(ឧត្តរមានជ័យ​)៖​ មន្រ្តីយោធា២នាក់​ នៅកង​ពល​តូច​អន្តរាគមន៍​លេខ​៥ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនខ្លួនឯង (ដួលម៉ូតូ) បណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង ស្ថិតនៅ​ចំណុចផ្លូវជាតិ​លេខ​៥៦ ​(ចន្លោះបង្គោលគីឡូម៉ែតលេខ១០៧-១០៨​) ក្នុងភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា​ ជនរងគ្រោះជាមន្ត្រីយោធា​ទី១​-ឈ្មោះ​ ចាន់​ ថូ​ អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​​ពោធិ៍ចាស់ ឃុំបេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរមានជ័យ​ (អ្នកបើកម៉ូតូម៉ាកហុងដាវ៉េវ C-100 ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧ.មានជ័យ 1B-6477 គ្មានពាក់មួកសុវត្ថិភាព) និងទី២-ឈ្មោះ​ ចាន់​ សុផល​ អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​​ពោធិ៍ចាស់ ឃុំបេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរមានជ័យ​ (អ្នករួមដំណើរ គ្មានពាក់មួកសុវត្ថិភាព)។

ក្រោយពីទទួលបានពត៌មាន កម្លាំងជំនាញ និងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិនៃសព ហើយបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស្ទះចរាចរណ៍​ខ្លាំង​ពេក ចុះ​ពីលើ​ម៉ូតូឌុប​ឆ្លងទន្លេ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ត្រី​ម្នាក់​បាន​ជិះ​​ម៉ូតូឌុប​ទៅ​សម្រាលកូន​ នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ប៉ុន្តែ​ដោយសារ​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក ស្រាប់តែ​ស្ត្រី​រូប​នោះ​ចុះ​ពី​លើ​ម៉ូតូ​ឆ្លងទន្លេ​ បាន​កូនស្រី​មួយនៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ត្រើយ​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

ស្ត្រី​រូប​នេះ​ឈ្មោះ ស្រី​ចិន អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​សុំ​ផ្ទះ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​ភូមិ​ ដែល​រស់នៅ​ជាមួយ​នាង​ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​២០ ខែ​កុ​ម្ភះ នាង​ថ្ងូរ​ថា​ឈឺពោះ​ ខ្លាំង​ណាស់ ម្យ៉ាងទៀត​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​គ្រប់​ខែ​នឹង​ត្រូវ​កើត​ទៀត ។ ដោយ​ឃើញ​ការ​ខ្វះខាត អ្នកស្រុក​បាន​រៃ​អង្គាស​លុយ​គ្នា​ម្នាក់​បន្តិច​ ជួល​ម៉ូតូឌុប​ឲ្យ​ឌុ​ប​នាង​ទៅ​សម្រាក​កូន​ នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។ 

លុះ​ធ្វើ​ដំណើរ​មក​ដល់​ លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ ត្រើយ​ខាងកើត ដោយសារ​ស្ថានភាព​ចរាចរណ៍​មាន​ភាព​ណែនណាន់ តាន់តាប់​ខ្លាំង​ពេក ស្ត្រី​ខាងលើ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​សម្រាលកូន​ នៅ​លើ​ស្ពាន​ដោយ​ខ្លួនឯង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ពាសពេញ​ស្ពាន នាំ​គ្នា​ចោមរោម​មើល ខណៈ​ចរាចរណ៍​នៅ​ចំណុច​ខាងលើ​កំពុង​មានការ​កកកុញ​ស្ទះ​យ៉ាង​ខ្លាំង ។

ភ្លាម​ៗ​នោះ គេ​សង្កេត​ឃើញ​កម្លាំង​ អាជ្ញាធរ​មូលដ្ឋាន​ចុះ​អន្តរាគមន៍ និង​ជួយ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​ សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ មាន​ជ័យ​ឲ្យ​មក​ជួយ​សង្គ្រោះ​ផង​ដែរ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ មុន​ពេល​រថយន្ត​ សា​មុ​យមក​ដល់ ស្ត្រី​រូប​នេះ​បាន​ប្រសូត​បានកូន​ស្រី​ម្នាក់​ហើយ ព្រមទាំង​មាន​ឈាម​ស្រោច​ ពេញ​ថ្នល់​លាយឡំ​នឹង​សម្រែក​ស្រែកថ្ងូរ​គួរ​ឲ្យ​អាណិត​ជាទី​បំផុត ។

យ៉ាងណាមិញ គិត​មក​ត្រឹម​ម៉ោង​១​រសៀល​ ថ្ងៃ​ដដែល​នេះ ស្ត្រី​ខាងលើ និង​កូនស្រី កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ផង​ដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]