ប្រេស៊ីល៖ គ្រោះថ្នាក់ពិតជាមើលមិនឃើញមែន។ ជាក់ស្តែង ដូចករណីនេះ អាចចាត់ទុកបានថា  កម្រនឹងកើតមានមួយឡើង។ បុរសចំណាស់ម្នាក់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីមានសំបកកង់រថយន្តមួយគ្រឿង បានរមៀលយ៉ាងលឿនពីចម្ងាយ រួចហោះមកបុកចំពីក្រោយក្បាលរបស់គាត់ បណ្តាលឲ្យរងរបួសជាទម្ងន់។

បុរសរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះថា Roberto Carlos Fernandes មានវ័យ៥០ឆ្នាំ បានធ្វើដំណើរដោយថ្មើរជើង ជាមួយភរិយារបស់គាត់ នៅតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងតំបន់ Ipatinga ប្រទេសប្រេស៊ីល។

រូបភាពពីវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាព គេឃើញថា ខណៈកំពុងតែដើរជាមួយនឹងប្រពន្ធសុខៗសោះ រំពេចនោះស្រាប់តែមានសំបកកង់ របូតចេញពីរថយន្តមួយគ្រឿង រមៀលចេញពីចំណុចផ្លូវម្ខាងទៀត យ៉ាងលឿនស្លេវ រួចក៏ហោះមកបុកចំក្បាលរបស់បុរសរងគ្រោះ បណ្តាលឲ្យដួលផ្កាប់មុខទៅនឹងដី សន្លប់ស្ដូងស្តឹងបាត់មាត់បាត់.កតែម្តង។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបនេះត្រូវបានបង្ហោះ លើប្រព័ន្ធផ្សាយអ៊ីនធើណែត ដោយអ្នកកាសែតម្នាក់ គឺលោក Gil Souza ដែលបានយកចេញពីកាម៉េរាសុវត្ថិភាពហាងនៅក្បែរនោះ។

លោក Gil Souza និយាយថា ក្រោយកើតហេតុលោក Fernandes ត្រូវបានគេប្រញាប់ប្រញាល់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ បុរសរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ទ្រូងនិងលលាដ៏ក្បាល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ថានភាពរបស់គាត់នៅពេលនេះ រាងធូរស្បើយជាងមុនបន្តិចហើយ។ នេះគឺពិតជាហេតុការណ៍ដ៏ចម្លែកមួយ ដែលសំបកកង់រថយន្តនោះ អាចវាយប្រហារ ត្រូវចំក្បាលរបស់គាត់យ៉ាងដូចនេះ។

គូសបញ្ជាក់ដែរថា បច្ចុប្បន្នបុរសរងគ្រោះ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ Marcio Marcio Cunha ។  ក្រុមគ្រូពេទ្យ បានរុញបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដែលពេលនេះរូបលោកបានគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពួកគេនឹងត្រួតពិនិត្យមើលកាម៉េរាសុវត្ថិភាពឡើងវិញ ដើម្បីឲ្យដឹងពីតម្រុយកាន់តែច្បាស់ ថាតើសំបកកង់រថយន្តនោះ ចេញមកពីទីតាំងណាមួយឲ្យប្រាកដ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅតែមិនទាន់អាចរកតម្រុយបាននៅឡើយ ខណៈបច្ចុប្បន្ន ករណីមួយនេះនៅតែបន្តស្ថិតក្រោមការស៊ើបអង្កេត៕ 

ទស្សនាវីដេអូ៖

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

លោកតាល្អ! ផលិតរថយន្ត Lamborghini ពីសំណល់អេតចាយ ឲ្យចៅទុកជិះទៅរៀន

ចិន៖ រថយន្តជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយសម្រាប់មនុស្សទូទៅ ដើម្បីប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ រថយន្តត្រូវបានមនុស្សគ្រប់គ្នាប៉ងប្រាថា្នដើម្បីក្លាយជាម្ចាស់ ដោយសារវាអាចជួយឲ្យយើង ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ជាងការជិះម៉ូតូ។

