ព័រតូរីកូ៖ ពិធីការិនីមួយរូបបានរងនូវភាពអាម៉ាសយ៉ាងខ្លាំង ដោយសារតែនាងបានជ្រុះធ្មេញរបស់នាង នៅក្នុងកម្មវិធីកំពុងផ្សាយផ្ទាល់មួយ។

នាង Sonya Cortes ជនជាតិ ព័រតូរីកូ អាយុ៥៦ឆ្នាំ ជាពិធីការិនីប្រចាំនៅក្នុងកម្មវិធី 'Lo Se Todo' (ខ្ញុំដឹងគ្រប់យ៉ាង)។

នៅពេលកម្មវិធីកំពុងតែដំណើរការផ្សាយ នាង Sonya Cortes បានសើចយ៉ាងខ្លាំង ស្រាប់តែធ្មេញមុខលើខាងស្តាំរបស់នាងជ្រុះចេញពីម៉ាត់តែម្តង។

ភ្លាមៗនោះ នាងក៏បានព្យាយាមស្វែងរកធ្មេញនោះ និងព្យាយាមបិទម៉ាត់របស់នាងយ៉ាងប្រុងប្រយ័ត្នផងដែរ។

ប៉ុន្តែ បើទោះបីជាឧប្បត្តិហេតុនេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ និងបានបង្ហាញពីចន្លោះប្រហោងដោយសារតែធ្មេញដែលជ្រុះនោះក៏ដោយ ក៏នាង Sonya Cortes នៅតែប្រកែកថា នោះមិនមែនជាធ្មេញទេ ហើយរបស់ពណ៌ស ដែលជ្រុះចេញពីម៉ាត់នាងនោះ គឺជាស្ករកៅស៊ូទៅវិញទេ។

នាងបានពន្យល់ពីអ្វីដែលបានកើតឡើងតាមរយៈការបង្ហោះវីដេអូមួយចូលទៅក្នុងគណនីបណ្តាញសង្គមរបស់នាង ដោយនាងបាននិយាយថា “ខ្ញុំមិនអាចលេបវាបានទេ ព្រោះថា បើសិនជាខ្ញុំលេបវាទៅ វានឹងធ្វើឲ្យខ្ញុំស្ទះដង្ហើមស្លាប់ជាក់ជាពុំខាន។ រឿងដែលបានកើតឡើងចំពោះខ្ញុំ មិនអាចកើតឡើងលើមនុស្សគ្រប់គ្នាទេ”។

“ខ្ញុំសុំសារភាពថា ថៅកែរបស់ខ្ញុំបានហៅខ្ញុំទៅជួប ហើយនាងពិតជាខឹងនឹងខ្ញុំខ្លាំងណាស់ ព្រោះតែខ្ញុំចូលចិត្តទំពារស្ករកៅស៊ូនៅក្នុងម៉ាត់របស់ខ្ញុំ។ ខ្ញុំចូលចិត្តរបស់ផ្អែមៗ”។

“ថ្ងៃនេះ ខ្ញុំត្រូវបានគេហៅឲ្យទៅលើឆាកភ្លាមៗនៅខណៈពេលដែលកម្មវិធីរៀបនឹងចាប់ផ្តើម ហើយខ្ញុំក៏ទើបតែបានញ៉ាំស្ករកៅស៊ូនោះដែរ។ ខ្ញុំព្យាយាមធ្វើដូចជាគ្មានអ្វីបានកើតឡើង ប៉ុន្តែវាមិនអាចទៅរួចទេ ព្រោះតែខ្ញុំមានអារម្មណ៍ថាថប់ដង្ហើម”។

“វាមិនមែនជាធ្មេញទេ វាជាស្ករកៅស៊ូ បើមិនជឿមើលនេះទៅ ធ្មេញខ្ញុំអត់មានចន្លោះប្រហោងទេ”។

ឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់រវាង ពិធីការិនី និងអ្នកនិយមលេងអ៉ីនធឺណែតចំពោះរឿងមួយនេះ អ្នកយកព័ត៌មានមួយរូបឈ្មោះ Ivette Sosa បាននិយាយការពារពិធីការិនីដែលត្រូវបានគេចោទថាជ្រុះធ្មេញនោះថា “គ្រាន់តែជ្រុះធ្មេញ មិនគួរត្រូវបានសើចចំអកពីនរណាម្នាក់ឡើយ ខ្ញុំចាត់ទុកការលេងសើចមួយនេះ គឺជាសកម្មភាពដែលខ្វះការគោរពចំពោះអ្នកដទៃ”៕

