អូស្រ្តាលី៖ យន្តហោះធុនស្រាលមួយគ្រឿង ផ្ទុកអ្នកដំណើរចំនួន៥នាក់ បានធ្លាក់ចំទីតាំងមជ្ឍមណ្ឌលផ្សារទំនើបមួយកន្លែង ក្នុងប្រទេសអូស្រ្តាលី បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈមនុស្សជាច្រើនកំពុងតែចលាចល ព្រួយបារម្ភយ៉ាងខ្លាំង ពីអ្នកដំណើរក្នុងនោះ។

នេះបើយោងតាមប្រភពទីភ្នាក់ងារសារព័ត៌មានមីរ័រ ចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ឧបទ្ទវហេតុអាក្រក់មួយបានកើតឡើង ក្រោយពីយន្តហោះមួយគ្រឿង បានធ្លាក់ចំពីលើដំបូលមជ្ឈមណ្ឌលផ្សារទំនើប DFO នៅចន្លោះម៉ោងប្រមាណជា ៩ព្រឹក (ម៉ោងនៅក្នុងតំបន់) ដែលមានទីតាំងស្ថិតនៅក្បែរ ព្រលានយន្តហោះខាងលើ បង្កឲ្យមានអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា យន្តហោះដែលបានធ្លាក់នោះផ្ទុកអ្នកទេសចរចំនួន៤នាក់ រួមទាំងភីឡុតម្នាក់ ដែលពួកគេត្រូវធ្វើការហោះហើរ ចេញពីព្រលានយន្តហោះ Essenden ឆ្ពោះទៅកាន់កោះ King Island សម្រាប់ដំណើរកម្សាន្ត វាយកូនហ្គោលនៅទីនោះ។ វាត្រូវបានគេជឿជាក់ថា យន្តហោះធន់ស្រាលខាងលើ ទំនងជាមានបញ្ហាផ្នែកម៉ាស៊ីន ទើបបណ្តាលឲ្យជួបហេតុការណ៍យ៉ាងដូច្នេះ ដោយទើបតែចេញហោះហើរ មិនទាន់ទាំងបានប៉ុន្មានផង។ ដោយឡែក កង់យន្តហោះ ក៏ត្រូវបានគេប្រទះឃើញ ធ្លាក់នៅក្បែរផ្លូវហាយវេមួយកន្លែងផងដែរ មុនពេលយន្តហោះធ្លាក់ទៅបុកនឹងដំបូលផ្សារទំនើប។

គួរឲ្យដឹងថា មជ្ឈមណ្ឌលផ្សារទំនើប DFO ចាប់ផ្តើមបើកលក់នៅម៉ោង១០ព្រឹក ប៉ុន្តែក្រោយពេលកើតហេតុ ក៏តម្រូវឲ្យបិទបណ្តោះអាសន្នសិន។

[Update] សម្រាប់ព័ត៌មានទទួលបានចុងក្រោយនេះ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន ABC បានឲ្យដឹងថា អ្នកដំណើរលើយន្តហោះទាំង៥នាក់ គឺត្រូវបានស្លាប់បាត់បង់ជីវិត។ ក្នុងនោះ ភីឡុតត្រូវបានគេស្គាល់ឈ្មោះថា លោក Max Quartermain មានវ័យ៦៣ឆ្នាំ ដោយរូបលោកក៏ជាម្ចាស់រួម នៃក្រុមហ៊ុនអាកាសចរណ៍ Corporate & Leisure Aviation ផងដែរ។ ដោយឡែក សម្រាប់បុគ្គលិកធ្វើការងារនៅក្នុងផ្សារទំនើប គឺពុំមាននរណាម្នាក់ រងគ្រោះថ្នាក់ឡើយ៕

ទស្សនាវីដេអូខាងក្រោម៖

រូបភាព៖ ភីឡុតលោក Max Quartermain

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អីក៏សាហាវម្ល៉េះ! ខឹងម្ចាស់ហាងមី គិតលុយលើសបន្តិចសោះ ទាញកាំបិត កាត់ក្បាលដាច់ពីខ្លួន

