ឪពុកគឺជាវីរបុរសមួយរូបនៅក្នុងដួងចិត្តរបស់កូនៗគ្រប់រូប។ ជាពិសេសឪពុកតែងតែជាគំរូដ៏ល្អសម្រាប់កូនប្រុសរបស់ខ្លួនជានិច្ច ហើយសម្តីរបស់ឪពុកក៏តែងតែមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើជីវិតរបស់កូនប្រុសផងដែរ។

ប៉ុន្តែមានឪពុកជាច្រើនមិនបានដឹងថា តើគួរបង្រៀនកូនប្រុសរបស់ខ្លួនយ៉ាងណាខ្លះនោះទេ ដើម្បីឱ្យគេក្លាយជាកូនប្រុសម្នាក់ដ៏ពេញលក្ខណៈ?

ជាការពិតការចិញ្ចឹមកូនគឺមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺត្រូវចំណាយការអត់ធ្មត់ និងចំណាយពេលវេលា ព្រមជាមួយនឹងសេចក្តីស្រលាញ់ដ៏អស្ចារ្យផងដែរ ដើម្បីចិញ្ចឹមគេឱ្យក្លាយទៅជាមនុស្សល្អម្នាក់នៅក្នុងគ្រួសារ ក៏ដូចជានៅក្នុងសង្គម។

ខាងក្រោមនេះគឺជាអ្វី ដែលឪពុកគ្រប់រូបគួរបង្រៀនកូនខ្លួនឱ្យបានប្រសើរបំផុត ប្រសិនបើអ្នកមានកូនប្រុស៖ 

១. បង្រៀនពីរបៀបចម្អិនអាហារ៖ ការចម្អិនអាហារ មិនគ្រាន់តែអាចចិញ្ចឹមខ្លួនគេបានប៉ុណ្ណោះទេ ប៉ុន្តែឪពុកគ្រប់រូបគួរតែបបួលកូនប្រុសរបស់ខ្លួនឱ្យចូលផ្ទះបាយធ្វើម្ហូបតាំងពីអាយុប្រមាណ១៤ឆ្នាំមក ពីព្រោះអាហារដែលធ្វើឡើងដោយខ្លួនឯងវាមានធានាអនាម័យ និងជួយធ្វើឱ្យរាងកាយមានសុខភាពល្អថែមទៀតផង ។

២. បង្រៀនពីវិធីកោរពុកមាត់ ពុកចង្កា៖ ពុកចង្ការអាចជារបស់គួរឱ្យទាក់ទាញមួយនៅលើផ្ទៃមុខ ប៉ុន្តែបើវាដុះឡើងច្រើនពេកក៏អាចធ្វើឱ្យមើលទៅមានភាពមិនសមរម្យផងដែរ។ ក្រៅពីនេះវាក៏អាចបង្កជាផលប៉ះពាល់ដល់ស្បែកមុខទៀតផង ដូច្នេះគួរបង្រៀនកូនប្រុសឱ្យចេះកោរវាចេញដោយខ្លួនឯង គឺជាការប្រសើរ។

៣. បង្រៀនឱ្យប្រើកាំបិត៖ កាំបិតគឺជាឧករណ៍ដ៏មានប្រយោជន៍មួយ ដែលអាចប្រើនៅក្នុងផ្ទះបាយ នៅក្នុងព្រៃ និងប្រើការជាទូទៅ ជាពិសេសនៅក្នុងពេលចាំបាច់ ឬមានអាសន្ន ដូចជាពេលត្រូវវង្វេងចូលទៅក្នុងព្រៃ ឬជួបសត្វសាហាវៗមកយាយីជាដើម គឺអាចប្រើវាជាវត្ថុសម្រាប់ការពារខ្លួនបានយ៉ាងល្អ។ 

៤. បង្រៀនឱ្យយល់ដឹងពាក់ព័ន្ធនឹងការផឹកស៊ី៖ គ្រប់គ្នាសុទ្ធតែមានដែនកំណត់របស់ខ្លួន ឪពុកម្តាយគួរបង្រៀនកូនពីចំណុចនេះ។ នៅសហរដ្ឋអាមេរិក ជាមធ្យមមានអ្នកស្លាប់១នាក់ជារៀងរាល់ថ្ងៃដោយសារគ្រឿងស្រវឹង។ ដូច្នេះគួរពន្យល់កូនប្រុសរបស់អ្នក ឱ្យដឹងពីផងប៉ះពាល់ និងគ្រោះថ្នាក់របស់ស្រា ដោយបង្រៀនឱ្យគេមានទំនួលខុសត្រូវខ្ពស់ ជាជាងការហាមប្រាម ដាច់អហង្ការពេក។