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ណាសា ថតជាប់ថាសហោះ ចំនួន ៦គ្រឿង ដោយចៃដន្យពេលកំពុងផ្សាយផ្ទាល់ តែព្យាយាមលាក់បាំង (មានវីដេអូ)

បរទេស៖ អង្គការ ណាសា ត្រូវបានគេចោទប្រកាន់ថា បានព្យាយាមលាក់បាំង ការរកឃើញសញ្ញាដែលបង្ហាញថាមានមនុស្សភពផ្សេង បន្ទាប់ពីមានវីដេអូមួយបានបង្ហាញឲ្យឃើញ ថាសហោះ (UFO) ចំនួន ៦គ្រឿង ហោះកាត់ស្ថានីយ៍អវកាសអន្តរជាតិ ខណៈពេលកំពុងធ្វើការផ្សាយផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលនោះ វីដេអូត្រូវបានកាត់ផ្តាច់ភ្លាមៗ ហើយជំនួសមកវិញនូវរូបភាពដែលចេញពីកាម៉េរា ដោយបង្ហាញពីទិដ្ឋភាពនៅក្នុងបន្ទប់បញ្ជារបស់ណាសា។ សកម្មភាពទាំងនោះបានធ្វើឲ្យអ្នកវិភាគជាច្រើន សន្និដ្ឋានថានោះគឺជាវត្ថុដែលមិនស្គាល់អត្តសញ្ញាណ ហើយអង្គការណាសា ព្យាយាមលាក់បាំងពីភ្នែកសាធារណៈ។

ប្រភពព័ត៌មានបានបន្តថា សញ្ញានៃយានអវកាសទាំងនោះ ត្រូវបានអ្នកលេងបណ្តាញ យូធូប (YouTuber ) ដែលមានឈ្មោះថា Streetcap1 ចាប់អារម្មណ៍ឃើញ ហើយក៏ធ្វើការចែករំលែក (Share) វីដេអូ ដែលមានរយៈពេលប្រមាណ ៣១វិនាទីនោះទៅលើគណនីយូធូប ឈ្មោះ SecureTeam 10 តែម្តង។

លោក Tyler ដែលជាអ្នកគ្រប់គ្រង គណនី SecureTeam បាននិយាយថា “គាត់បានឃើញវត្ថុចម្លែក មានពន្លឺ ហោះពីចម្ងាយ នៅពីក្រោយស្ថានីយ៍អវកាស។ វត្ថុចម្លែកនោះអាចជាយានអវកាស វាមានចំនួនដល់ទៅ ០៦គ្រឿង ហើយបើតាមការប៉ាន់ស្មានវាអាចមានទំហំធំខ្លាំងណាស់”។

លោក Tyler បានឲ្យដឹងថា វត្ថុចម្លែកទាំងនោះ បានលេចឡើងនៅទីងងឹតដ៏ឆ្ងាយ ក្នុងលំហរ ហើយត្រូវបានអ្នកជំនាញជាច្រើនសន្និដ្ឋានយ៉ាងច្បាស់ថា ជាយានអវកាសរបស់មនុស្សភពផ្សេង។ លោកបាននិយាយ ទាំងមានការសង្ស័យថា ភ្លាមៗ ណាសា ក៏បានកាត់ផ្តាច់វីដេអូដែលផ្សាយផ្ទាល់មួយនោះ ហើយជំនួសនូវរូបភាពក្នុងបន្ទប់បញ្ជារបស់ ណាសា វិញ។

តែទោះជាយ៉ាងណា អតីតបុគ្គលិករបស់អង្គការ ណាសា ជាច្រើន បានចេញមកធ្វើការពន្យល់ផ្សេងៗ តាមបែបវិទ្យាសាស្រ្ត ដោយបដិសេធថា មិនមែនជាយានអវកាសទេ។ ខណៈមានប្រភពមួយចំនួនបានអះអាងថា វត្ថុចម្លែកទាំង ០៦នោះ អាចគ្រាន់តែជាកម្ទេចកម្ទីផ្សេងៗ នៅក្នុងគន្លងតារាវិថីតែប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាវីដេអូដែលថតបានវត្ថុចម្លែកទាំង ០៦ ហោះកាត់ស្ថានីអវកាសអន្តរជាតិ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]