ចិន៖ សារព័ត៌មាន សៀងហៃ របស់ចិន បានចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ថា បុរសជាអតិថិជននៅក្នុងហាងមីមួយកន្លែង បានបង្កជម្លោះយ៉ាងខ្លាំងជាមួយនឹងម្ចាស់ហាង រហូតដល់ទាញកាំបិតកាត់ក្បាលម្ចាស់ហាងស្លាប់នៅនឹងកន្លែង។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ស្ថិតក្នុងទីក្រុង វូហាន (Wuhan) ខេត្ត Hubei គឺបន្ទាប់ពីបុរសជាអតិថិជនខាងលើ បានអះអាងថា គាត់ត្រូវបានម្ចាស់ហាងនេះ គិតលុយថ្លៃមីប៉ុន្មានចានរបស់គាត់ លើសតម្លៃដើម ៣ យ័ន (ប្រមាណ២០០០រៀល)។

ប្រភពព័ត៌មានបន្តថា បន្ទាប់ពីញ៉ាំមី អស់៣ចាន បុរសជាពលករចំណាកស្រុក វ័យ ២២ឆ្នាំ ត្រកូល ហ៊ូ (Hu) រូបនោះ ក៏បានអះអាងថា ម្ចាស់ហាងបានគិតលុយគាត់លើស ១យ័ន ក្នុងមីមួយចាន។ ភ្លាមៗនោះ ម្ចាស់ហាងក៏បានចេញមកបដិសេធនូវអ្វីដែលបុរសខាងលើលើកឡើង បង្កឲ្យមានជម្លោះ រហូតធ្វើឲ្យបុរសជាភ្ញៀវ ទាញកាំបិតមកកាត់ម្ចាស់ហាង វ័យ៤២ឆ្នាំ ដាច់ចេញពីខ្លួន ស្លាប់បាត់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកាត់ក្បាលម្ចាស់ហាងរួចភ្លាម បុរសចិត្តឆៅ រូបនោះ ក៏បានយកក្បាលទៅបោះចោលក្នុងធុងសំរាមមួយដែលនៅក្បែរនោះ។ ហើយមិនយូរប៉ុន្មានប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ។

តាមរយៈការស៊ើបសួររបស់ប៉ូលិសបានឲ្យដឹងថា បុរសខាងលើជាអ្នកស្រុកនៅក្នុងខេត្ត ស៊ីឈួន (Sichuan ) ហើយកន្លងមករូបគេធ្លាប់មានប្រវត្តិកើតជំងឺរោគចិត្ត និងប្រើប្រាស់អំពើហិង្សា ដោយធ្លាប់ស្នាក់នៅក្នុងមន្ទីរពេទ្យវិកលចរិត អស់រយៈពេលកន្លះឆ្នាំ កាលពីឆ្នាំមុន។

យោងតាមសម្តីរបស់បងប្អូនជីដូនមួយ ជនសង្ស័យ បានឲ្យដឹងថា បុរសត្រកូល ហ៊ូ (Hu) រូបនេះ បានបង្កការភ័យខ្លាចដល់ក្រុមគ្រួសាររបស់គេជាញឹកញាប់ ដោយបានប្រើប្រាស់អំពើហិង្សា ហើយគេថែមទាំងធ្លាប់វាយដំឪពុកម្តាយខ្លួនឯងថែមទៀតផង។ ខណៈម្តាយរបស់ជនសង្ស័យក៏បានឲ្យដឹងដែរថា គាត់ពិតជាសុំទោសខ្លាំងមែនទែន ដែលគាត់មិនបានប្រៀនប្រដៅកូនប្រុសរបស់គាត់ឲ្យបានល្អ។

គួរបញ្ជាក់ថា ចំពោះបុរសជាម្ចាស់ហាងមី ដែលបានស្លាប់នោះ ត្រូវបានគេរាយការណ៍គាត់មានកួនប្រុស វ័យ១៣ម្នាក់ កំពុងរស់នៅក្នុងបន្ទុក បន្ទាប់ពីលែងលះជាមួយប្រពន្ធកាលពី ៥ឆ្នាំមុន។ មិត្តភក្តិរបស់គាត់ជាច្រើន បានហៅគាត់ថា ជាមនុស្សស្មោះត្រង់ម្នាក់ ដែលមិនដែលគិតលុយលើស លើភ្ញៀវរបស់គាត់ណាម្នាក់ឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]