រាជធានីភ្នំពេញ ៖ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ផ្ទុះ​ប្រតិកម្ម​ជាមួយ​ផលិតកម្ម​ថោ​ន ជុំវិញ​ការ​​លើកយក​បទ​ចម្រៀង​របស់​នាង​ «រាំ​វង់​​អន្លង់​រមៀត» ​មក​ច្រៀង​ឡើង​វិញ ​ដោយ​តារាចម្រៀង​ខ្មែរ ចេ​ន សាយ​ចៃ ក្នុង​នោះ​បាន​ដាក់​បទ​នោះ​​ថា ជា​មរតក​ដើម​ទៅ​វិញ​ ។

បើ​ទោះជា​មិន​បាន​បញ្ចេញ​ នូវ​ឈ្មោះ​ផលិតកម្ម​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ផលិតកម្ម​មួយ​នេះ ក្នុង​ពេល​ដែល​នាង​ចាត់​​ទុក​ថា បទ​នេះ​ជា​បទ​ចម្រៀង​របស់​នាង​ ដែល​បាន​តាក់តែង​និពន្ធ​ថ្មី មិនមែន​ជា​មរតក​ដើម​នោះ​ឡើយ​ ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​អះអាង​ថា ក្រោយ​ការ​ដាក់​បង្ហោះ​​ផ្សាយ​បទ​ចម្រៀង «រាំវង់​អន្លង់​រមៀត» លើ​ទំព័រ​សង្គម​ពី​ផលិតកម្ម មួយ​រួច​​មក ចម្ងល់ សំណួរ ប្រតិកម្ម និង​មតិ​ជា​ច្រើន​បាន​ផុស​ឡើងជា​បន្តបន្ទាប់ ​ក្នុង​ន័យ​មិន​ពេញចិត្ត​ នូវ​ទ​ង្វើ​រ​របស់​ផលិតកម្ម​មួយ​នោះ​ ដែល​មិន​ត្រឹម​មិន​គោរព​ច្បាប់​នៃ​កម្ម​សិទ្ធិ​បញ្ញា មិន​គោរព​សិទ្ធិ​បុគ្គល មិនដឹង​កំហុស​ តែ​បែរជា​ចេញ​មក​ដោះសារ​ ដោយ​ប្រើ​ពាក្យ​​មិន​សមគួរ​បែប​ចំអក ​ច្រាស​ឱ្យ​​អ្នកគាំទ្រ​ទៅ​វិញ ។

អ្នក​នាង​បញ្ជាក់​ថា ពី​ដំបូង​ បទ​នេះ​​សាច់ភ្លេង​ដើម​ច្រៀង​ ដោយ​អធិរាជ​សំឡេង​មាស ​លោក​ស៊ិ​ន ​ស៊ី​សា​មុត មាន​ចំណងជើង​ថា ​ «ស្រណោះ​ណាស់» ហើយ​ត្រូវ​បាន​បង្កើត​ទំនុកច្រៀង​ថ្មី​ ជា​បទ​ស្រី​និពន្ធ​ដោយ​លោក​បី ប៊ុ​ន​ធួ​ក ក្នុង​ផលិតកម្ម​ឆ្លង​ដែន មាន​ចំណងជើង​ថា «រាំវង់​នៅ​អន្លង់​រមៀត» ច្រៀង​ដោយ​នាង​​ខ្ញុំ ពេ​ជ្ជ​តា និង​សម្រួល​តន្ត្រី​ថ្មី​ ដោយ​លោក​ម៉ិ​ញ​ សុធី​វណ្ណ ហៅ​តូ ។ បទ​ទាំង​ពីរ​នេះ​ មិន​មាន​ទំនុក​ដូច​គ្នា​ទេ រីឯ​សាច់ភ្លេង ​ក៏​​មាន​កន្លែង​ខុស​គ្នា​បន្តិច​ៗ​ដែរ ។

