ភ្នំពេញ៖ ក្រោយពីត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ មិនប៉ុន្មានថ្ងៃផង តារាសម្តែងនិងជាតារាចម្រៀងប្រុសរូបស្រស់សង្ហា លោក បញ្ញា​ សិទ្ធ ក៏បានបង្ហើបពីដំណឹងដ៏គួរឲ្យត្រេកអរភ្លាមតែម្តង ដោយលោកបានចុះកិច្ចកុងត្រា សម្តែងខ្សែភាពយន្តនៅឯប្រទេសថៃ រយៈពេលរហូតទៅដល់៥ឆ្នាំឯណោះ ហើយនៅដើមខែ មីនា ឆ្នាំ២០១៧ ខាងមុខនេះ លោកនឹងចាកចេញពីមាតុប្រទេស សម្រាប់ការចាប់ផ្តើមការងារសិល្បៈថ្មីៗនៅឯប្រទេសថៃហើយ។

ក្នុងនោះផងដែរ តារាចម្រៀងក្នុងក្រុម BS Boy Band លោក បញ្ញា សិទ្ធ ក៏បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ដែលខាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍ ភីអិនអិន (PNN) សហការជាមួយស្ថានីយទូរទស្សន៍ថៃ ធានាលោកឲ្យចេញទៅសម្ដែងនៅប្រទេសថៃ ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ ទាំងដែលលោកមិនដឹងឡើយថា ខាង ភីអិនអិន និងស្ថានីយទូរទស្សន៍ថៃ ពេញចិត្តលើសមត្ថភាពរបស់លោក ត្រង់ចំណុចណានោះ ប៉ុន្តែលោកពិតជាសប្បាយចិត្តដែលក្រុមការងារ ទុកចិត្តលើសមត្ថភាពរបស់លោក និងបានផ្ដល់ឱកាសឲ្យលោកក្លាយជាតារាសម្តែងខ្មែរដំបូងគេបង្អស់ ដែលក្លាយជាតារាប្រុស តំណាងឲ្យតារាកម្ពុជា ទៅបង្ហាញសមត្ថភាពសម្តែងជាមួយតារាថៃ រយៈពេលវែងរហូតទៅដល់៥ឆ្នាំបែបនេះ។

លើសពីនេះ លោក បញ្ញា សិទ្ធ ក៏បានអះអាងដែរថា លោកនឹងប្រឹងប្រែងតាំងចិត្តសម្តែងឲ្យអស់ពីសមត្ថភាព ជាមួយនឹងតារាសម្តែងថៃ ជាមួយនឹងក្តីរំពឹងថា នឹងទទួលបានជោគជ័យ លើកមុខមាត់សិល្បៈភាពយន្តជាតិខ្មែរផងដែរ។

ទន្ទឹមនឹងដំណឹងល្អនេះ ក៏មានអ្នកគាំទ្រជាច្រើន បានជូនពរដល់លោក បញ្ញា​ សិទ្ធឲ្យទទួលបានជោគជ័យចំពោះការងារ និងទទួលបានលទ្ធផលដ៏ល្អជាទីគាប់ចិត្តផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត កាលពីលើកមុនផងដែរថា ក្រោយពីបាត់មុខលោកពីវិស័យសិល្បៈ អស់មួយរយៈពេលមក មួយរយៈមុននេះ បញ្ញាសិទ្ធបានវិលត្រលប់មកវិញ ដោយបង្កើតក្រុម Kpop (Khmerpop)ថ្មីមួយ ដែលមានឈ្មោះថា BS Boyband ជាមួយនឹងសមាជិកថ្មីសង្ហាៗចំនួន ២រូបទៀត ហើយថែមទាំងបានពាំនាំមកនូវ បទចម្រៀងOriginal Songs ស្នាដៃនិពន្ធថ្មីមួយចំនួន ថែមទៀតផង។

ក្នុងនោះផងដែរ លោក បញ្ញាសិទ្ធបានរៀបរាប់មកកាន់ ខ្មែរឡូត ថា ដោយតាមពិតទៅ ការវិលត្រឡប់មកវិញនេះ គឺមិនមែនមានត្រឹមតែបទចម្រៀង Original Songs តែប៉ុណ្ណោះនេះទេ ប៉ុន្តែក៏មាន បទចម្រៀង Cover ពីបរទេសមួយចំនួនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា លោកនឹងព្យាយាមកាត់បន្ថយវាឲ្យបានតិចជាងមុន និងព្យាយាមធ្វើវាឲ្យបានល្អបំផុត ពីព្រោះថា បើយើងមិនមានការបូកបញ្ចូលផ្សំគ្នាខ្លះៗនោះទេ ក៏យើងមិនអាចរកអ្វី ដើម្បីចំអែតក្រពះបានគ្រប់គ្រាន់ដែរ ព្រោះថាទីផ្សារតន្ត្រីនៅក្នុងស្រុកនៅមានកម្រិតនៅឡើយ ម៉្យាងវិញទៀត មិនងាយទេ ទម្រាំតែនិពន្ធបទចម្រៀង Original Songs បានមួយបទៗ ត្រូវចំណាយថវិកា និងពេលវេលាច្រើន ហើយក៏មិនរំពឹងថា នឹងអាចទទួលបានមកវិញ ដូចអ្វីដែលយើងចំណាយទៅលើវានោះដែរ ។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ ក្រុមរាំដែលលោក ទើបបង្កើតថ្មីនេះ BS Boyband នេះវិញម្តង ដោយលោក បានលើកឡើងថា លោកនឹងព្យាយាមរុករកនូវអ្វីដែលថ្មីៗ ដែលជាពិសេសនោះ គឺក្បាច់រាំតែម្តង អាចនិយាយបានថា មិនឲ្យចាញ់ក្រុមចម្រៀងកូរ៉េKpop ឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