ភ្នំពេញ៖ តារាចម្រៀងប្រុសមុខស្រស់សង្ហា លោក Step ម្ចាស់បទ « Friend Zone» ថ្មីៗនេះ លោកបានបង្ហោះសារមួយជាមួយនឹងរូបថតមួយសន្លឹក ដែលថតជាមួយនឹងអ្នកនាងពេជ្រ សោភា ដោយមានរៀបរាប់ថា៖

«ខ្ញុំស្គាល់គាត់ 5ឆ្នាំហើយ គាត់ក៏ជាអ្នកនាំខ្ញុំចូលហង្សមាស ដែលជាដើមហេតុឲ្យខ្ញុំ ខំប្រឹងខ្លួនឯងពីចេះតែរាំមួយគត់ រហូតដល់អាចឈរជើងដោយឯករាជ្យដូចសព្វថ្ងៃ... អរគុណសម្រាប់ដំបូន្មានកន្លងមកចែចែ»។

គួរឲ្យដឹងថា លោក Step ដំបូងឡើយគឺជាសមាជិកក្រុមចម្រៀងបុរស Legacy របស់ផលិតកម្មរស្មីហង្សមាស ដោយកាលនោះក្រុមចម្រៀងមួយនេះ មានការជួយជ្រោមជ្រែង និងមានការជម្រុញពីក្រោយខ្លះៗ ពីអ្នកនាង ពេជ្រ សោភា។ ប៉ុន្តែក្រោយដើរលើវិថីសិល្បៈ មិនប៉ុន្មានឆ្នាំផង ក៏ស្រាប់តែផ្ទុះជម្លោះផ្ទៃក្នុងមួយយ៉ាងធំ រវាងសមាជិកម្នាក់នៃក្រុម  ជាមួយនឹងអ្នកនាងពេជ្រ សោភា ចាប់ពីពេលនោះមក ក្រុម Legacy ក៏បានបាត់មុខបន្តិចម្តងៗ ពីលើវិស័យសិល្បៈ រហូតដល់បែកក្រុមមកដល់សព្វថ្ងៃ។

យ៉ាងណាមិញ ដោយសារតែការស្រលាញ់វិស័យសិល្បៈខ្លាំង លោក Step ដែលជាអតីតក្រុម Legacy ក៏បានខិតខំប្រឹងប្រែង ក្រោកឈរដោយខ្លួនឯង និងម្នាក់ឯងជាថ្មីម្តងទៀត ដោយលោកបានព្យាយាមសម្ងំលាក់ខ្លួននិពន្ធបទចម្រៀង Original Song ដោយខ្លួនឯង ជាច្រើនបទសម្រាប់ការវិលត្រឡប់មកឈរលើឆាកតន្រ្តីឡើងវិញ កាលពីអំឡុងឆ្នាំ២០១៦កន្លងមកនេះ ។ លើសពីនេះ លោកថែមទាំងនិពន្ធបទ ចម្រៀងមួយចំនួនធំសម្រាប់តារារៀមច្បង ដូចជា លោក ព្រាប សុវត្ថិ ថែមទៀតផង ដោយមានដូចជាបទ She's Back ជាដើម។

រហូតមកដល់បច្ចុប្បន្ននេះផងដែរ លោក Stepក៏កំពុងតែទទួលបានប្រជាប្រិយភាព និងការស្រលាញ់ចូលចិត្តយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ជាពិសេសយុវវ័យៗផងដែរ៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]