រាជធានី​ភ្នំពេញ ៖ លោក​ករុណា ពេជ្រ ជិត​លា​អាជីព​ចម្រៀង​ទាំងស្រុង​​ហើយ​នា​ពេល​ខាង​មុខក្រោយ​ពី​ចាប់​អាជីព​នេះ​រាប់​ឆ្នាំ​មក ។ លោក​ករុណា ពេជ្រ​ សម្រេចចិត្ត​ប្រកាស​បែប​នេះ ខណៈ​លោក​ទទួល​បាន​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោ​ន ។

លោក​ករុណា ពេជ្រ នា​ពេល ថ្មី​ៗ​កន្លង​មក​រៀបរាប់​ឱ្យ​ដឹង​ថា​ចាប់តាំងពី​លោក​អៀ វ​ឌ្ឍ​នា លាចាក​លោក​ទៅ ការងារ​ទាំង​ប៉ុន្មាន​របស់​ផលិតកម្ម​ថោ​ន លោក​ត្រូវ​ចំណាយពេល​ពីរ​ខែ​គត់​សម្រាប់​ធ្វើ​ឱ្យ​ហើយ​អស់ ។ ក្រៅពី​បន្តការងារ​ចាស់​របស់​លោក​អៀ វ​ឌ្ឍ​នា មានការ​ងារ ថ្មី​ៗ​មួយ​ចំនួន​ទៀត​ដែល​លោក​ករុណា ពេជ្រ រ៉ាប់រង​។

«​អ៊ី​ចឹ​ង​ហើយ​ទើប​ខ្ញុំ​ត្រូវ​រៀនសូត្រ​បណ្តើរ​ធ្វើ​បណ្តើរ អនុវត្ត ភ្លាម​ៗ ក្នុង​តួនាទី​នេះ​ដោយ​មាន​រៀមច្បង​នានា ជួយ​ជា​យោបល់ ជា​គំនិត​ឱ្យ​ខ្ញុំ​ធ្វើ​ផង​ដែរ ដោយ​ខ្ញុំ​ត្រូវ​តែ​រ៉ាប់រង​ប្រកា​រទាំង​អស់នេះ​ខ្លាំង​បំផុត ។ ម្ល៉ោះហើយ​ពេល​ដែល​ខ្ញុំ​ចាប់​យកមុខ​របរ​ថ្មី​នេះ ការងារ​សិល្បៈ​របស់ខ្ញុំ​អាច​នឹង​បន្ថយ​ច្រើន​បំផុត ព្រោះ​បើ​និយាយ​ពី​សិល្បៈ​ខ្ញុំ​មានការ​ហត់នឿយ​ពេក ហើយ​ប្រឡូក​ក៏​ច្រើន​ឆ្នាំ ។ ណាមួយ​បានការ​ងារ​ថ្មី​នេះ​ក៏​មិន​នៅ​ឆ្ងាយ​ពី​សិល្បៈ ទើប​ខ្ញុំ​ចង់​ពង្រឹងសមត្ថភាព​ឱ្យ​ល្អ ។

ស្រប​ពេល​ដែល​ការ​ឱ្យ​តម្លៃ​តួនាទី​នេះ​ចំពោះ​ខ្ញុំ​គឺ​ខ្ញុំ​នៅ​មិន​ទាន់​ហ៊ាន​ទទួល​ទាំងស្រុង​នៅឡើយ ចង់ឱ្យ​គេ​មើលឃើញ​ពី​សមត្ថភាព​យើង​ធ្វើ​សិន មុន​នឹង​មានការ​ទទួលស្គាល់​» ។

ខណៈ​ទទួល​តំណែង​ថ្មី​នេះ​បទ​ចម្រៀង​ដែល​លោក​ករុណា ពេជ្រ ត្រូវ​ច្រៀង​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​គឺ​លោក​ស្ទើរតែ​មិន​បាន​ច្រៀង​ដូច​ឆ្នាំ មុន​ៗ​ទេ មាន​តែ​មួយ​ទៅ​ពីរ​បទ​ប៉ុណ្ណោះ ដើម្បី​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ។