៥. បង្រៀនឱ្យមានរបៀបរៀបរយ៖ កិរិយាមារយាទសមរម្យល្អ គឺជាចំណុចមួយដែលគួរឱ្យទាកទាញសម្រាប់បុរស។ ឪពុកម្តាយគួរបង្រៀនអំពីរបៀបក្នុងការនិយាយនៅទីសាធារណៈ បង្រៀនពីការបរិភោគអាហារ និងបង្រៀនពីរបៀបក្នុងការគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដើម្បីទទួលបានជោគជ័យទាំងក្នុងការងារ និងផ្នែកខាងទំនាក់ទំនងសង្គម។

៦. បង្រៀនពីវិធីបង្កាត់ភ្លើង៖ ភ្លើងជាធាតុចាំបាច់នៅក្នុងជីវិតរស់នៅរបស់មនុស្ស។ យើងមិនអាចដឹងមុនបានទេថា ថ្ងៃណាមួយកូនអាចចូលទៅក្នុងព្រៃ ឬធ្លាក់ក្នុងសភាពគ្រោះភ័យណាមួយនោះ វិធីបង្កើតភ្លើងអាចជួយខ្លួនគេឱ្យរួចផុតពីគ្រោះថ្នាក់នានាបាន។

៧. បង្រៀនឱ្យចេះតស៊ូ៖ មិនគ្រាន់តែបង្រៀនឱ្យកូនប្រុសយកឈ្នះគូសត្រូវប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្រៀនកូនប្រុសឱ្យយល់ពីវិធីគ្រប់គ្រងអារម្មណ៍ផងដែរ និងវិធីជំនះគ្រប់ស្ថានការណ៍ មិនថាជាការចរចាគ្នា ឬការងារដែលត្រូវប្រើកម្លាំងបាយត្រូវចេះតស៊ូ អត់ធន់ជំនះឱ្យបានដើម្បីទទួលភាពជោគជ័យ។

៨. បង្រៀនរបៀបធ្វើគ្រឿងសង្ហារឹម៖ គ្រឿងសង្ហារឹម និងគ្រឿងលំអតុបតែងគេហដ្ឋានមួយចំនួននាពេលបច្ចុប្បន្ននេះ ពិតជាតម្លៃខ្ពស់ខ្លាំងណាស់ ដូច្នេះការមានជំនាញ ឬការធ្វើគ្រឿងសង្ហារឹមតុបតែងលំអគេហដ្ឋានដោយខ្លួនឯង គឺមានប្រយោជន៍ និងចំណេញថវិកាខ្លាំងណាស់ ជាពិសេសពេលវេលានៃការច្នៃបង្កើតវត្ថុទាំងនោះ នឹងធ្វើឱ្យឪពុក និងកូន ឬសមាជិកនៅក្នុងក្រុមគ្រួសារផ្សេងៗទៀត បានស្និទ្ធស្នាលជាមួយគ្នាបង្កើនទំនាក់ទំនងកាន់តែល្អផងដែរ។

៩. បង្រៀនឱ្យចេះសម្អាតបន្ទប់ និងផ្ទះ៖ មនុស្សមួយចំនួនធំពិតជាគិតថា បន្ទប់គេង និងផ្ទះរបស់មនុស្សប្រុសច្បាស់ជាកខ្វក់ ថែមទាំងស្មោគគ្រោកយ៉ាងខ្លាំងជាមិនខាន ព្រោះប្រុសៗតែងគិតថាវាជាការងាររបស់មនុស្សស្រី។ ប៉ុន្តែបើបន្ទប់គេង និងផ្ទះរបស់មនុស្សប្រុសស្អាតមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ វានឹងបង្ហាញពីភាពចេះទទួលខុសត្រូវរបស់មនុស្សប្រុស ព្រមទាំងបង្កើតមន្តស្នេហ៍ឱ្យមនុស្សស្រីចូលចិត្តយ៉ាងខ្លាំងផងដែរ។

១០. បង្រៀនឱ្យចេះជួសជុលបន្ទប់ទឹក ឬផ្ទះបាយ៖ គ្មានអ្វីដែលប្រសើរជាងការដែលកូនប្រុសអាចជួសជុលសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះបាននោះទេ ព្រោះក្រៅពីអាចជួយសន្សំសំចៃប្រាក់កាសនៅក្នុងចំណាយជួលជាងពីខាងក្រៅមកហើយ ថែមទាំងអាចឱ្យកូនប្រុសមានជំនាញជាប់ខ្លួនបានយ៉ាងល្អ។

១១. បង្រៀនឱ្យស្គាល់ពីការគោរព៖ មិនថាមនុស្ស ឬសត្វទេតែងតែមានគុណសម្បត្តិរបស់ខ្លួនតែរៀងៗខ្លួន ដូច្នេះត្រូវបង្រៀនកូនប្រុសឱ្យមានភាពជាសុភាពបុរសនៅក្នុងខ្លួន និងចេះគោរពឱ្យតម្លៃទៅដល់អ្នកដែលនៅជុំវិញខ្លួនជានិច្ច មិនថាស្ថិតនៅក្នុងស្ថានការណ៍ ឬកាលៈទេសៈបែបណាក៏ដោយ ក៏មិនត្រូវជាន់ឈ្លីទឹកចិត្ត ឬរាងកាយរបស់អ្នកដទៃ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននោះទេ។

