(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល និងព្រះបរមរាជវាំង បានឯកភាពគ្នា រើសយកខេត្តព្រៃវែង ជាទីប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០១៧។ នេះបើតាមការបង្ហោះឲ្យដឹង នៅលើ Facebook ផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅមុននេះបន្តិច។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លកាលពីឆ្នាំមុន ប្រារព្ធឡើង នៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ បែកធ្លាយ​អាថ៌​កំបាំង ពេល​ចៅស្រី​វ័យក្មេង​មាន​ផ្ទៃពោះ​៦​ខែ

ខេត្តក្រចេះ ៖ បន្ទាប់​ពី​បែកធ្លាយ​អាថ៌​កំបាំង​តាម​រយៈ​ការ​លើក​ឡើង​របស់​ក្រុមប្រឹក្សា​ឃុំ​ពី​រឿង​ចៅស្រី​វ័យក្មេង​​មាន​ផ្ទៃពោះ​៦​ខែ​ដោយ​សារ​ត្រូវ​តា​ចាប់​រំលោភ​ជា​បន្ត​បន្ទាប់​រួច​មក សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​នាំ​ខ្លួន​បុរស​ចំណាស់​សង្ស័យ​មក​សាកសួរ​និង​ឃាត់ខ្លួន​តែ​ម្តង ។

បុរស​វ័យ​ចំណាស់​ដែល​ត្រូវ​នគរបាល​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ចៅស្រី​វ័យ​១៦​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​៦​ខែ​នេះ​ឈ្មោះ ជា គា អាយុ​៧៣​ឆ្នាំ មុខរបរ​ជា​គ្រូថ្នាំ​ខ្មែរ រស់នៅ​ក្នុងភូមិ​តា​សោម ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ត្រូវជា​ឪពុកចុង​របស់​ម្តាយ​នារី​រង​គ្រោះ និង​ជា​ជីតា​ចុង​របស់​នាង​ផង​ដែរ ។

ទោះបីជា​យ៉ាងណា ករណី​តា​រំលោភ​ចៅស្រី​រហូត​មាន​ផ្ទៃពោះ​នេះ គឺ​មិន​មានការ​ប្តឹងប្តល់​ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​រង​គ្រោះ​នោះ​ទេ តែ​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុមប្រឹក្សា​ឃុំ​ទៅ​វិញ ។ ដោយសារ​តែ​នារី​រង​គ្រោះជា​កូនកំព្រា​ឪពុក និង​សព្វថ្ងៃ​រស់នៅ​ជាមួយ​ស្ត្រី​ជា​ម្តាយ​ដែល​មិន​មានការ​យកចិត្តទុកដាក់​លើ​នាង ហើយ​មិនតែប៉ុណ្ណោះ​ជនសង្ស័យ​វ័យ​ចំណាស់​តែងតែ​ធ្វើការ​គំរាម​តាម​ពាក្យ​សម្តី​យ៉ាងធ្ងន់ធ្ងរ​មក​លើ​នាង​ទៀត​ផង​នោះ ។

លោក​វរសេនីយ៍ទោ ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​លើក​ឡើង​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយ​ជ្រះ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាស្រុក​ស្នួល កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ ថា មាន​ករណី​តា​ចាប់រំលោភ​ចៅស្រី​រហូត​មាន​ផ្ទៃពោះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​ចុះ​ឃាត់ខ្លួន​បុរស​ចំណាស់​សង្ស័យ​មក​សាកសួរ​ទាំង​គ្មាន​ពាក្យបណ្តឹង ។

លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ការ​នាំ​ខ្លួន​បុរស​សង្ស័យ​វ័យ​ចំណាស់ និង​នារី​រង​គ្រោះ​មក​សាកសួរ និង​ទទួល​បាន​ចម្លើយ​សារភាព ទើប​នគរបាល​សម្រេច​ឃាត់ខ្លួន​បុរស​សង្ស័យ​វ័យ​ចំណាស់​រូប​នេះ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ ។

បើ​តាម​ការ​សម្រង់​ចម្លើយ​របស់​នារី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ បាន​រៀបរាប់​ប្រាប់​នគរបាល​ថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ ជនសង្ស័យ​ជា​ជីតា​រូប​នេះ​បាន​បបួល​នាង​ដើរ​មើលជម្ងឺ​ឲ្យ​គេ​តាម​ភូមិ ។ ដោយ​ក្នុង​មួយ​កន្លែង​ត្រូវ​ដេក​ផ្លូវ​២-៣​យប់​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។ ហើយ​ការ​ដើរ​មើលជម្ងឺ​ព្យាបាល​ឲ្យ​គេ​ជាមួយ​ជនសង្ស័យ ជា​ជីតា​រូប​នេះ​បាន​ធ្វើ​ឡើងជា​ច្រើន​កន្លែង ។ រហូត​ដល់​ថ្ងៃ​មួយទៀត គាត់​បាន​បបួល​នាង​មក​ព្យាបាល​ជម្ងឺ​ឲ្យ​គេ​នៅ​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល និង​បាន​សម្រាក​នៅ​ទីនោះ​រយៈពេល​៣​យប់ ។ ទីនោះ​ជា​កន្លែង​ចុង​ក្រោយ​ដែល​បុរស​ជាប់ចោទ​វ័យ​ចំណាស់​រូប​នេះ​បាន​ល្បួង​នាង​រំលោភ​រហូត​បាន​សម្រេច​ចំនួន​៣​ដង ។

ក្រោយ​ការ​ល្បួង​ចាប់រំលោភ​បាន​សម្រេច​ជា​បន្តបន្ទាប់​រហូត​ដល់​សព្វ​ថ្ងៃនេះ​បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​វ័យ​១៦​ឆ្នាំ មាន​ផ្ទៃពោះ​ចំនួន​៦​ខែ​ហើយ ។ តែ​យ៉ាងណា នាង​ក៏​មិន​ហ៊ាន​ប្តឹងប្តល់​ជនសង្ស័យ​ជា​ជីតា​រូប​នេះ​ដែរ ព្រោះតែ​កន្លង​មក​ជនសង្ស័យ​រូប​នេះ​បាន​គំរាម​នាង ដោយ​បង្គាប់​នាង​ឲ្យ​ដើរ​ប្តឹង​ថា ទោះជា​ប្តឹង​ដល់​ទីណា​ក៏​គាត់​មិន​ខ្លាច​ដែរ ។

លោក ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​គ្រប់គ្រាន់​ជនជាប់ចោទ​ជា​ជីតា​រូប​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]