(ភ្នំពេញ)៖ បន្ទាប់ពីតារាសម្ដែង ទទួលបានប្រជាប្រិយភាពស្ទុះឡើងខ្លាំង កាលពីឆ្នាំ២០១៦ អ្នកនាង សុខ សោម៉ាវត្តី បានប្រកាសជាផ្លូវការនៅដើមឆ្នាំ ២០១៧នេះថា នាងសុំសម្រេចចិត្តផ្អាកការសម្ដែងមួយរយៈធំ ព្រោះតែនឿយហត់ពេក និងចង់ទុកឱកាសឲ្យក្មេងៗ ស្រករក្រោយបានសាងស្នាដៃរួចមក បានធ្វើឲ្យមានពាក្យចោទប្រកាន់ ពីសំណាក់ផលិតករមួយចំនួនថា ការប្រកាសគួរឲ្យភ្ញាក់ផ្អើលបែបនេះ គឺគ្រាន់តែជាលេសមួយ ដើម្បីទាមទារឡើងតម្លៃខ្លួន តែប៉ុណ្ណោះ ខណៈដែលមានផលិតកម្មខ្លះ ហ៊ានឲ្យតម្លៃខ្លួននាងខ្ពស់ គឺគេឃើញ សុខ សោម៉ាវត្តី នៅតែសម្ដែងដដែល ពោលមិនបានផ្អាក ដូចការលើកឡើងរបស់នាងទេ។

តារាសម្ដែងមានចរិតបែបក្រម៉ិចក្រម៉ើម គួរឲ្យស្រឡាញ់ អ្នកនាង សុខ សោម៉ាវត្តី បានសម្ដែងការខកចិត្ត ចំពោះការលើកឡើងបែបនេះ ហើយបានធ្វើការច្រានចោលភ្លាមៗ ដោយបានហៅការចោទប្រកាន់នោះថា គ្មានការពិត ហើយមិនបានដឹងច្បាស់ ពីដំណើរសិល្បៈរបស់នាង នាពេលបច្ចុប្បន្ននេះ។ ស្រីស្រស់កូនមួយ សុខ សោម៉ាវត្តី មានពន្យល់ថា ភាពយន្តមួយចំនួន ដែលនៅបន្តឃើញវត្តមានរបស់នាងសម្ដែង រហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែនាងបានជាប់កិច្ចសន្យា និងបានជាប់ពាក្យជាប់សម្ដី ជាមួយគ្នាថា ជួយសម្ដែងឲ្យចប់ចុងចប់ដើម ពោលបើនាងប្រកាសថា ឈប់ ហើយឈប់ភ្លាម នោះនឹងធ្វើឲ្យខូចសាច់រឿងរបស់គេ ព្រោះមិនអាចរកតួណាមួយ មកជំនួសនាងបានឡើយ។

មួយវិញទៀត មានរឿងខ្លះត្រូវបន្តដល់វគ្គទី២ ដូច្នេះបើវគ្គ ទី១ នាងត្រូវបានផលិតករឲ្យសម្ដែងជាតួឯក នៅវគ្គទី២ ក៏តម្រូវឲ្យនាងសម្ដែងជាតួឯកដដែលដូចគ្នា។ ដូចនេះ បើនាងមិនទទួលយក ហើយសុំឈប់សម្ដែង តើនាងត្រូវប្រឈមមុខជាមួយនឹង ផលិតករនោះបែបណា?

សុខ សោម៉ាវត្តី បានប្រាប់ Khmertalking ឲ្យដឹងថា «ច៎ាបង..! ខ្ញុំដឹងហើយថា នរណាជាអ្នកនិយាយ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ការសម្រេចចិត្តសុំផ្អាកការសម្ដែងមួយរយៈ របស់ខ្ញុំមិនមែនជាលេស ដើម្បីសុំឡើងតម្លៃខ្លួនអ្វីនោះទេ គឺមូលហេតុដែលខ្ញុំ នៅបន្តសម្ដែងរាល់ថ្ងៃនេះ ដោយសារតែមានផលិតករមួយចំនួន ខ្ញុំបានសន្យាជាមួយគាត់ថា នឹងសម្ដែងជូនរឿងរបស់គាត់ឲ្យចប់ ហើយរឿងខ្លះមានដល់ទៅ២វគ្គ ពេលវគ្គទី១មានខ្ញុំ វគ្គទី២ក៏ត្រូវតែមានខ្ញុំ តើឲ្យគាត់ទៅរកតួឯណាមកជំនួសខ្ញុំ បើខ្ញុំថាឈប់?»។

