាង ៥.៤ លាននាក់។ តាំងតែពីឆ្នាំ ១៩៩៥ ប្រទេស ហ្វាំងឡង់ មានអត្រាបង់ពន្ធ ប្រមាណជា ៦២% ឯណោះ។ ជាពិសេស វាជាប្រទេសដែល មិនជាប់បំណុលប្រទេសណាមួយ ទាល់តែសោះឡើយ។

៣. ប្រទេស អង់គ្លេស 

ប្រទេស អង់គ្លេស (ឬ ចក្រភពអង់គ្លេស) គឺជាប្រទេសមួយ ស្ថិតនៅក្នុងតំបន់អឺរ៉ុប ភាគខាងលិច ដែលមានទីក្រុង London ជារាជធានី។ ប្រទេសនេះ មានផ្ទៃដីសរុប ២៤២,៤៩៥ គីឡូម៉ែត្រការ៉េ និងមានចំនួនប្រជាជនជាង ៦៥.១ លាននាក់។ ប្រទេសដែល សម្បូរទៅដោយធនធានធម្មជាតិនេះ តម្រូវឲ្យប្រជាពលរដ្ឋរស់នៅ បង់ពន្ធខ្ពស់ ជាច្រើនប្រភេទផងដែរ។

២. ប្រទេស ជប៉ុន 

ប្រទេស ជប៉ុន គឺជាប្រទេសដីកោះមួយ ស្ថិតនៅតំបន់អាស៊ី ភាគខាងកើត ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមានទីក្រុង តូក្យូ ជារាជធានី។ ប្រទេសនេះ មានទំហំផ្ទៃដីសរុប ៣៧៧,៩៧២.២៨ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅជាង ១២៦.៨ លាននាក់។ ប្រទេសដ៏ល្បីល្បាញ និងជោគជ័យខ្លាំង ប្រចាំទ្វីបអាស៊ីមួយនេះ កំណត់អត្រាពន្ធ ខ្ពស់បំផុត អាចឡើងរហូតដល់ ៦៨% ឯណោះ ជាពិសេស គឺពន្ធលើប្រាក់បៀវត្ស។

១. Aruba 

អារុយបា (Aruba) គឺជាទឹកដីកោះ មួយផ្នែកនៃព្រះរាជាណាចក្រហូឡង់ ក្នុងសមុទ្រ ការាបៀ (Caribbean) ភាគខាងត្បូង ដែលមានទីក្រុង Oranjestad ជារាជធានី។ បើនិយាយពី ផ្ទៃដីគឺមានទំហំ ១៧៨.៩១ គីឡូម៉ែត្រការ៉េ និងមានអ្នករស់នៅប្រមាណជា ១០៣,៤០០ នាក់ប៉ុណ្ណោះ។ តំបន់អារុយបា មិនអាចដាំដុះដំណាំបានច្រើន គ្រប់ប្រភេទបាននោះទេ នេះដោយសារតែ លក្ខខណ្ឌអាកាសធាតុ មិនអំណោយផល ហេតុនេះហើយ ទើបរដ្ឋាភិបាល សម្រេចកំណត់ អត្រាពន្ធខ្ពស់៕

ប្រភព៖ World's Top Most | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]