ភ្នំពេញ៖ តារាសម្តែងប្រុសរូបសង្ហា ទាក់ទាញមន្តស្នេហ៍ លោក ប៊ឺរី (Berry) ថ្មីៗនេះ ត្រូវបានតារាចម្រៀង សាន ផានិត អញ្ជើញចូលរួមសម្តែងធ្វើជាតួឯកប្រុស ក្នុងវីដេអូចម្រៀងថ្មីរបស់លោក ដែលមានចំណងជើងថា «ទូរស័ព្ទប្រាប់ផង»។

ក្នុងនោះផងដែរ លោក ប៊ឺរី  បានបង្ហើបពីអារម្មណ៍របស់ខ្លួន សម្រាប់ការត្រៀមខ្លួនលើកនេះ ដែលនឹងត្រូវចូលខ្លួនមកថតវីដេអូចម្រៀងឲ្យលោក សាន ផានិត នាពេលខាងមុខនេះ។ លោកប៊ឺរី​ បានប្រាប់ខ្មែរឡូតឲ្យដឹងថា ដំបូងឡើយ ពេលដែលបានដឹងថា លោកនឹងត្រូវត្រៀមខ្លួនថតឲ្យបទ «ទូរស័ព្ទប្រាប់ផង» របស់លោក សាន ផានិត លោកពិតជាមានអារម្មណ៍ថាប្លែក និងសប្បាយចិត្តមែនទែន។ 

លោកបន្តទៀតថា ចំពោះបទចម្រៀងដែលលោកនឹងត្រូវត្រៀមខ្លួនថតនេះ វាពិតជាបទមួយដែលពេញនិយមខ្លាំងមែនទែន កាលពីប្រមាណ ២០ឆ្នាំមុន  ដែលនឹងត្រូវលើកយកមកច្រៀង និងសម្តែងឡើងវិញម្តងទៀត។ លោក ប៊ឺរី ក៏បង្ហាញពីភាពជឿជាក់ដែរថា បទនេះនឹងល្បី ហើយទទួលបានការចាប់អារម្មណ៍ដូចជាបទមុនៗរបស់លោក សាន ផានិតដែរ ពោលគឺដូចជាបទ «ជាប់រវល់» ជាដើម ដោយគេនៅចាំបានថាទាំងប្លង់ថត និងទាំងសាច់រឿងរបស់វីដេអូ ពិតជាគួរឲ្យទាក់ទាញខ្លាំងតែម្តង។

លោក ប៊ឺរី បន្តថា បទចម្រៀង «ទូរស័ព្ទប្រាប់ផង» នេះ ក៏មិនខុសប្លែកពីលើកមុនដែរ ដោយសាច់រឿងនៃចម្រៀងមួយនេះ ពិតជាប្លែក និងគួរឲ្យទាក់ទាញ  ហើយលោកក៏សប្បាយចិត្តដែលលោក សាន ផានិត ជឿជាក់ និងទុកចិត្តយ៉ាងខ្លាំងមកលើសមត្ថភាពរបស់លោក។ 

គួរឲ្យដឹងដែរថា នៅក្នុងវីដេអូចម្រៀងមួយបទនេះ ក៏នឹងមានបញ្ចូលប្លង់បង្ហាញពីសកម្មភាពដេញចាប់ចោរ របស់វីរបុរស Lee SengHong ចូលទៅក្នុងនោះផងដែរ។ ដូច្នេះពិតជាប្លែកខ្លាំងមែនទែន  បើចង់ដឹងថាសាច់រឿង នៃវីដេអូបទចម្រៀង«ទូរស័ព្ទប្រាប់ផង» ដែលសម្តែងដោយ លោក ប៊ឺរី  កញ្ញា Celaline  កញ្ញា Mary  និងលោក Maco មានអត្ថន័យទាក់ទាញខ្លាំងប៉ុណ្ណានោះ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា ដែលនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ប៊ឺរី(Berry)
Celaline
Mary
Maco

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ពីរឿងផ្ទាល់ខ្លួនខ្លះៗ របស់តួឯកប្រុស គឺលោកប៊ឺរី វិញម្តង។ គួរឲ្យដឹងថា លោក ប៊ឺរី គឺជាតារាសម្តែងប្រុស មានប្រជាប្រិយភាព ដែលថ្មីៗនេះ មានភាពមមាញឹកជាមួយការងារសិល្បៈច្រើនគួរសម។ ក្នុងនោះលោកទើបតែបញ្ចប់ការថតខ្សែភាពយន្តឲ្យអ្នកស្រី ពាន់ ភួងបុប្ផា រួចផងដែរ ដែលមានចំណងជើងថា « សម្បត្តិបុរស»  និងនៅសល់ខ្សែភាពយន្តចំនួន៤រឿងទៀត របស់ផលិតកម្មផ្សេងៗមួយចំនួនទៀតមិនទាន់បានបញ្ចប់ ដូចជារឿង «កាហ្វេ ឡាតេ, ផ្ការីកក្នុងចិត្ត, ម្តាយក្មេករើសកូនប្រសារ និង ស្រទន់មន្តស្នេហ៍» ។

ចំណែកចំណង់ចំណូលចិត្ត លោក ប៊ឺរី គឺជាមនុស្សស្រលាញ់ការថតរូបភាព  និងគូររូប ខ្លាំងមែនទែន  ហើយនៅថ្ងៃអនាគត  លោកមានបំណងចង់បើកស្ទូឌីយូថតរូប និងរចនារូបមួយផ្ទាល់ខ្លួនដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ឺររី