អង់គ្លេស៖ ការងារជាជាងសំណង់ ឬអ្នកសាងសង់ផ្ទះ តែងតែទទួលរងនូវគ្រោះថ្នាក់ចៃដន្យបន្តិចបន្តួចជារឿយៗ ដូចជាជំពប់ជើងដួល មុតដែកគោល ឬទាក់ដៃទាក់ជើងនឹងវត្ថុរឹងៗជាដើម។

ដោយឡែក បុរសអ្នកសាងសង់អគារ វ័យ២២ឆ្នាំម្នាក់ ឈ្មោះ Sam Rees បានជួបនូវហេតុការណ៍ដ៏គួរឲ្យស្រៀវសាច់មួយ ខណៈដែលគាត់កំពុងបំពេញការងារជាអ្នកសាងសង់របស់គាត់។

ស្របពេលដែលកំពុងធ្វើការនៅតំបន់សាងសង់មួយ ក្បែរទីក្រុង Swansea បុរសរូបនេះបានបាញ់ដែកគោល ប្រវែងប្រមាណជិត ៩សង់ទីម៉ែត្រ ខ្ទាតចំក្បែរប្រដាប់ភេទរបស់គាត់តែម្ដង ដែលវាបណ្ដាលឲ្យគាត់ទទួល រងការឈឺចាប់យ៉ាងខ្លាំង រហូតស្ងាត់មាត់ជ្រាប សូម្បីតែស្រែកក៏ស្រែកមិនរួច។

ភ្លាមៗនោះអ្នកធ្វើការជាមួយគាត់ ឈ្មោះ Meagher អាយុ៣០ឆ្នាំ បានប្រទះឃើញហេតុការណ៍បែបនេះ ក៏ប្រញាប់បញ្ជូនបុរសរងគ្រោះ ទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗតែម្ដង។

ពេលទៅដល់មន្ទីរពេទ្យភ្លាម មិត្តរួមការងាររបស់គាត់ បានប្រាប់គ្រូពេទ្យថា មិត្តរបស់គាត់បានបាញ់ដែកគោល និងខ្ទាតចំខ្លួនឯង ត្រូវការសង្គ្រោះ ប៉ុន្តែគ្រូពេទ្យមិនបានរៀបចំសង្គ្រោះភ្លាមៗទេ ដោយគិតថាគាត់របួសស្រាល។ ដោយទ្រាំមិនបាន គាត់ក៏បានរៀបរាប់ពី អាការៈរបស់មិត្តគាត់យ៉ាងលំអិត។ គ្រាន់តែដឹងពីស្ថានភាពជាក់ស្ដែងភ្លាម ​ ក្រុមគ្រូពេទ្យក៏ស្ទុះញាប់ដៃញាប់ជើង បើកបន្ទប់វះកាត់ ដើម្បីសង្រ្គោះជនរងគ្រោះ។

ក្រោយការជួយសង្គ្រោះ ត្រូវបានគេសន្និដ្ឋានថាហេតុការណ៍នេះ មិនបានបន្សល់ទុករឿងអាក្រក់អ្វីឡើយដល់ជនរងគ្រោះ គ្រាន់តែឈឺចាប់ក្រោយវះកាត់ប៉ុណ្ណោះ។

យ៉ាងណាមិញ ហេតុការណ៍នេះបានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ជាមួយនឹងអ្វីដែលគេបានឃើញ ខណៈដែលបុរសរងគ្រោះ ប៊ិះនឹងបាត់បង់ភាពជាបុរសរបស់គាត់ទៅហើយ៕

ប្រភព៖ Dailymail

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះ ​ចេញពីគំនរបំណែកអគារបាក់សង្កត់ (មានវីដេអូ)

ស៊ីរី៖ ប្រទេសស៊ីរីត្រូវបានញាំញីដោយភ្លើងសង្គ្រាម ដែលបណ្ដាលឲ្យប្រជាជនរបស់ប្រទេសនេះរស់នៅមិនបានសុខឡើយ ដោយអ្នកខ្លះបានស្លាប់ ខ្លះរត់ភៀសខ្លួន រីឯអ្នកនៅក្នុងប្រទេសក៏បានរងទុក្ខវេទនារៀងរាល់ថ្ងៃ។

កាលពីថ្ងៃច័ន្ទកន្លងមកនេះ ការវាយប្រហារតាមផ្លូវអាកាសបានបណ្ដាលឲ្យអគារមួយចំនួន ក្នុងទីក្រុង Damacus នៃប្រទេសនេះបានបាក់រលំ និងសង្កត់ពលរដ្ឋស្លូតត្រង់ឲ្យរងរបួស និងស្លាប់ ។

ជាក់ស្ដែងក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញ នៅក្រោមគំនរបាក់បែក លាយឡំជាមួយនឹងកំទេចធូលីរុំព័ទ្ធខ្លួនប្រាណនាងជិតឈឹង បន្សល់តែចុងច្រមុះសម្រាប់ដកដង្ហើម និងមាត់សម្រាប់ស្រែកហៅរកជំនួយតែប៉ុណ្ណោះ។

តាមរយៈឃ្លីបវីដេអូ ក្មេងស្រីម្នាក់ដែកមិនបានស្គាល់អត្តសញ្ញាណ បានយំស្រែករកជំនួយ នៅក្រោមកំទេចផេះផង់បំណែកអគារដែលបាក់សង្កត់មកលើរូបនាង ដោយសារការបំផ្ទុះគ្រាប់បែក។ ក្រុមជួយសង្គ្រោះបានចូលទៅជួយ ដោយព្យាយាមកាយកំទេចដី ដោយដៃទទេ មុនពេលទាញនាងចេញឲ្យផុតពីគំនរបាក់បែកទាំងនោះ និងផុតពីគ្រោះថ្នាក់។

សកម្មភាពនៃហេតុការណ៍ជួយសង្គ្រោះនេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យមនុស្សម្នាទូទាំងពិភពលោក បានបង្ហាញការអាណិត និងការឈឺចាប់ចំពោះក្មេងស្រីនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កុមាររបស់ប្រទេសស៊ីរីត្រូវបានរងគ្រោះដោយសារសង្រ្គាមនេះច្រើនដងមកហើយ ហើយក៏បានបន្សល់នូវរូបភាពឈឺចាប់សម្រាប់ពិភពលោកច្រើនដងដូចគ្នា។

យ៉ាងណាមិញ ការវាយប្រហារតាមអាកាស និងការបំផ្ទុះគ្រាប់បែកនេះ បានបណ្ដាលឲ្យមនុស្ស៤នាក់បានស្លាប់និងរងរបួសជាច្រើនទៀត ដោយយោងតាមសម្ដីអ្នកសង្កេតការពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីរី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]