ភ្នំពេញ៖ តារាចម្រៀងខ្លួនក្មេងសម្លេងចាស់ និងទឹកដមសំនៀងនៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន លោក ណុប បាយ៉ារិទ្ធ បាននិយាយរៀបរាប់សរសើរពីទឹកចិត្តរបស់អ្នកស្រី Angelina Jolie ស្របពេលដែលថ្មីៗនេះ អ្នកស្រីបានមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាយើង។

វត្តមានរបស់អតីតតារាហូលីវូដដ៏ល្បីល្បាញ អ្នកស្រី Angelina Jolie ក្នុងដំណើរទស្សនកិច្ច និងដើម្បីចូលរួមសម្ពោធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាស្នាដៃដឹកនាំរឿងដោយផ្ទាល់ របស់អ្នកស្រីផងដែរ ពិតជាបានធ្វើឱ្យមានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងសម្រាប់ប្រជាជនខ្មែរយើង។

ដោយតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏បានសរសើរពីទឹកចិត្តរបស់អ្នកស្រី Angelina Jolie នៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖

«សូមសរសើរអស់ពីបេះដូង ដែលគាត់ស្រលាញ់ចូលចិត្តកម្ពុជា ហើយតែងតែផ្សាភ្ជាប់បេះដូងរបស់គាត់ ជាមួយប្រទេសរបស់យើង ហើយចុងក្រោយនេះគាត់បានចំណាយ ពេលវេលា ធនធាន ទឹកចិត្តរបស់គាត់ ដើម្បីកម្ពុជា មានមុខលើឆាកអន្តរជាតិផ្នែកវិស័យភាពយន្ត! តបស្នងដោយការគាំទ្រឱ្យបានផុសផុលនូវភាពយន្តស្តីពីទឹកភ្នែក និងការឈឺចាប់របស់កម្ពុជាក្នុងរបបប្រល័យពូជសាសន៍»។

ចុះប្រិយមិត្តទាំងអស់គ្នាវិញ កោតសរសើរចំពោះទឹកចិត្តដ៏ល្អរបស់អ្នកស្រី Angelina Jolie មកលើកម្ពុជាយើង យ៉ាងណាខ្លះដែរ? 

ណុប បាយ៉ារិទ្ធ
អ្នកស្រី Angelina Jolie

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតវិញអ្នកស្រី Angelina Jolie និងកូនៗមកប្រទេសខ្មែរ ញ៉ាំអាពីង និងខ្យាដំរីមិនញញើតមាត់នៅខេត្តសៀមរាប ព្រោះតែវាមានរសជាតិឆ្ងាញ់ពិសា។

ក្នុងនាមជាតារាហូលីវូដដ៏ល្បី យើងអាចនិយាយបានថា អ្វីគ្រប់យ៉ាងសុទ្ធតែល្អ និងពិសេសសម្រាប់អ្នកស្រី Angelina Jolie ប៉ុន្តែអ្នកស្រីនៅតែព្យាយាមភ្លក់នូវម្ហូបដែលមើលទៅគួរខ្លាច។ តារាស្រីវ័យ ៤១ឆ្នាំ និងកូនៗ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការពិសាអាហារប្រចាំនៅក្នុងតំបន់ ដែលមានដូចជាអាពីង និងខ្យាដំរី ខណៈពេលដែលអ្នកស្រីកំពុងស្នាក់នៅលើទឹកដីកម្ពុជា។

អ្នកស្រីបានធ្វើដំណើរមកកាន់ទឹកដីកម្ពុជា ក្នុងគោលចំណងផ្សព្វផ្សាយរឿងថ្មីរបស់អ្នកស្រីដែលមានចំណងជើងថា មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father ដែលបានទើបបានសម្ពោធចាក់បញ្ចាំងលើទឹកដីសៀមរាបអង្គរ។

ក្រៅពីការងារផ្សព្វផ្សាយរឿងថ្មី អ្នកស្រីក៏បានបង្ហាញអ្នកយកព័ត៌មានរបស់ BBC អំពីរបៀបនៃការចំអិនម្ហូបអាហារក្នុងតំបន់មួយចំនួន ជាពិសេសនោះគឺរបៀបចម្អិនសត្វអាពីង និងខ្យាដំរីដែលជាម្ហូបពិសេសសម្រាប់ប្រទេសមួយនេះតែម្តង។

វីដេអូមួយ ត្រូវបង្ហោះចូលទៅកាន់គេហទំព័រ Twitter របស់ BBC ដែលគេឃើញមាន អ្នកស្រី Angelina ឡោមព័ទ្ធដោយកូនៗរបស់អ្នកស្រី ដែលកំពុងតែចាប់ហែកអាពីងដើម្បីយកធ្មេញរបស់វាចេញមុនពេលញ៉ាំ។

អ្នកស្រីបានពន្យល់ទៅកាន់អ្នកយកព័ត៌មានរបស់ទូរទស្សន៍BBCថា “ខ្ញុំគិតថា សត្វល្អិតទាំងនេះគឺជាអាហារដ៏ចាំបាច់សម្រាប់ប្រជាជននៅក្នុងប្រទេសនេះ។ ប៉ុន្តែខ្ញុំគិតថា វាច្បាស់ណាស់ដែលយើងត្រូវការរស់រានមានជីវិតនៅពេលដែលប្រទេសមានសង្គ្រាម”។ អ្នកស្រីក៏បានបន្ថែមទៀតថា “នៅពេលដែលពួកគេអត់ឃ្លានបំផុតនោះ គឺពួកគេមានសត្វល្អិតទាំងនេះ ដែលជួយឲ្យពួកគេរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះបាន”។ អ្នកស្រីក៏បានប្រាប់ទៅកាន់ BBC ដែរថា អ្នកស្រីបានសាកល្បងអាហារទាំងនេះ តាំងពីពេលដែលអ្នកស្រីបានមកកាន់ប្រទេសនេះជាលើកដំបូងមកម្ល៉េះ។

បន្ទាប់មកទៀត អ្នកស្រីក៏បាននែនាំអំពីរបៀបនៃការញ៉ាំសត្វល្អិតទាំងនោះឲ្យបានឆ្ងាញ់ជក់ចិត្ត។ អ្នកស្រីបាននិយាយទៅកាន់អ្នកយកព័ត៌មានរបស់ BBC ថា “ដំបូងអ្នកញ៉ាំចង្រិតសិន ញ៉ាំចង្រិតហើយ អ្នកញ៉ាំស្រាបៀរបន្តិច រួចចាំសាកល្បងញ៉ាំ អាពីងម្តង”។ ស្ត្រីជាម្តាយរបស់កូនៗទាំង៦នាក់រូបនេះ តែងតែព្យាយាមធ្វើយ៉ាងណាឲ្យកូនៗរបស់ខ្លូនយល់ដឹងអំពីអាហាររបស់ប្រទេសកំណើតរបស់ពួកគេ។

នៅក្នុងវីដេអូនោះដែរ គេឃើញអ្នកស្រី Angelina និងកូនៗរបស់អ្នកស្រីពិតជារីករាយ និងពេញចិត្តនឹងរសជាតិនៃសត្វល្អិតទាំងនោះយ៉ាងខ្លាំង។ អ្នកស្រីបាននិយាយថា “វាពិតជារសជាតិមួយដែលពិសេសបំផុត”។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