បើ​តាម​ខ្ញុំ​ចង​​ចាំ បទ​នេះ​ «រាំវង់​នៅ​អន្លង់​រមៀត» លោក​ប៊ុ​ន​ ធួ​ក​ គាត់​និពន្ធ​តាំងពី​ឆ្នាំ 1975 ដោយ​​យក​តែ​សាច់ភ្លេង​ចាស់​​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ប៉ុណ្ណោះ ឯ​ទំនុក​ជា​​បទ​​ស្រី តែ​មិន​ទាន់​បាន​ថត​ទេ ព្រោះ​ចូល​របប​ប៉ុ​ល​ ពត ទើបតែ​ឆ្នាំ 1995 ទើប​លោក​យក​មក​ឱ្យ​​នាង​ខ្ញុំ​ច្រៀង​​ថត​បញ្ចូល​ស៊ី​ឌី​ ក្នុង​ផលិតកម្ម​ឆ្លង​ដែន ។ រាប់​ពី​ពេល​នាង​ខ្ញុំ​ថត​មក​ដល់​បច្ចុប្បន្ន បទ​នេះ​​មាន​អាយុ22​ឆ្នាំ​ហើយ ហើយ​ការ​គាំទ្រ​នៅ​តែ​មាន បើ​ទោះជា​បទ​នេះ​ត្រូវ​បាន​អ្នក​ម្រៀ​ង​ស្រករ​ក្រោយ​យក​មក​ច្រៀង​តាម​ក្នុង​ផលិតកម្ម​ផ្សេង​ក្តី ។

ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មិត្ត​អ្នកគាំទ្រ​បាន​ប្រទះ​ឃើញ​បទ​នេះ​ ត្រូវ​បាន​ផលិតកម្ម​ក្នុងស្រុក​មួយ​យក​មក​ថត​ចេញ​លក់​ដោយ​យក​ទំនុក​ពី​បទ​របស់​ពេ​ជ្ជ​តា ​ក្នុង​ផលិតកម្ម​ឆ្លង​ដែន​ទាំងស្រុង ប៉ុន្តែ​បែរជា​ដាក់​ថា​ជា «មរតក​ដើម» ទៅ​វិញ ? ? ត្រង់នេះ​ខ្ញុំ​ចង់​សួរ​ថា តើ​ពាក្យ​មរតក​ដើម​របស់​អ្នក មាន​ន័យ​ថា​ម៉េច? សង្ឃឹមថា ពាក្យ​មរតក​ដើម នេះ​មិន​សំដៅលើ​បទ​ចម្រៀង​ដែល​ម្ចាស់​បទ​ស្លាប់​អស់នោះ​ទេ មែន​ទេ?

ចុះ​បើ​អ្នក​ចាត់​ទុក​ថា ​បទ​នេះ​មិនមែន​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​អ្នកនិពន្ធ​ក្នុងផលិតកម្ម​ខ្លួន​ទៅ​ហើយ ​ហេតុ​អី​អ្នក​មិន​ស្រាវជ្រាវ​ឱ្យ​ច្បាស់ ​រួច​សុំ​ស្នើ​ពី​ម្ចាស់​គេ​ផង​ ទៅ​បើ​ម្ចាស់​គេ​នៅ​រស់​ជ្រងោរ​ៗ​នៅឡើយ​នេះ? តើ​ការ​ធ្វើ​មិន​ស្គាល់​ម្ចាស់​ដើម​ វា​អាច​ក្លាយជា​វប្បធម៌​ជាន់ពន្លិច​ដែរ​ទេ? តើ​ការ​គោរព​សិទ្ធិ​ម្ចាស់​ដើម​វា​ពិបាក​សំរាប់​អ្នក​ខ្លាំង​ណាស់​ ឬ​យ៉ាងណា? បើ​តាម​ស្គាល់​ផលិតកម្ម​នេះ ​ខ្ញុំ​គិត​ថា​អ្នក​មិនមែន​ជា​មនុស្ស​បែប​ហ្នឹង​ទេ តែ​ថ្ងៃនេះ​ខ្ញុំ​មិន​យល់​ឡើយ ។ ថ្ងៃនេះ ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ខ្ញុំ​មិន​អន់ចិត្ត​ទេ​ ដែល​អ្នក​យក​របស់ខ្ញុំ​ទៅ​ញាំ តែ​វា​អាក្រក់​មើល​បំផុត​ ដែល​អ្នក​ភ្លេចគុណ​ខ្ញុំ ។ ពិតជា​ខកចិត្ត​នឹង​ផលិតកម្ម​អ្នក​ខ្លាំង​ណាស់​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង កែវ​​ពេជ្ជតា