(ភ្នំពេញ)៖ ជនជាតិចិនប្រុសស្រីបួននាក់ ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើប ម៉ាក Bentley ​ស្លាកលេខភ្នំពេញ 2AX-3333ទៅបុករៈពីក្រោយរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្សរងបួសធ្ងន់ និងស្រាល៥នាក់ ខណៈដែលរថយន្តបង្ក និងក៏ដូចជារថយន្ត និងម៉ូតូ ដែលរងនូវការបុករះ ខូចខាតស្ទើរតែទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១៖៤០នាទីរំលងអាធ្រាត្រ ឈានចូថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយ ផ្លូវនរោត្តម ត្រង់ចំណុចវិទ្យាល័យចតុមុខ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមសំដីសន្តិសុខ ដែលយាមនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលបុកគេឃើញ ជនជាតិចិនប្រុសស្រីបួននាក់ ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើបខាងលើ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករះរថយន្ត និងម៉ូតូ ដែលបើកស្របទិសគ្នា ពីក្រោយពេញទំហឹង បន្តទៅបុកម៉ូតូដែលជិះ ដោយនារីពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់។

មនុស្សរងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ ចុះមកវាស់វែង និងស្ទួចយករថយន្តទាំង២ និងម៉ូតូ ទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាន រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ទូរស័ព្ទ​ជាង​២០​ដង​គ្មាន​អ្នក​ទទួល ពេល​ទៅ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​..

រាជធានី​ភ្នំពេញ ៖ ដោយ​ចម្លែក​ចិត្តខ្លាំង​ពេក ព្រោះ​ទូរស័ព្ទ​ទៅ​ជាង​២០​ដង​ហើយ​កូនប្រុស​មិន​ទទួល​ទូរស័ព្ទ​សោះ ឪពុក​ម្តាយ​ក៏​ត្រឡប់​មក​ផ្ទះ​ដើម្បី​មើល ពេល​មក​ដល់​ផ្ទះ​ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយដោយ​បន្សល់​ទុក​តែ​ពាក្យ​បណ្ដាំ​មួយ​ច្បាប់​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ២៤ តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

យុវជន​រង​គ្រោះ​ឈ្មោះ ចេ​ង មក​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប មាន​ទីលំនៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ​តែ​៣​នាក់ ដោយ​ម្តាយ និង​ឪពុក​ជា​អ្នក​លក់ដូរ​នៅ​ផ្សារ​ច្បារ​អំពៅ ។ នៅ​វេលា​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​សួរ​កូន ចង់​ដឹង​ថា នៅផ្ទះ ឬ​អត់ ប៉ុន្តែ​ទូរស័ព្ទ​ទៅ​ជាង​២០​ដង កូនប្រុស​មិន​ទទួល​សោះ ។ ដោយ​ចម្លែក​ចិត្ត​ពេក ស្ត្រី​ជា​ម្តាយ និង​ឪពុក​បាន​មក​ផ្ទះ​មើល ក៏​ឃើញ​ផ្ទះ​ត្រូវ​ចាក់សោ​ពី​ខាងក្នុង ។ ភ្លាម​ៗ​នោះ​ក៏​ហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​កាត់​សោ​ទ្វារ លុះ​ពេល​កាត់​រួច ក៏​ដើរ​ចូល​ទៅ​បន្ទប់​កូនប្រុស តែ​បន្ទប់​ចាក់សោ​ពី​ក្នុង​ទៀត ប៉ុន្តែ​ដោយ​ស្ត្រី​ជា​ម្តាយ​មាន​កូនសោ​បន្ទប់​ក៏​ចាក់​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​កូនប្រុស​ចង​.​ក​នឹង​កូនកន្សែង​ជាប់​នឹង​ចម្រឹង​មាត់​បង្អួច​ស្លាប់​បាត់​បាត់​ទៅ​ហើយ ដោយ​គ្រាន់តែ​បាន​បន្សល់​ទុក​សំបុត្រ​១​ច្បាប់ សរសេរ​ថា «​លុយ​ជំពាក់​គេ​៤០០០​ដុល្លារ លោក​អ្នក​មានគុណ​ទាំង​២​មិនបាច់​សង​គេ​ទេ ទុក​ឲ្យ​កូន​ជា​អ្នក​ដោះស្រាយ​» ។

បន្ទាប់​ពី​រក​ឃើញ​មាន​លិខិត​ផ្តែផ្តាំ​ចុង​ក្រោយ​របស់​យុវជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​អាច​ជំពាក់​លុយ​នរណា​ម្នាក់​ចំនួន​៤០០០​ដុល្លារ ហើយ​គ្មាន​លុយ​សង​គេ លុះ​ពេល​ឪពុក​ម្តាយ​ខ្លួន ដឹង ដោយ​មិន​ចង់​ឲ្យ​មានការ​លំបាក​ដល់​អ្នក​មានគុណ​ទាំង​២ ក៏​សម្រេច​បញ្ចប់ជីវិត​ដោយ​បែប​នេះ​តែ​ម្តង​ទៅ ដើម្បី​បញ្ចប់​បំណុល​ដែល​ជំពាក់​គេ ចៀសវៀង​ម្តាយ​ឪពុក​ពិបាក​ទូល​រែក​រក​លុយ​សង​ជំនួស​ខ្លួន ។

សូម​បញ្ជាក់​ថា ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​រួច​មក សមត្ថកិច្ច​អះអាង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ។ ក្រោយ​ការ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​សម្រេច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]