«​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​អាច​វិល​ចូល​សិល្បៈ​អំឡុង​ពេល​ណា​នោះ​ទេ បើ​ឥឡូវ​ឆ្លៀត​មិន​បាន ។ ការ​ឃ្លាត​ពី​ច្រៀង​មួយ​រយៈ​នេះ​មិនមែន​មក​ពី​បាន​ថ្មី​ចោល​ចាស់​នោះ​ទេ នេះ​មក​ពី​ការងារ​ដែល​មាន​ត្រូវ​បន្ត​ការ​មើល​ខុស​ត្រូវ​ខ្ពស់​មិន​អាច​ចែកពេល​វេលា​បាន ។ បើ​ងាក​ទៅ​ច្រៀង​ពេល​ខ្លះ​តាម​ខេត្ត​ជិត​ឆ្ងាយ​ខកពេល​មិន​អាច​ធ្វើការ​បាន​ដូច្នេះ​មាន​តែ​ចាប់​មួយ​ឱ្យ​ច្បាស់​សិន ។ ក្នុង​ចិត្ត​របស់ខ្ញុំ​នៅ​តែ​នឹករលឹក​សិល្បៈ នឹក​គុណ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​គាំទ្រ​ការ​ច្រៀង ការ​សម្តែង​របស់ខ្ញុំ​តាំងពី​ដើម​រហូត​មក បើ​មាន​ពេលវេលា​ល្អ​ខ្ញុំ​អាច​មក​ច្រៀង​លើ​ឆាក​តន្ត្រី​នានា​ឡើង​វិញ​ជាក់​ជា​មិន​ខាន ។ យ៉ាងណា​ក្តី​ក៏​ខ្ញុំ​នៅ​មិន​ឆ្ងាយ​សិល្បៈ​ព្រោះ​ការងារ​ថ្មី​ក៏​សិល្បៈ ។ បន្ថែម​ពីលើ​នេះ​ខ្ញុំ​ក៏​ទទួល​រៀបចំ​កម្មវិធី​ជប់លៀង​តាម​ពិធី ផ្សេង​ៗ​ទាំង​មង្គលការ ខួបកំណើត មាន​ភ្លេង​មាន​តារាចម្រៀង ល្បី​ៗ​ចូលរួម មាន​ទាំង​រចនា​ផ្កា​ស្រស់​បម្រើ​ជូន​ម្ចាស់​ដើមការ​មិន​ឱ្យ​ខកចិត្ត ដែល​ពេល​នេះ​រឹតតែ​មមាញឹក​ជាមួយ​ការងារ​ខាងក្រៅ​ផង​ដែរ​» ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា៖ ករុណា ពេជ្រ មាន​ឱកាស​ចេញ​ទៅ​សម្ដែង​ នៅ​ទឹក​ដី​សម្បូរ​ដុល្លារ ខណៈ​អ្នក​សិល្ប៤​នាក់​ទៀត ជួប​រឿង​ស៊យ​ធំ

