រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ បងប្រុស​របស់​ឈ្មោះ ប៊ុ​ន សុខ​លៀង ភេទ​ស្រី ហៅ ស្រី​មុំ អាយុ​២២​ឆ្នាំ បាន​ធ្វើ​ដំណើរ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ អះអាង​ថា ប្អូនស្រី​របស់​ខ្លួន​នៅ​រស់​នៅឡើយ​ទេ ហើយ​នៅ​ពេល​នេះ​គឺ​នៅ​ឯ​ស្រុក​កំណើត​ឯណោះ ។

ការ​ធ្វើ​ដំណើរ​ទៅ​ប៉ុស្តិ៍​នគរបាល​ អះអាង​ថា​ នេះ​បន្ទាប់​ពី​មាន​គេ​អះអាង​ថា សព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​បឹង​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ជិត​ស្ពាន​ទួល​ពង្រ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​គេ​អះអាង​ថា ជា​ស្ត្រី​ឈ្មោះ ប៊ុ​ន សុខ​លៀង ហៅ ស្រី​មុំ ។

គួរ​រម្លឹក​ថា សាកសព​ស្ត្រី​ម្នាក់​ ត្រូវ​បាន​បុរស​អ្នក​ដក​ក្រអៅឈូក​ម្នាក់​ បាន​ប្រទះ​ឃើញ​ក៏​បង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​ទាំង​ព្រឹក ក្នុង​ខណៈ​ដែល​បុរស​ម្នាក់​នោះ​ចុះ​ទៅ​ដក​ក្រអៅឈូក​នៅ​ក្នុង​បឹង​មួយ​កន្លែង ដែល​មាន​ឈូក និង​ស្មៅ​កក់​ដុះ​យ៉ាង​ទ្រុប ហើយ​សព​នោះ​ទើប​ស្លាប់​ប្រហែល​ ២​ថ្ងៃ​ប៉ុណ្ណោះ ។ តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​បច្ចេកទេស នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ នាង​ត្រូវ​បាន​ឃាតករ ធ្វើ​សកម្មភាព​ច្របាច់ក​សម្លាប់ ។

សូម​បញ្ជាក់​ថា រហូត​មក​ទល់​ពេល សព​ស្ត្រី​ខាងលើ​នៅ​តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា នគរបាល​មូលដ្ឋាន និង​នគរបាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យក​សាកសព​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​អង្គ​តា​មិ​ញ ដើម្បី​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​ ច្របាច់ក​សម្លាប់ ហើយ​ពេល​នេះ​នគរបាល​កំពង់​ស្រាវជ្រាវ​ រក​សាច់ញាតិ​ឲ្យ​ទៅ​ទទួល​ សាកសព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ចុះ​ដក​ក្រ​អាវ​ឈូក មិន​ទាន់​បាន​ដក​ផង​រត់ឡើង​មក​វិញ​ស្រែកហៅ​គេ​ឲ្យ​ជួយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​អ្នក​ដក​ក្រ​អាវ​ឈូក​លក់​ម្នាក់​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ស្មៅ​កក់​នៅ​ក្នុង​ទឹក​ត្រពាំង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​អ្នក​ដក​ក្រ​អាវ​ឈូក​ម្នាក់​បាន​ចុះ​ទៅ​ដក​ក្រ​អាវ​ឈូក​ដើម្បី​យក​ទៅ​លក់​ដើម្បី​ប្រាក់​ចិញ្ចឹមជីវិត ខណៈ​ទើបតែ​ចុះ​ទៅ​មិន​ទាន់​ទាំង​បាន​ដក​ផង ក៏​ប៉ះ​នឹងរ​បស់ទន់​ៗ​ក៏​រាវ​មើល ស្រាប់តែ​ប៉ះ​ចំ​សព​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ក៏​រត់ឡើង​មក​វិញ​ស្រែកហៅ​គេ​ហៅ​ឯង​ឲ្យ​ជួយ​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច ។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ តែ​​ជា​ជំ​ហ៊ាន​ដំបូង​គ្រាន់តែ​ដឹង​ថា ជា​សព​មនុស្ស​ស្រី​សង្ស័យ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ប៉ុណ្ណោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]