ភ្នំពេញ៖ ពាក្យចាស់លោកតែងពោលថា “ជីវិត គឺជាការតស៊ូ” និង “ចេះប្រាកដ ប្រាក់រត់តាមហៅ”។ បើទោះជាប្រយោគទាំងពីរនេះត្រូវបានគេនិយាយតគ្នាជាយូរមកហើយក៏ដោយ ប៉ុន្តែវានៅតែមានឥទ្ធិពល និងឆ្លុះបញ្ចាំងពីជីវិតនៅក្នុងសង្គមរហូតមកដល់សព្វថ្ងៃ។

យ៉ាងណាមឹញ យុវជន ឈន វិច្ឆិកា គឺជាឧទាហរណ៍ស្រាប់ សម្រាប់ប្រយោគទាំងពីរនេះ ដោយរូបគេបានឆ្លងកាត់នូវការតស៊ូ ព្យាយាមយ៉ាងច្រើន ទម្រាំទទួលបានជោកជ័យដូចសព្វ ដោយមុនដំបូងរូមគេត្រឹងតែជាអ្នករត់តុម្នាក់ប៉ុណ្ណោះ។ ដោយឃើញពីភាពតស៊ូបែបនេះ ក្រុមការងារ ខ្មែរឡូត ក៏បានធ្វើការជួបសម្ភាសផ្ទាល់ជាមួយយុវជន វិច្ឆិកា ដើម្បីឲ្យដឹងកាន់តែច្បាស់ថា គាត់មានការតស៊ូ ព្យាយាមយ៉ាងណាខ្លះ។

យុវជន ឈន វិច្ឆិកា គឺជាកូនទី១ ក្នុងចំណោមកូន ០៦នាក់ របស់គ្រួសារអ្នកខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្នយុវជនរូបនេះ មានអាយុ២៣ឆ្នាំ និងកំពុងបន្តការសិក្សានៅក្នុងវិទ្យាស្ថានស៊ីតិច។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ កាលពីឆ្នាំ២០១១ វិច្ឆិកា ត្រូវមកបន្តការសិក្សាក្នុងរាជធានីភ្នំពេញ ដោយពេលនោះរូបគេបានស្នាក់នៅផ្ទះជួលជាមួយលោកពូរបស់គេ ប៉ុន្តែមិនមែននៅដោយ Free Free  (មិនគិតថ្លៃ) នោះទេ គឺ វិច្ឆិកា ត្រូវជួយបង់ថ្ងៃផ្ទះជារៀងរាល់ខែផងដែរ។ 

ជារៀងរាល់ថ្ងៃ វិច្ឆិកា ទទួលបានប្រាក់ប្រមាណ ២០០០រៀល សម្រាប់ការចំណាយប្រចាំថ្ងៃ ពីពូរបស់គេ ហើយដោយសារស្ថានភាពគ្រួសារមិនសូវធូរធា រូបគេក៏ត្រូវស្វែងរកការងារធ្វើ ដើម្បីទទួលបានប្រាក់បន្ថែម សម្រាប់ផ្គត់ផ្គង់ការចាយវាយជាប្រចាំ។ ការងារដំបូងដែល វិច្ឆិកា ទទួលបានគឺជា អ្នករត់តុនៅហាងសាច់អាំងមួយកន្លែង ដោយទទួលបានប្រាក់ខែប្រមាណ ៣៨ដុល្លារ ប៉ុន្តែរូបគេត្រូវដកប្រាក់ ប្រមាណ ១៥ដុល្លារ ដើម្បីជួយចេញថ្ងៃបន្ទប់ជួលពូ របស់គេ។

វិច្ឆិកា ធ្វើការនៅទីនោះបានរយៈពេលប្រហែលមួយឆ្នាំ ដោយត្រូវធ្វើការបណ្តើរ និងបន្តការសិក្សាបណ្តើរ លើជំនាញភាសាអង់គ្លេស នៅក្នុងវិទ្យាស្ថានរបស់អង្គការមួយ ដោយជាប់អាហាររូបករណ៍ ៥០ភាគរយផងដែរ។ វិច្ឆិកា បាននិយាយ “នៅពេលខ្លួនកំពុងរៀនភាសាអង់គ្លេសនោះ គឺមិនត្រូវជំនាញដែលគេចង់រៀននោះទេ ប៉ុន្តែរូបគេមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទៅរៀនផ្នែកគំនូរ ទើបចេះតែរៀនភាសាអង់គ្លេសសិនទៅ”។

រយៈពេលមួយឆ្នាំ បន្ទាប់ពីសិក្សាជំនាញភាសាអង់គ្លេស វិច្ឆិកា ក៏បានសម្រេចចិត្តប្តូរទៅរៀនជំនាញឌីហ្សាញវិញ ដោយចូលសិក្សាបានប្រមាណ ៥ខែ វិច្ឆិកា ក៏បានចូលទៅធ្វើការនៅក្នុងហាងកាហ្វេមួយកន្លែង។ នៅពេលនោះហើយដែលរូបគេចាប់ផ្តើមមានចំណាប់អារម្មណ៍ទៅលើការគូរគំនូរបែប Doodle ហើយ វិច្ឆិកា ព្យាយាមស្រាវជ្រាវតាមអ៊ិនធើណេត ក៏ដូចជា YouTube និងបែកគំនិតគូរជារូបគំនូរបែប Doodle ប្លែកៗ គួរឲ្យចាប់អារម្មណ៍។ 