តារាសម្ដែង ដែលកំពុងតែជាប់មន្ទិលសង្ស័យថា លែងលះប្ដីរួចរាល់ អ្នកនាង សុខ សោម៉ាវត្តី បានបន្តទៀតថា ក្នុងដំណាក់កាលដែលនាងប្រកាស សុំផ្អាកសម្ដែង គឺនាងនៅចាប់កិច្ចសន្យា ថតឲ្យផលិតកម្មមួយចំនួន និងច្រើនរឿងទៀត ពោលកាតព្វកិច្ចនេះ នាងត្រូវតែបំពេញ បើពុំដូច្នោះទេ នាងនឹងត្រូវប្រឈមមុខ ក្បត់ពាក្យសន្យា ហើយប្រជាប្រិយភាព ក៏ត្រូវធ្លាក់ដុនដាប ក្រោមហេតុផលគ្មានជំនឿចិត្តទៅលើនាង ពីសំណាក់ផលិតករនានា៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានតារាមួយផ្សេងទៀត៖ ម៉េង កេវពេជ្ជតា ត្រូវ​​បាន​​លោក​ យឹម​ តាស្រង់ ទូរ​ស័ព្ទ​​សុំ​ទោស ក្នុង​​រឿង​ចម្លង​​បទ​ចម្រៀង​​របស់​​ខ្លួន មិន​​​គោ​​រព​កម្ម​​សិទ្ធ​ ខណៈ​​នាង​​ផ្ទុះ​​កំហឹង​​នឹង​​អ្នក​​បញ្ចេញ​យោ​បល់

(ភ្នំពេញ)៖ បន្ទាប់ពីមានប្រតិកម្មធ្ងន់ ចំពោះផលិតកម្ម ថោន ដែលបានយកបទចម្រៀង របស់អ្នកនាង ម៉េង កេវពេជ្ជតា មានចំណងជើងថា «រាំវងអន្លង់រមៀត» យកទៅច្រៀងសារជាថ្មី ហើយមិនបានគោរពកម្មសិទ្ធបញ្ញារួចមក លោក យឹម តាស្រង់ ដែលជាកវីនិពន្ធដ៏ល្បី និងជាតំណាងរបស់ផលិតកម្ម ថោន បានទូរស័ព្ទសុំទោស ដល់តារាចម្រៀង ម៉េង កែវពេជ្ជតា ដោយទទួលស្គាល់កំហុសនេះ និងសូមឲ្យមានការយោគយល់គ្នា រួចធ្វើការកែតម្រូវឡើងវិញ។ ប៉ុន្តែជាមួយគ្នានេះ អ្នកនាង ម៉េង កេវពេជ្ជតា បែរជាផ្ទុះកំហឹងនឹងអ្នកបញ្ចេញមតិម្នាក់ រហូតបញ្ចេញសារដ៏វែងអន្លាយមួយបកស្រាយទៅវិញ។

អ្នកនាង ម៉េង កេវពេជ្ជតា បានសរសេរថា «ម្តងនេះអានទាល់តែស្ងួតករ ពេលខ្លួនចេញចម្រៀងមួយបទៗ ចេះដាក់ឈ្មោះ អ្នកនិពន្ធទំនុក បទភ្លេង អ្នកចម្រៀង រៀបរាប់ភ្ជាប់ឈ្មោះ តាំងពីកន្លុកកន្លៀតកៀនកោះ អស់សាច់ស្ទើរគ្មានកន្លែងដាក់ នោះត្រឹមតែជាបទចម្លងពីបរទេសផង តែហេតុអីបទ ” រាំវង់នៅអន្លង់រមៀតនេះ ” ដែលគ្រប់គ្នាដឹងហើយស្គាល់ហើយថា អ្នកណាខ្លះជាម្ចាស់ស្នាដៃ ម្តេចក៏អ្នកមិនដាក់ឈ្មោះឲ្យគេ តែបែរជានិយាយបែបរវើរវាយថា “មិនប្រាកដពីសាវតាអ្នករៀបរៀង មិនហ៊ានដាក់ផ្តេសផ្តាស ទើបប្រើពាក្យថាមរតកដើម ” ចុះបើមិនដឹងម៉េច មិនមកសួរគេអ្នកដឹង ? អ្នកច្រៀង អ្នកភ្លេង អ្នកនិពន្ធនៅជ្រងោរទេតើ !!! បើមិនស្គាល់សាវតាអ្នកនិពន្ធ ចុះពេលយកបទបរទេសមកចម្លង ធ្វើអាជីវកម្ម ម្តេចមិនដាក់ថា ជាបទបរទេស បទចិន បទ.. ស្អីផងទៅ ម្តេចចាំបាច់ដណ្តើមគ្នា ធ្វើម្ចាស់កម្មសិទ្ធធ្វើអី ? ដៀលគេអគតិ ដៀលគេកញ្ចាស់ ដៀលគេពួកប៊ីចេង ដេញគេឲ្យទៅរៀនពីថ្នាក់ទីមួយ នេះជាការប្រមាថហើយ ! សួរថាខាងណុង ( នោះ ) សំបូរអ្នកចេះដឹងណាស់មែនទេ ? រួចបើចេះដឹងច្រើនម្លឹងៗ ម្តេចក៍មិនធ្វើអ្វីខ្លួនឯងទៅ ម្តេចមកឃ្លានតែរបស់គេធ្វើអី?»