១២. បង្រៀនឱ្យចេះបើកបរ៖ ការបើកបរគឺជាជំនាញដ៏សំខាន់ដែលកូនប្រុសមិនអាចខ្វះបាននៅក្នុងជីវិតរស់នៅបច្ចុប្បន្ននេះ។ ដូច្នេះឪពុកគ្រប់រូបគួរបង្រៀនកូនប្រុសខ្លួនចេះបើកឡាន ឬចេះបើកយានជំនិះផ្សេងៗ នៅពេលដែលគេមានអាយុប្រហែល១៦ឬ១៧ឆ្នាំ ព្រមទាំងរឿងដែលទាក់ទងជាច្រើនយ៉ាងទៀតដល់គេ ដូចជាការជួសជុលគ្រឿងបន្លាស់ ឬការរក្សាសុវត្ថិភាពពេលបើកបរជាដើម។

១៣. បង្រៀនឱ្យចេះធ្វើសួន៖ ការដាំដើមឈើ ដាំដើមផ្កា ឬធ្វើសួនច្បារនៅផ្ទះ ក្រៅពីអាចលំអគេហដ្ឋានយើងឱ្យបានស្អាតហើយ ក៏អាចបានលំហែរអារម្មណ៍ លំហែខួរក្បាល និងជាការហាត់ប្រាណបានយ៉ាងល្អផងដែរ។ ក្រៅពីនេះប្រសិនជាមានការដាំបន្លែបន្ថែមទៀត អាចឱ្យយើងចំណេញបានអាហារដ៏ល្អ ព្រមទាំងថវិកា និងសុខភាពផងដែរ។

១៤. បង្រៀនឱ្យចេះដោះស្រាយបញ្ហា និងមានក្តីសង្ឃឹមជានិច្ច៖ រវាង«មនុស្សប្រុស» និង «ក្មេងប្រុស» គឺមានភាពខុសគ្នាដាច់។ មានមនុស្សខ្លះធំពេញវ័យហើយ តែនៅធ្វើខ្លួនជាកូនក្មេងទៀត និងធ្វើឱ្យអ្នកផ្សេងរងគ្រោះ ឬលំបាកដោយសារតែខ្លួន។ ដូច្នេះគួរបង្រៀនកូនប្រុសអ្នកឱ្យចេះគ្រប់គ្រងអារម្មណ៍ និងរៀនដោះស្រាយបញ្ហានៅនឹងមុខដែលបានជួបប្រទះ ទោះស្ថិតនៅក្នុងស្ថានការណ៍បែបណាក៏ដោយ និងចៀសវាងដាច់ខាតចំពោះភាពអស់សង្ឃឹម គឺត្រូវមានក្តីសង្ឃឹមជាប់ជានិច្ច។ 

ក្រៅពីនេះក៏នៅមានចំណុចគ្រឹះសំខាន់ៗដែលកូនប្រុសមិនអាចខ្វះបានរួមមានដូចជា៖

• ភាពជាសុភាពបុរស៖ ចេះគោរពឱ្យតម្លៃស្ត្រី ផ្តល់កិត្តិយសឱ្យមនុស្សនៅជុំវិញខ្លួន។

• រក្សាកិត្តិយសជូនឪពុកម្តាយ៖ មិនធ្វើឱ្យគាត់បាក់មុខ ឬខូចឈ្មោះដោយសារតែខ្លួន។

• ជាបុរសដែលមានចិត្តស្មោះ៖ ស្មោះត្រង់មិនចេះនិយាយកុហកភូតភរ។

• មានទំនួលខុសត្រូវខ្ពស់៖ ហ៊ាននិយាយ ហ៊ានធ្វើ និងចេះទទួលស្គាល់កំហុសខ្លួន។

• ពូកែធ្វើការងារ៖  ការងារគឺជាធាតុចាំបាច់សម្រាប់ជីវិត ការងារបង្រៀនឱ្យមនុស្សចេះ លត់ដំខ្លួន។ ការងារខ្លះអាចមិនល្អសម្រាប់សុខភាពរាងកាយប៉ុន្មានទេ ប៉ុន្តែវាអាចធ្វើឱ្យយើងមានសុខភាពផ្លូវចិត្ត និងមានគំនិតរីកលូតលាស់ល្អ។ បុរសដែលពូកែធ្វើការគឺជាបុរសម្នាក់ដែលគ្រប់គ្នានៅជុំវិញខ្លួនផ្តល់តម្លៃឱ្យ និងលើកស្ទួយជានិច្ច៕

តើអ្នកវិញ បានបង្រៀនកូនប្រុសរបស់អ្នក នូវចំណុចទាំងនេះហើយឬនៅ?

ប្រភព៖ pulptasticmarkmerrill

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]