យ៉ាងណាមិញ ខណៈដែលឡានជាមធ្យោបាយធ្វើដំណើរដ៏សំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ យើងក៏សង្កេតឃើញថាក្រុមហ៊ុនឡាននីមួយៗ បានប្រជែងគ្នាក្នុងការច្នៃរូបរាង និងគុណភាពរថយន្តទាំងនោះឲ្យមានភាពល្អឥតខ្ចោះ ដើម្បីទាក់ទាញអតិថិជនបាន។ ដោយឡែករថយន្តម៉ាក Lamborghini ត្រូវបានមនុស្សទូទៅថាជាប្រភេទរថយន្តទំនើប និងមានតម្លៃថ្លៃ ដែលមនុស្សទូទៅមិនមានលទ្ធភាពប្រើប្រាស់ឡើយ។

ផ្ទុយទៅវិញ បុរសជនជាតិចិន វ័យ៥៥ឆ្នាំម្នាក់ឈ្មោះ Guo Liangyun បានធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ជាមួយនឹងរថយន្តដែលគាត់បានផលិតសម្រាប់ឲ្យចៅរបស់គាត់ជិះទៅរៀន។

បុរសវ័យ ៥៥ឆ្នាំរូបនេះ បានផលិតរថយន្តដែលមានរូបរាងយកលំនាំតាមរថយន្តទំនើប Lamborghini ពីកាកសំណល់អេតចាយ ដែលមានដូចជាកំណាត់ដែក និងបំណែកក្រណាត់ផ្សេងៗមកផ្គុំគ្នា ឲ្យក្លាយជាឡានទំនើបសម្រាប់ចៅគាត់។ រថយន្តនេះដំណើរការដោយថាមពលអគ្គិសនី ដែលវាមានល្បឿនលឿនបំផុតប្រមាណ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរបាន ៦០គីឡូម៉ែត្រពេលមានអាគុយពេញ។

បុរសវ័យ ៥៥ឆ្នាំរូបនេះ បានផលិតរថយន្តនេះឡើងដោយសារតែគាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់ចៅៗគាត់ ពេលដែលពួកគេធ្វើដំណើរទៅសាលា ហើយគាត់ក៏បានបញ្ជាក់ទៀតថា ឡាននេះអាចធ្វើឲ្យគាត់មានភាពងាយស្រួលជាងមុន ដោយគាត់មិនចាំបាច់ភ័យថា ចៅតូចៗរបស់គាត់ធ្លាក់ពីលើម៉ូតូកូនទា ដែលគាត់ប្រើប្រាស់សម្រាប់ឌុបពួកគេ ដូចរាល់ដង។

ម្យ៉ាងវិញទៀត គាត់គ្មានលទ្ធភាពដើម្បីទិញរថយន្តឲ្យចៅគ្រប់ៗគ្នានោះទេ ដែលវាជាដើមហេតុដែលបណ្ដាលឲ្យគាត់ផលិតរថយន្តពីសំណល់របស់ចាស់ៗនេះឡើង ខណៈដែលក្នុរថយន្តមួយគ្រឿងគាត់ចំណាយប្រាក់ប្រមាណ ៥០០០យ័ន (ប្រហែល៧២៧ដុល្លារ) ដើម្បីផលិត ដែលពេលនេះគាត់ផលិតបានរថយន្តប្រភេទនេះ ៤គ្រឿងហើយ។

យ៉ាងណាមិញ ប៉ូលិសក្នុងខេត្ត Zhengzhou បានប្រាប់ថា រថយន្តនេះមិនមានលក្ខណៈស្របតាមបច្ចេកទេសទេ ខណៈដែលរថយន្តនេះគ្មានខ្សែក្រវ៉ាត់សុវត្ថិភាព ដែលវាមិនត្រូវបានអនុញ្ញាតឲ្យបើកបរលើផ្លូវឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]