អ្នកនាង ម៉េង កេវពេជ្ជតា បានបន្តទៀតថា «ម្តេចមកដណ្តើមរបស់មានជាតិប៊ីចេង របស់មនុស្សចាស់ស្រែៗ នេះធ្វើអី ? ហើយខ្លួននោះ ក្មេងជាងគេប៉ុណ្ណាដែរទៅ បើស្បែកយាររត់ចូលក្លីនិក តែរហូតហ្នឹង ? ដល់ពេលម្ចាស់គេតវ៉ា ក៏តាំងចោទថាគេទើស ថាគេវាយប្រហារខ្លួន ដើម្បីឲ្យខ្ពស់មុខ?? រួចចុះអ្នកវិញចង់បានស្អីដែរ ដែលដឹងហើយស្គាល់ច្បាស់ហើយគេជាម្ចាស់ តែធ្វើមិនដឹង មិនឲ្យតម្លៃគេ មិនដាក់ឈ្មោះគេ មិនអរគុណគេ តើទាំងនេះជាចេតនា ចង់បំបាត់ជាន់ពន្លិចគេខ្លាចគេ មានគុណសម្បត្តិ ឬមួយក៏ខ្លាចខ្លួនឯងអន់ ? តាំងខ្លួនអ្នកមិនភ្លាវ តែនិយាយដូចមនុស្ស មមើមាយក្នុងដំណេក គ្មានមូលដ្ឋានច្បាស់លាស់សោះ ពេញមួយអត្ថបទ តើពាក្យមិនប្រាកដមានប៉ុន្មានពាក្យ ? ពាក្យ មិនប្រាកដ គឺចាប់ពីហើបមាត់ផ្តើមសេចក្តី ដល់តួសេចក្តី រហូតសេចក្តីបញ្ចប់ សុទ្ធតែ មិនប្រាកដ រហូត !!! តើនណាដែលត្រូវគេសើច ? ហើយតើគួរឲ្យអស់ សំណើចទេ ដែលចេញបទចម្រៀងមួយទាំងមូល ប្រើពាក្យ មិនប្រាកដ គ្មានក្បាលគ្មានកន្ទុយបែបនេះ តើនេះជាជំនាញអ្នកចេះដឹងឬ ? បើចេះដឹងតើអ្នកស្គាល់ទេ កម្មសិទ្ធបញ្ញា ? ?

តារាចម្រៀង សំឡេងរៃកណ្ដឹង ម៉េង កេវពេជ្ជតា បានបន្តទៀតថា «ចង់ប្រាប់ទៅម្ចាស់ status ថា អត្ថបទនេះ មិនបានជួយអ្វីដល់ខ្លួន អ្នកឬក៏ទ្រនំរបស់អ្នកទេ មានតែបង្ករហានិភ័យ ។ បើសូមទោស ឲ្យប្រាកដជាសូមទោស គ្មាននណាបង្ខំអ្នកទេ ប៉ុន្តែកុំអាងតែសូមទោសរួចលួចមកផ្លុំភ្លើង លួចចាក់ពីក្រោយខ្នងនោះ មិនក្លាហានឡើយ។

បើមិនជឿកុំប្រមាថ។ បញ្ជាក់ : អត្ថបទនេះ ខ្ញុំតបទៅ លោកម្ចាស់ account នេះប៉ុណ្ណោះ មិនបានសំដៅលើអ្នកដែល ដឹងខុសនោះទេ។ ព្រោះថាអ្នកសូមទោស ចេះតែសូមទោស ឯអ្នកជេរ នៅតែជេរទៅ ដូច្នេះហើយទើបមានអត្ថបទ នេះកើតឡើង (ពីម្សិល លោក យឹម តាស្រង់ ខលមកសូមទោសខ្ញុំម៉ោង ៣ រសៀល តែអ្នកជេរខ្ញុំនេះ នៅម៉ោង៩ យប់។ ម្ចាស់អាខោន នៅមានពាក្យមិនសន្ទនាគ្នាជាមួយមិត្តគាត់ ចំអកមើលងាយខ្ញុំជាច្រើនទៀត តែខ្ញុំមិនបង្ហាញពេលនេះទេ បើគ្មានករណីចាំបាច់ ។ បើចង់ឲ្យស្ងាត់ សូមស្ងាត់ដូចគ្នា តែបើមិនស្ងាត់ទេ ខ្ញុំក៏រីករាយកំដរតាមការគួរ ។ ចង់ប្រាប់ថា អ្វីៗដែលខ្ញុំធ្វើ ខ្ញុំតវ៉ាទាំងពេលនេះ និងកន្លងមក បំណងតែមួយគត់ គឺចង់អោយសិល្បៈវប្បធម៌មានតម្លៃ ទាំងគុណភាព និងសីលធម៌ សូមអគុណ សូមស្លេះយោបល់សិន !»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី