រុស្ស៊ី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថាក្រុមហ៊ុនរបស់រុស្ស៊ីមួយ បានផលិតម៉ាស៊ីនដ៏អស្ចារ្យ ឈ្មោះ HOVERBIKE ឬ កង់ហោះ សម្រាប់ធ្វើដំណើរដំបូងបំផុត ក្នុងពិភពលោក ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរជាប្រចាំថ្ងៃបានយ៉ាងច្រើន។

HOVERBIKE ឬ កង់ហោះនេះ ត្រូវបានរចនាឡើងមកជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យ ដោយបំពាក់កៅអីអង្គុយចំនួន១ និងអាចលើកមនុស្សចំនួនម្នាក់ទៅលើអាកាសបាន ជាមួយប្រព័ន្ធគ្រប់គ្រងការហោះហើរ យ៉ាងមានសមត្ថភាព។  

ប្រភពព័ត៌មានបានឲ្យដឹងថា កង់ហោះ នេះមានឈ្មោះថា Scorpion-3 វាត្រូវបានរចនាឡើងដោយរួមបញ្ចូលជាមូយបច្ចេកវិទ្យាស្តង់ដា របស់ម៉ូតូ និងការផ្គុំគ្នារវាងឧទ្ធម្ភាគចក្រដ្រូន ដែលមានស្លាបបួន។ ការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទាំងនេះ អនុញ្ញាតឲ្យអ្នកបើកបរ អាចបត់បែននៅក្នុងអាកាស ដូចកំពុងតែជិះកង់អ៊ីចឹង។

អ្នកជំនាញដែលបង្កើតកង់ហោះមួយនេះ បាននិយាយថា Scorpion-3 អាចផ្ទុកទំងន់បានចំនួន ១២០គីឡូក្រាម និងអាចហោះបានក្នុងល្បឿនជិត ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង លើកម្ពស់ជាង១០ម៉ែត្រ។ អ្នកជំនាញបន្តថា វាអាចហោះហើរបានរយៈពេលជាង ២៧នាទី ហើយជាមួយនឹងសមត្ថភាពដ៏អស្ចារ្យបែបនេះ តម្លៃក៏មិនធម្មតាដែរ ដោយអ្នកអាចបញ្ជាទិញបានក្នុងតម្លៃប្រមាណ ១៥០.០០០ដុល្លារអាមេរិក។

គួរបញ្ជាក់ថា ល្បឿនអតិបរមារបស់ Scorpion-3 គឺត្រូវបានកំណត់ឲ្យស៊ីគ្នាជាមួយនឹងកម្ពស់ដែលវាអាចហោះបាន ដើម្បីជាយន្តការសុវត្ថិភាពបើកបរ និងស្ថិតក្នុងគោលបំណងដើម្បីបង្ការការកើតមានគ្រោះថ្នាក់ ខណៈក្រុមអ្នកផលិត មានបំណងចង់ បង្កើនសមត្ថភាពរបស់វាបន្ថែមទៀត៕

ចង់ដឹងថា HOVERBIKE ឬ កង់ហោះ នេះ មានសមត្ថភាពអស្ចារ្យប៉ុណ្ណានោះ ទៅទស្សនាវីដេអូទាំងអស់គ្នា៖  

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ អាវឆ្លាតវៃ! អាចផ្ទុកអីវ៉ាន់បាន ១៥គីឡូក្រាម ត្រូវចិត្តអ្នកធ្វើដំណើរតាមយន្ដហោះ

អ្នករាល់គ្នាប្រាកដជា ជួបការលំបាករាល់ពេលធ្វើដំណើរកំសាន្ត ទៅក្រៅប្រទេស ដោយសារតែបរិមាណអីវ៉ាន់ របស់អស់លោកអ្នកមានចំនួនច្រើន និងសំពីងសំពោងពេលឡើងយន្តហោះម្ដងៗ ដែលវាបង្កការរំខានយ៉ាងខ្លាំង។

អ្វីដែលសំខាន់ជាងនេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តទិញអីវ៉ាន់ ពីប្រទេសក្រៅ យកមកប្រើប្រាស់ ប្រាកដជាជួបការលំបាកដូចគ្នា ខណៈដែលក្រុមហ៊ុនហោះហើរមួយចំនួន បានកំណត់ពីទម្ងន់អីវ៉ាន់ ដែលដាក់ក្នុងវ៉ាលី រីឯក្រុមហ៊ុនខ្លះតម្រូវឲ្យអ្នកដំណើរបង់ថ្លៃអីវ៉ាន់គិតជាគីឡូ ថែមទៀតផង។

យ៉ាងណាមិញ អាវមួយប្រភេទ ត្រូវបានអ្នករចនាម៉ូតជនជាតិអូស្ត្រាលី និងត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ អាវថ្មីនេះជាប្រភេទអាវក្រៅ ដែលលក្ខណៈពិសេសរបស់វា គឺអ្នករាល់គ្នាអាចយកអីវ៉ាន់មានតម្លៃរបស់អ្នក ទៅទុកក្នុងហោប៉ៅអាវនេះ ដែលអាវនេះអាចផ្ទុកទំនិញដល់ទៅ ១៥គីឡូក្រាមឯណោះ។

អាវពិសេសនេះ មានហោប៉ៅជុំវិញចំនួន ១៤ ដែលលោកអ្នកអាចដាក់អីវ៉ាន់ជុំវិញខ្លួនបានដោយសេរី លើសពីនេះអាវនេះអាចពាក់បានដល់ទៅ ៣របៀប វែង ខ្លី និងល្មម។ លោកអ្នកអាច ដាក់កុំព្យូទ័រយួរដៃបានមួយគ្រឿង iPad ស្បែកជើង២គូ ខោខូវប៊យ២ អាវយឺត៥ អាវរងា និងកាមេរ៉ានៅក្នុងអាវនេះ បានជាមួយគ្នា។

ដូចនេះ លោកអ្នកមិនចាំបាច់បារម្ភថា ឥវ៉ាន់លោកអ្នកត្រូវបានបាត់បង់ ឬខូចខាតទៀតឡើយ ដោយសារតែវា នឹងនៅជាប់ខ្លួនលោកអ្នកជានិច្ច អ្វីដែលពិសេសនោះលោកអ្នកមិនចាំបាច់ខាតថ្លៃ ដាក់ឥវ៉ាន់តាមយន្តហោះទៀតឡើយ។

យ៉ាងណាមិញ អាវនេះកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកអ្នកឧបត្ថម្ភ ដើម្បីផលិតវាឲ្យចេញជារូបរាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]