សៀមរាប៖ ក្នុងនាមជាតារាហូលីវូដដ៏ល្បី យើងអាចនិយាយបានថា អ្វីគ្រប់យ៉ាងសុទ្ធតែល្អ និងពិសេសសម្រាប់អ្នកស្រី Angelina Jolie ប៉ុន្តែអ្នកស្រីនៅតែព្យាយាមភ្លក់នូវម្ហូបដែលមើលទៅគួរខ្លាច។

តារាស្រីវ័យ ៤១ឆ្នាំ និងកូនៗ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការពិសាអាហារប្រចាំនៅក្នុងតំបន់ ដែលមានដូចជាអាពីង និងខ្យាដំរី ខណៈពេលដែលអ្នកស្រីកំពុងស្នាក់នៅលើទឹកដីកម្ពុជា។

អ្នកស្រីបានធ្វើដំណើរមកកាន់ទឹកដីកម្ពុជា ក្នុងគោលចំណងផ្សព្វផ្សាយរឿងថ្មីរបស់អ្នកស្រីដែលមានចំណងជើងថា មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father ដែលបានទើបបានសម្ពោធចាក់បញ្ចាំងលើទឹកដីសៀមរាបអង្គរ។

ក្រៅពីការងារផ្សព្វផ្សាយរឿងថ្មី អ្នកស្រីក៏បានបង្ហាញអ្នកយកព័ត៌មានរបស់ BBC អំពីរបៀបនៃការចំអិនម្ហូបអាហារក្នុងតំបន់មួយចំនួន ជាពិសេសនោះគឺរបៀបចម្អិនសត្វអាពីង និងខ្យាដំរីដែលជាម្ហូបពិសេសសម្រាប់ប្រទេសមួយនេះតែម្តង។

វីដេអូមួយ ត្រូវបង្ហោះចូលទៅកាន់គេហទំព័រ Twitter របស់ BBC ដែលគេឃើញមាន អ្នកស្រី Angelina ឡោមព័ទ្ធដោយកូនៗរបស់អ្នកស្រី ដែលកំពុងតែចាប់ហែកអាពីងដើម្បីយកធ្មេញរបស់វាចេញមុនពេលញ៉ាំ។

អ្នកស្រីបានពន្យល់ទៅកាន់អ្នកយកព័ត៌មានរបស់ទូរទស្សន៍BBCថា “ខ្ញុំគិតថា សត្វល្អិតទាំងនេះគឺជាអាហារដ៏ចាំបាច់សម្រាប់ប្រជាជននៅក្នុងប្រទេសនេះ។ ប៉ុន្តែខ្ញុំគិតថា វាច្បាស់ណាស់ដែលយើងត្រូវការរស់រានមានជីវិតនៅពេលដែលប្រទេសមានសង្គ្រាម”។ អ្នកស្រីក៏បានបន្ថែមទៀតថា “នៅពេលដែលពួកគេអត់ឃ្លានបំផុតនោះ គឺពួកគេមានសត្វល្អិតទាំងនេះ ដែលជួយឲ្យពួកគេរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះបាន”។ អ្នកស្រីក៏បានប្រាប់ទៅកាន់ BBC ដែរថា អ្នកស្រីបានសាកល្បងអាហារទាំងនេះ តាំងពីពេលដែលអ្នកស្រីបានមកកាន់ប្រទេសនេះជាលើកដំបូងមកម្ល៉េះ។ 

បន្ទាប់មកទៀត អ្នកស្រីក៏បាននែនាំអំពីរបៀបនៃការញ៉ាំសត្វល្អិតទាំងនោះឲ្យបានឆ្ងាញ់ជក់ចិត្ត។ អ្នកស្រីបាននិយាយទៅកាន់អ្នកយកព័ត៌មានរបស់ BBC ថា “ដំបូងអ្នកញ៉ាំចង្រិតសិន ញ៉ាំចង្រិតហើយ អ្នកញ៉ាំស្រាបៀរបន្តិច រួចចាំសាកល្បងញ៉ាំ អាពីងម្តង”

ស្ត្រីជាម្តាយរបស់កូនៗទាំង៦នាក់រូបនេះ តែងតែព្យាយាមធ្វើយ៉ាងណាឲ្យកូនៗរបស់ខ្លូនយល់ដឹងអំពីអាហាររបស់ប្រទេសកំណើតរបស់ពួកគេ។

