ថៃ៖  ទីក្រុងបាងកក ជារាជធានីរបស់ប្រទេសថៃ មានមនុស្សរស់នៅកកកុញ រីឯស្ថានភាពចរាចរណ៍ក៏ហាក់មានភាពមមាញឹកខ្លាំងដែរ។ ស្របពេលដែលចរាចរណ៍កាន់តែមមាញឹក គ្រោះថ្នាក់ចរាចរណ៍ ក៏តែងតែកើតមានឡើងជារឿយៗក្នុងទីក្រុងនេះ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យកក្រើកបណ្ដាញសង្គមនៅថៃ។ កាមេរ៉ារថយន្តមួយគ្រឿងបានថតជាប់សកម្មភាព បុរសអ្នកធ្វើដំណើរតាមម៉ូតូម្នាក់ បានហក់ចុះពីលើម៉ូតូ ដើម្បីគេចឡានក្រុងដាច់ហ្រាំ្វងមួយគ្រឿង ដែលសំដៅមករកបុកម៉ូតូរបស់ខ្លួន។

ហេតុការណ៍ទាំងស្រុង ត្រូវបានបង្ហោះឡើងដោយគណនីហ្វេសប៊ុកឈ្មោះ Nat Labour ទំនងជាអ្នកធ្វើដំណើរពីក្រោយម៉ូតូរងគ្រោះ។ ហេតុការណ៍នេះ បានកើតឡើងនៅកន្លែងផ្លូវបែកជា៤ ក្នុងតំបន់ Bangkapi  ទីក្រុងបាងកក។

ប្រភព័ត៌មានឲ្យដឹងថា មូលហេតុដោយសាររថយន្តក្រុងពណ៌លឿងមួយគ្រឿង លេខ២០៧ បានដាច់ហ្រ្វាំង ទើបសំដៅមកបុកម៉ូតូជនរងគ្រោះ តែសំណាងល្អបុរសរងគ្រោះហក់ចេញទាន់ ហើយឡានក្រុងពណ៌លឿងនោះ  ក៏ជ្រុលទៅបុកឡានក្រុងមួយគ្រឿងទៀតដែលនៅពីមុខ។ ប៉ុន្តែឡានក្រុងលឿងបង្កហេតុនោះ ក៏មិនទាន់អស់ល្បឿនដែរ គឺនៅបន្តរហូតដល់ឃ្លីបវីដេអូចប់ ដែលមិនដឹងថានឹងឈប់នៅទីណា។

ចំណែកជនរងគ្រោះ ដែលហក់ចេញពីម៉ូតូបានស្ទុះងើបឡើង ហើយរកមើលអ្នកបើកបរម៉ូតូរបស់គាត់ដោយក្ដីបារម្ភ។ ជាសំណាងល្អផងដែរដែលអ្នកបើកបររបស់គាត់មិនបានកើតអ្វីធ្ងន់ធ្ងរ រួចគាត់ក៏ស្ទុះទៅអោបគ្នាដោយក្ដីរន្ធត់ មុននឹងលើកម៉ូតូឡើង។

ក្រោយពេលកើតហេតុ គ្មាននរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែរងរបួសស្រាលៗប៉ុណ្ណោះ ប៉ុន្តែហេតុការណ៍នេះបានធ្វើឲ្យគ្រប់គ្នាកាន់តែព្រួយបារម្ភពីស្ថានភាពចរាចរណ៍ក្នុងទីក្រុងនេះ៕  

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះ ​ចេញពីគំនរបំណែកអគារបាក់សង្កត់ (មានវីដេអូ)

ស៊ីរី៖ ប្រទេសស៊ីរីត្រូវបានញាំញីដោយភ្លើងសង្គ្រាម ដែលបណ្ដាលឲ្យប្រជាជនរបស់ប្រទេសនេះរស់នៅមិនបានសុខឡើយ ដោយអ្នកខ្លះបានស្លាប់ ខ្លះរត់ភៀសខ្លួន រីឯអ្នកនៅក្នុងប្រទេសក៏បានរងទុក្ខវេទនារៀងរាល់ថ្ងៃ។

កាលពីថ្ងៃច័ន្ទកន្លងមកនេះ ការវាយប្រហារតាមផ្លូវអាកាសបានបណ្ដាលឲ្យអគារមួយចំនួន ក្នុងទីក្រុង Damacus នៃប្រទេសនេះបានបាក់រលំ និងសង្កត់ពលរដ្ឋស្លូតត្រង់ឲ្យរងរបួស និងស្លាប់ ។

ជាក់ស្ដែងក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញ នៅក្រោមគំនរបាក់បែក លាយឡំជាមួយនឹងកំទេចធូលីរុំព័ទ្ធខ្លួនប្រាណនាងជិតឈឹង បន្សល់តែចុងច្រមុះសម្រាប់ដកដង្ហើម និងមាត់សម្រាប់ស្រែកហៅរកជំនួយតែប៉ុណ្ណោះ។

តាមរយៈឃ្លីបវីដេអូ ក្មេងស្រីម្នាក់ដែកមិនបានស្គាល់អត្តសញ្ញាណ បានយំស្រែករកជំនួយ នៅក្រោមកំទេចផេះផង់បំណែកអគារដែលបាក់សង្កត់មកលើរូបនាង ដោយសារការបំផ្ទុះគ្រាប់បែក។ ក្រុមជួយសង្គ្រោះបានចូលទៅជួយ ដោយព្យាយាមកាយកំទេចដី ដោយដៃទទេ មុនពេលទាញនាងចេញឲ្យផុតពីគំនរបាក់បែកទាំងនោះ និងផុតពីគ្រោះថ្នាក់។

សកម្មភាពនៃហេតុការណ៍ជួយសង្គ្រោះនេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យមនុស្សម្នាទូទាំងពិភពលោក បានបង្ហាញការអាណិត និងការឈឺចាប់ចំពោះក្មេងស្រីនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កុមាររបស់ប្រទេសស៊ីរីត្រូវបានរងគ្រោះដោយសារសង្រ្គាមនេះច្រើនដងមកហើយ ហើយក៏បានបន្សល់នូវរូបភាពឈឺចាប់សម្រាប់ពិភពលោកច្រើនដងដូចគ្នា។

យ៉ាងណាមិញ ការវាយប្រហារតាមអាកាស និងការបំផ្ទុះគ្រាប់បែកនេះ បានបណ្ដាលឲ្យមនុស្ស៤នាក់បានស្លាប់និងរងរបួសជាច្រើនទៀត ដោយយោងតាមសម្ដីអ្នកសង្កេតការពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីរី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]