ភ្នំពេញ៖ តារាបាល់ទាត់ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបំប៉ោងសំណាញ់ទីគូប្រកួត ១គ្រាប់ហើយ បន្ទាប់ពីបង្ហាញខ្លួនលើទីលានជាមួយការប្រកួតមិត្តភាពក្រៅផ្លូវការ ៣លើករបស់ក្លឹប Fujieda MYFC ដោយគ្រាប់បាល់រកបានលើកដំបូងរបស់កីឡាករជំនាញជើងឆ្វេងនេះ គឺជាគ្រាប់បាល់ Free-Kick ដ៏អស្ចារ្យទៀតផង កំឡុងពេលជួយក្រុមសមាជិក J League 3 នេះយកឈ្នះក្រុម Meijo University ដោយលទ្ធផល ៦-១ កាលពីម្សិលមិញ ។

គួរបញ្ជាក់ថា វឌ្ឍនាកា បានទៅដល់ប្រទេសជប៉ុន និងចូលរួមជាមួយក្លឹប Fujieda កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ បន្ទាប់មក ២ថ្ងៃទើបគេចាប់ផ្ដើមហ្វឹកហាត់ និងបានចូលរួមប្រកួតមិត្ដដកស្រង់បច្ចេកទេសចំនួន ៣ប្រកួត តែ ២ប្រកួតដំបូងកូនប្រុសទី២ របស់អភិបាលខេត្តកំពតនេះ រកមិនបានគ្រាប់បាល់ជួយក្រុមថ្មីនេះឡើយ ហើយថែមបរាជ័យទៀតផង ពោលគឺចាញ់ក្រុមលំដាប់លីគទី៣ របស់ជប៉ុនដូចគ្នា គឺក្រុម Y.S.C.C YOKOHAMA ៤-១ បន្ទាប់មកប្រកួតចាញ់ក្រុមលំដាប់លីគទី២ GIFU ដោយលទ្ធផល ២-១ ។

ចាន់ វឌ្ឍនាកា តាមរយៈទំព័រ Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda បានឲ្យដឹងថា មកទល់ពេលនេះ ខ្លួនបានស៊ាំនឹងទម្រង់លេងរបស់ក្រុមថ្មីបន្ដិចម្ដងៗហើយ ហើយគេនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីជួយក្រុមក្នុងការប្រកួតលីគលំដាប់ទី៣ របស់ជប៉ុននាពេលខាងមុខ ។ ទំព័រ Faccebook បញ្ជាក់ដែរថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការមករួមរស់ជាមួយក្លឹប Fujieda មួយរយៈពេលខ្លីនេះ គឺកាលពីម្សិលមិញ វឌ្ឍនាកា ពិតជាធ្វើបានល្អ ដោយដើមវគ្គទី១ គេបានទាត់បាល់ Free-Kick បំប៉ោងសំណាញ់ទីក្រុម Meijo University យ៉ាងស្រួល ដែលធ្វើឲ្យមិត្តរួមក្រុមថ្មីកោតសរសើរទៀតផង ៕ 

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ គ្រូបង្វឹក Fujieda សរសើរកីឡាករ ចាន់ វឌ្ឍនាកា ពូកែទាំង​ប្រយុទ្ធ និងដណ្ដើម​បាល់​ដៃគូបានល្អ

(ជប៉ុន)៖ កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញសមត្ថភាពជាមួយមិត្តរួមក្រុមថ្មីនៃក្លឹប Fujieda MYFC ហើយ នៅ​ក្នុងជំនួបមិត្តភាព ក្រៅផ្លូវការមួយ កាលពីល្ងាចមិញដោយជួបក្រុមលំដាប់លីគទី៣ របស់ជប៉ុនដូចគ្នា គឺក្លឹប Y.S.C.C YOKOHAMA។ មិនតែប៉ុណ្ណោះតារាបាល់ទាត់ ជំនាញជើងឆ្វេងរូបនេះ ថែមទាំងទទួលបានការកោតសរសើរ​ពីគ្រូបង្វឹកទៀត​ផង។ នេះបើតាមការបញ្ជាក់លើទំព័រ Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda នារាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

នេះគឺជាការប្រកួតដំបូងរបស់កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពីរូបគេបានធ្វើដំណើរទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទដើម​សប្ដាហ៍កន្លង​ទៅ និងបានចូលហ្វឹកហាត់ជាផ្លូវការជាមួយក្លឹប Fujieda MYFC កាលពីថ្ងៃទី១៥ ខែកុម្ភៈថ្មីៗនេះ ដែលជាការ​ចូល​រួម​ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ ប៉ុន្ដែក្រោយការហ្វឹកហាត់បានរយៈពេល ២ថ្ងៃ និងបង្ហាញសមត្ថភាព​ក្នុងការប្រកួត​ខាង​លើ វឌ្ឍនាកា មិនបានជួយក្រុមថ្មីរបស់ខ្លួនឲ្យទទួលលទ្ធផលល្អនោះទេ គឺចាញ់ក្រុម Y.S.C.C YOKOHAMA ដោយ​លទ្ធផល ៤-១ ។

ប៉ុន្ដែទោះជាបែបនេះក្ដីលោក Atsushi Oishi គ្រូបង្វឹកក្រុម Fujieda MYFC នៅតែមើលឃើញពីចំណុចល្អរបស់ ចាន់ វឌ្ឍនាកា និងបានកោតសរសើរ កូនប្រុសទី២របស់អភិបាលខេត្តកំពតរូបនេះ គឺជាកីឡាករល្អ និងចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដើម្បីរួម​ចំណែក​ប្រកួតប្រជែងលីគលំដាប់ទី៣ របស់ជប៉ុននាពេលឆាប់ៗខាងមុខ។ ក្រោយបញ្ចប់ការប្រកួត​មិត្តភាពក្រៅផ្លូវការ​ខាង​លើលោក Atsushi Oishi បាននិយាយយ៉ាងខ្លីថា «ចាន់ វឌ្ឍនាកា លេងជាខ្សែប្រយុទ្ធក៏ល្អ ហើយការដណ្ដើម​បាល់ពីដៃ​គូក៏ល្អ»។

យ៉ាងណាមិញលោកបានទទួលស្គាល់ថា កីឡាករទើបផ្ទេរពីក្លឹបបឹងកេតអង្គរនេះ ទើបទៅដល់ប្រទេសជប៉ុន ដោយមិនទាន់ស៊ាំ​នឹងអាកាសធាតុត្រជាក់នៅទីនោះ ដូច្នេះការហ្វឹកហាត់ និងកម្លាំងរបស់គេមិនទាន់គ្រប់គ្រាន់នោះទេ។ តែអ្វីដែលលោកពេញ​ចិត្តចំពោះទម្រង់លេងរបស់ វឌ្ឍនាកា គឺជំនាញស៊ុតបញ្ចូលទី និងការបង្កបញ្ហាដល់ខ្សែការពារក្នុងតំបន់គ្រោះថ្នាក់ ដែលធ្វើឲ្យ​លោក​ជឿជាក់ថា រដូវកាលថ្មីនេះគេនឹងអាចរកគ្រាប់បាល់បានច្រើន ដើម្បីជួយក្រុម Fujieda MYFC ឆ្ពោះទៅដណ្ដើមកៅអីលីគ​លំដាប់ទី២ របស់ជប៉ុន៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]