ភ្នំពេញ៖ កម្មវិធី “ឆា-ឈីង” គឺជាកម្មវិធីអប់រំចំណេះដឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ដែលបានអនុវត្តជោគជ័យនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងឆ្នាំ២០១៧នេះ កម្មវិធីនេះនៅតែបន្តអនុវត្ត។ តួយ៉ាង កាលពីថ្ងៃ១៧ ដល់២១ កុម្ភៈ កន្លងទៅ ក្រុមការងារស្ម័គ្រចិត្តមួយក្រុមធំ ដែលរួមមានបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចុះផ្សព្វផ្សាយកម្មវិធី “ឆា-ឈីង” ទៅដល់កុមារា-កុមារី ក្នុងសាលាបឋមសិក្សាចំនួនបួន ក្នុងខេត្តបាត់ដំបង និងសៀមរាប ។

ចាប់តាំងពីដំបូងមក គោលបំណងសំខាន់នៃកម្មវិធី “ឆា-ឈីង” គឺការអប់រំកុមារអំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងលុយកាក់ តាមរយៈការបង្ហាញវីដេអូចម្រៀង ការសួរសំនួរ ហើយនិងការលេងល្បែងកំសាន្ដដែលពាក់ព័ន្ធនឹងគោលគំនិតទាំង៤របស់ “ឆា-ឈីង” គឺ ការរកលុយ សន្សំ ចាយ និងបរិច្ចាគ ។

កុមារ និងក្រុមការងាររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រីករាយនឹងសកម្មភាពកម្មវិធី “ឆា-ឈីង”

លោក ទូច ថាវរិទ្ធិ ប្រធានទំនាក់ទំនងស្ថាប័នរដ្ឋ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះតាំងពីដំណាក់កាលដំបូងមក បានមានប្រសាសន៍ថា “កម្មវិធីអប់រំកុមារ “ឆា-ឈីង” គឺជាកម្មវិធីថ្នាក់តំបន់មួយរបស់ក្រុមហ៊ុន Prudential Corporation Asia ដែលក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានយកមកផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ គោលដៅសំខាន់របស់យើង គឺចង់អោយកុមារកម្ពុជាទទួលបាន និងរៀនសូត្រនូវចំណេះដឹងថ្មីៗផ្នែកហិរញ្ញវត្ថុមូលដ្ឋាន ដែលកម្មវិធី “ឆា-ឈីង” យកចិត្តទុកដាក់លើគោលគំនិតសំខាន់បួន គឺ រកលុយ សន្សំ ចាយ និងបរិច្ចាគ ។”

លោកបានបន្ថែមទៀតថា “នៅក្នុងប្រទេសកម្ពុជា កម្មវិធីនេះបានចាប់ផ្តើមពីឆ្នាំ២០១៤មក តាមរយៈការផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ ហើយក្នុងឆ្នាំ២០១៥ និង២០១៦ យើងបានចុះផ្សព្វផ្សាយកម្មវិធីនេះទៅតាមសាលានានា ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនទៀត ។ យើងមានផែនការដើម្បីធ្វើយ៉ាងណាអោយកម្មវិធីនេះ ទៅជាកម្មវិធីដែលសាលាអាចយកទៅប្រើប្រាស់បាន ជាលក្ខណៈកម្មវិធីសិក្សាបន្ថែមសម្រាប់ពេលទំនេរពីការសិក្សាមុខវិជ្ជាស្នូលរបស់ពួកគាត់ ។”

បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា សួរសំណួរល្បងប្រាជ្ញាដល់កុមារ ក្នុងអំឡុងពេលអនុវត្តសកម្មភាពកម្មវិធី “ឆា-ឈីង” នៅសាលាបថមសិក្សាមួយក្នុងខេត្តសៀមរាប

លោក ទ្រី ហាក់ ជានាយកសាលាបថមសិក្សាសម្តេច ជា ស៊ីម ក្នុងខេត្តបាត់ដំបង បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលថ្ងៃនេះបានមកសហការជាមួយសាលា និងរៀបចំកម្មវិធី “ឆា-ឈីង” សម្រាប់កុមារយើង ។ ខ្ញុំគិតថា កម្មវិធីនេះល្អមែនទែន ព្រោះបណ្តុះបណ្តាលក្មេងអោយយល់ដឹងពីគោលគំនិតនៃការ រកលុយ សន្សំ ចាយ និងបរិច្ចាគ ។ នេះជាចំណេះដឹងបន្ថែមមួយទៀត ដែលពិតជាមានសារសំខាន់សម្រាប់បណ្តុះដល់កុមារចាប់ពីវ័យក្មេងទៅ ។”

អ្នកគ្រូ តាន់ សុគន្ធា ជាគ្រូទទួលបន្ទុកថ្នាក់ម្នាក់ ក្នុងសាលាបថមសិក្សាកេសរារ៉ាម ខេត្តសៀមរាប ដែលបានចូលរួមផ្ទាល់ក្នុងសកម្មភាពកម្មវិធី “ឆា-ឈីង” ក្នុងថ្នាក់របស់គាត់ ។ គាត់បានសម្តែងក្តីកោតសរសើរចំពោះក្រុមការងាររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានចុះមករៀបចំកម្មវិធី “ឆា-ឈីង” នៅសាលារបស់គាត់ និងបាននិយាយថា “ខ្ញុំគិតថាកម្មវិធីនេះល្អ និងគួរតែពង្រីកបន្ថែមទៀត ព្រោះនេះជាការអប់រំក្មេងអោយចេះគ្រប់គ្រងលុយកាក់ និងចេះជួយគ្នាទៅវិញទៅមក ។”

ក្រុមការងារ ព្រូដិនសលកម្ពុជា តំណាងថ្នាក់ដឹកនាំសាលា និងប្អូនៗសិស្សានុសិស្ស ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍

ដោយបានបង្កើតឡើងក្នុងឆ្នាំ២០១១ កម្មវិធី “ឆា-ឈីង” បាននឹងកំពុងអនុវត្តនៅទូទាំងទ្វីបអាស៊ី ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីរឿងគ្រប់គ្រងលុយកាក់ សម្រាប់កុមារអាយុពី ៧ដល់១២ឆ្នាំ ។ ក្នុងប្រទេសកម្ពុជា កម្មវិធី “ឆា-ឈីង” ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣១ ឧសភា ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។

ចាប់តាំងពីដើមឆ្នាំ២០១៦មក ក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចុះទៅតាមសាលាបឋមសិក្សាជាច្រើន នៅក្នុងរាជធានីភ្នំពេញ និងខេត្តគោលដៅមួយចំនួន ដោយបាននាំយកវីដេអូ “ឆា-ឈីង” ទៅចាក់បង្ហាញដល់កុមារជាច្រើន នាក់ និងបានរៀបចំការលេងល្បែងកំសាន្ត និងសកម្មភាពអប់រំជាច្រើនទៀត ដើម្បីបណ្តុះគំនិតអប់រំក្នុងការគ្រប់គ្រងលុយកាក់ និងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់កុមារទាំងនោះ ។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនេះ អ្នកអាចចូលទៅកាន់គេហទំព័រ www.cha-ching.com ដើម្បីទស្សនាវីដេអូចម្រៀងរបស់កម្មវិធី “ឆា-ឈីង” ដោយសេរី ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាផ្សេងទៀតជាច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]