(ភ្នំពេញ)៖ ការចេញទៅសម្ដែង នៅក្រៅប្រទេសក្នុងរដូវវស្សានេះ ជារឿងពេញនិយមបំផុត សម្រាប់សិល្បករ​ខ្មែរ ព្រោះក្នុងរដូវនេះ ក្នុងប្រទេសកម្ពុជា មិនសូវមានកម្មវិធីចេញ​សម្ដែងច្រើនឡើយ ពោលអ្នកសិល្បៈតែងតែនិយាយថា គឺជារដូវដេកស៊ីលុយចាស់។ ដូចនេះ ទើបតារាម្នាក់ៗ រូតរះចង់ចេញក្រៅ ដើម្បីកើបលុយក្នុងរដូវភ្លៀកធ្លាក់នេះ។ ថ្មីៗនេះ អ្នកសិល្បៈរបស់កម្ពុជា ចំនួន៥នាក់ទៀត ត្រូវចេញទៅសម្ដែងនៅទឹកដីមហាសេដ្ឋកិច្ច សម្បូរដុល្លារ គឺអាមេរិក ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ ក្នុងចំណោមពួកគេទាំង៥នាក់ គឺឆ្លងកាត់ការសម្ភាសន៍ជាប់តែម្នាក់ប៉ុណ្ណោះ ចំណែក៤នាក់ទៀត បែរជាត្រូវធ្លាក់ខកខានចេញទៅកើបប្រាក់ទាំងអស់។

តារាសិល្បៈខ្មែរចំនួន៥ដួង មានដូចជា លោក ករុណា ពេជ្រ, លោក អាន គុណកូឡា ,លោក ម៉ៅ ហាជី ,កញ្ញា សុវត្ថិ​ឌី ធារីកា ​និងនិងតារាចម្រៀង អ្នកនាង សុន សន្យា ហើយក្នុងចំណោមតារាចម្រៀងទាំង៥ ដួងនេះ គឺមានតែ លោក ករុណា ពេជ្រ ម្នាក់គត់ ដែលអាចសម្ភាសន៍ជាប់ នៅស្ថានទូតអាមេរិក កាលពីពេលថ្មីៗនេះ ហើយក្រៅពីនោះ តារាចម្រៀងបួនរូបទៀតធ្លាក់លឺសូរតែក្ដុក តែម្ដង។

ប្រភពជិតដិត នឹងតារាចម្រៀងទាំងនោះ បាននិយាយថា ជារឿងស៊យបំផុតស្ទើរតែមិនគួរឲ្យជឿ ដែលពួកគេទាំងបួននាក់ធ្លាក់ ហើយជាប់តែម្នាក់ ព្រោះឯកសារ​បានត្រៀមរួចរាល់ហើយ មិនមានអ្វីចោទជាបញ្ហាអ្វីឡើយ​។ តែប្រភពផ្សេងពីនោះ បានបង្ហើបថា ស្ថានទូតអាមេរិក បានរឹតបន្តឹងយ៉ាងខ្លាំង សម្រាប់សិល្បករ​ខ្មែរ ព្រោះកន្លងមកតារាមួយចំនួន បានចាកចេញហើយ មិនចង់ត្រឡប់មកវិញ តារាខ្លះរត់គេចកំឡុងពេលសម្ដែង និងបង្ករបញ្ហាច្រើន​។

ប្រភពដដែលបានបន្តថា មូលហេតុដែលលោក ករុណា ពេជ្រ ជាប់តែម្នាក់ឯង ព្រោះ​លោកមានភាពគួរឲ្យទុកចិត្តជាងគេ ថាលោកនឹងត្រឡប់មកវិញ ក្រោយចប់ការសម្ដែង ព្រោះ​មានវីឡាដ៏ស្កឹមស្កៃ ជិត៦០ម៉ឺនដុល្លារ នឹងការងារក្នុងស្រុកជាច្រើន ដែលប្រាកដណាស់ថា ​មិនចោលឆ្អឹងនៅអាមេរិកឡើយ។ យ៉ាងណាក្ដី ​ផ្ទុយពីនោះ គេសង្កេតឃើញ តារាចម្រៀងថ្មី លោក អៀម វណ្ណី បែរជាសម្ភាសន៍ជាប់នឹងត្រឡប់មកវិញរួចរាល់ ខណៈដែលលោកមិនមានអ្វីជាដុំកំភួនឡើយ នេះប្រហែលមកពីតារាបួននាក់ មិនបានរៀបចំឲ្យបានល្អ ទើបធ្លាក់ព្រាតដូចនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