យុវជន ឈន វិច្ឆិកា បាននិយាយថា “ដំបូងឡើយរូបគេបានរៀនគូរគំនូរលេងនៅលើកំប៉ុងកាហ្វេ ក្នុងហាងកាហ្វេដែលរូបគេធ្វើការ ហើយក្រោយមកអ្នកចាត់ការទូទៅនៅក្នុងហាងក៏បានឃើញស្នាដៃរបស់គេ និងថែមទាំងបានជំរុញឲ្យរូបគេគូរបន្ថែមទៀត ដើម្បីយកទៅដាក់តាំងក្នុងហាងផ្ទាល់តែម្តង”។

ចាប់តាំងពីពេលនោះមក វិច្ឆិកា ក៏បន្តការគូរគំនូរបន្ថែមទៀត និងធ្វើការចែករំលែករូបគំនូរដែលគេបានគូរទាំងប៉ុន្មាន ទៅលើបណ្តាញសង្គម ហ្វេសប៊ុក។ មិនយូរប៉ុន្មានស្នាដៃទាំងនោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាយុវវ័យ ក៏ដូចជាម្ចាស់ហាង និងភោជនីយដ្ឋានជាច្រើន ទាក់ទងមករូបគេ ឲ្យគូរគំនូរបែប Doodle ជូនពួកគេ។

ដោយមើលឃើញថា ស្នាដៃរបស់ខ្លួនទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានតម្លៃលើសពីការរំពឹងទុកផងនោះ វិច្ឆិកា ក៏ចាប់ផ្តើមបង្កើនសមត្ថភាពរបស់ខ្ល្លួនឲ្យកាន់តែកើនឡើងខ្លាំងជាងមុន ហើយរូបគេក៏បានបង្កើតជាក្រុមមួយ ដែលមានឈ្មោះថា Cambodia Doodle Club ដើម្បីបំពេញតម្រូវការ នាពេលបច្ចុប្បន្នផងដែរ ក្នុងការគូររូបបែប Doodle តាមជញ្ជាំងធំៗ និងឌីហ្សាញទៅលើកែវទឹក អាវ មួក ព្រមទាំងស្បែកជើងផងដែរ ដោយអាចរកចំណូលបាន រាប់ពាន់ដុល្លារក្នុងមួយខែៗ។

នៅក្នុង Cambodia Doodle Club គឺមានសមាជិកចំនួន ៣នាក់ ដោយម្នាក់ៗសុទ្ធតែជាវិចិត្រករវ័យក្មេង ដែលមានឆន្ទៈ ការអត់ធ្មត់ខ្ពស់ និងមានចំណង់ចំណូលក្នុងការងារច្នៃប្រឌិតសិល្បៈបែបបរទេសមួយនេះ តែទោះជាយ៉ាងណាពួកគេបានព្យាយាមបង្កើតអ្វីដែលជារបស់ខ្មែរ ដោយមិនចំលងពីបរទេសទាំងស្រុងឡើយ។

ចំពោះការការគូររូបបែប Doodle នេះក៏មានផលវិបាកច្រើនដែរ ដោយការបង្កើតគំនិតនៃគំនូរនីមួយៗ ត្រូវចំណាយពេលយូរ អាចរហូតដល់ ១០ថ្ងៃឯណោះ ព្រោះត្រូវប្រមូលអារម្មណ៍ឲ្យមូល ស្វែងរកគំនិតដែលថ្មីប្លែក មិនច្រំដែល និងមិនចម្លងពីគេ។

ជាចុងក្រោយ យុវជន ឈន វិច្ឆិកា ក៏បានផ្តាំផ្ញើទៅកាន់យុវវ័យជាច្រើនទៀតដែលមានចំណូលចិត្តលើការគូរគំនូរបែបនេះដែរថា “បើសិនចង់ចេះ ត្រូវតែខំប្រឹងដោយខ្លួនឯង ព្រោះបច្ចុប្បន្នគេត្រូវការអ្នកដែលមានជំនាញពិតប្រាកដ។ ហើយកុំខ្វល់នឹងពាក្យដែលគេនិយាយថា រៀនគំនូរ គឺអត់ប្រយោជន៍ រកស៊ីមិនរស់។ កុំបាក់ទឹកចិត្តដោយសារពាក្យគេនិយាយ ហើយត្រូវហ៊ានធ្វើអ្វីដែលយើងស្រលាញ់ និងទទួលយកបទពិសោធន៍ថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនឯងផ្ទាល់”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]