នៅក្នុងវីដេអូនោះដែរ គេឃើញអ្នកស្រី Angelina និងកូនៗរបស់អ្នកស្រីពិតជារីករាយ និងពេញចិត្តនឹងរសជាតិនៃសត្វល្អិតទាំងនោះយ៉ាងខ្លាំង។ អ្នកស្រីបាននិយាយថា “វាពិតជារសជាតិមួយដែលពិសេសបំផុត”។ 

សូមទស្សនាវីដេអូសកម្មភាពរបស់អ្នកស្រី Angelina Jolie ជាមួយនឹងការភ្លក់អាហាររបស់កម្ពុជានៅខាងក្រោម៖

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានរបស់អ្នកស្រីAngelina មួយទៀត៖ Angelina Jolie ស្រក់ទឹកភ្នែកលើទឹកដីកម្ពុជា ពេលកំពុងផ្តល់បទសម្ភាសន៍ជាមួយ BBC (មានវីដេអូ)

សៀមរាប៖ អ្នកស្រី Angelina Jolie បានទម្លាយអារម្មណ៍ពិតរបស់ខ្លួនជាលើកដំបូង និងជាសាធារណៈអំពីការបែកបាក់ទំនាក់ទំនងស្នេហារវាងអ្នកស្រី និងលោក Brad Pitt ដែលធ្វើឲ្យជះឥទ្ធិពលទៅលើកូនៗទាំង៦នាក់របស់ពួកគេ។

នៅខណៈពេលនៃបទសម្ភាសន៍នោះដែរ តារាហូលីវូដដ៏ល្បីល្បាញរូបនេះ កំពុងស្ថិតនៅលើទឹកដីកម្ពុជាជាមួយកូនៗរបស់អ្នកស្រី ដើម្បីចូលរួមកម្មវិធីសម្ពោធរឿងថ្មី ស្រាប់តែគេឃើញអ្នកស្រីបានសម្រក់ទឹកភ្នែកភ្លាមៗតែម្តង នៅពេលដែលអ្នកសារព័ត៌មានរបស់BBC បានសួរសំនួរចាក់ដោតបេះដូងមួយទាក់ទងនឹងការបែកបាក់ស្នេហារបស់អ្នកស្រី និង​​លោក Brad Pitt

“ខ្ញុំមិនចង់និយាយអ្វីច្រើនអំពីរឿងមួយនេះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា វាជាពេលវេលាមួយដ៏លំបាកបំផុត។ ពួកយើងជាគ្រួសារ ហើយពួកយើងនឹងនៅតែជាគ្រួសារជាមួយគ្នាជារៀងរហូត” អ្នកស្រី Angelina Jolie បានឆ្លើយតបទាំងអារម្មណ៍ក្តុកក្តួល។

តារាសម្តែងវ័យ ៤១ឆ្នាំរូបនេះបានបន្ថែមទៀតថា “វាពិតជាពិបាកខ្លាំងណាស់។ មនុស្សជាច្រើនបានឆ្លងកាត់ស្ថានភាពមួយដែលដូចខ្ញុំនៅពេលឥឡូវនេះអ៉ីចឹង។ គ្រួសាររបស់ខ្ញុំទាំងមូលបានឆ្លងកាត់ពេលវេលាដ៏លំបាកនេះ”

អ្នកស្រីក៏បានពន្យល់ទៅកាន់BBCដែរថា “ឥឡូវនេះ ខ្ញុំយកចិត្តទុកដាក់ជាសំខាន់ទៅលើកូនៗរបស់ខ្ញុំ និងកូនៗរបស់យើង។ ពួកយើងនៅតែជាគ្រួសារតែមួយជារៀងរហូត។​ នេះជាវិធីដែលខ្ញុំព្យាយាមប្រឈមមុខជាមួយបញ្ហាមួយនេះឲ្យបានល្អបំផុត។ ខ្ញុំកំពុងព្យាយាមរកវិធីសាស្រ្តយ៉ាងណា ដើម្បីឲ្យពួកយើងអាចបន្តដំណើរទៅមុខបានឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធជាងមុន”

គួរឲ្យដឹងដែរថា អ្នកស្រី Jolie បានបង្ហាញវត្តមានជាផ្លូវការលើកដំបូងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីចាក់បញ្ចាំងរឿង មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father ដែលរៀបរាប់អំពីជីវិតក្រោមការគ្រប់គ្រងរបស់សម័យប៉ុលពត៕

សូមទស្សនាវីដេអូបទសម្ភាសន៍របស់អ្នកស្រី Jolie ជាមួយ BBC៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]