(សៀមរាប)៖ លោក ហ្សង់ហ្វ្រង់-ស័រ តាន់ អគ្គនាយកវិទ្យុបារាំងអន្តរជាតិ-RFI និងជាអ្នកសារព័ត៌មានចាស់វស្សា​ដ៏ល្បីល្បាញ​មួយរូប​ បានបង្ហាញអារម្មណ៍ថា លោកបានស្រក់ទឹកភ្នែកពីរតំណក់ ដោយមិនដឹងខ្លួន នៅពេលទស្សនាខ្សែភាពយន្ត «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» ដែលបានចាក់បញ្ចាំងជាផ្លូវកាលពីយប់មិញ នៅទីលានជល់ដំរី ខេត្តសៀមរាប។

លោក ហ្សង់ហ្វ្រង់-ស័រ តាន់ បានបញ្ជាក់ឲ្យដឹងថា ទឹកភ្នែកពីរតំណក់ស្រក់មកឯងៗ ដោយសារតែសាច់រឿងនៃភាពយន្តមួយនេះបានឆ្លុះបញ្ចាំង ពីជីវិតដ៏កំសត់របស់កុមារីម្នាក់ នៅសម័យខ្មែរក្រហម អ្វីដែលសំខាន់នោះលោកបានបញ្ជាក់ថា ខ្សែជីវិតដ៏កំសត់របស់លោក គឺដូចជាទៅហ្នឹង ជីវិតរបស់កុមារីម្នាក់នោះ ទើបធ្វើឲ្យលោកទប់ទឹកភ្នែកមិនបាន។

សារដ៏ខ្លីមួយបានបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបស់លោក ហ្សង់ហ្វ្រង់-ស័រ តាន់ បានបញ្ជាក់ថា៖ «សៀមរាបយប់មិញ...«ដើមដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ពីព្រោះភាពយន្តហ្នឹង និយាយពីសម័យ​ខ្មែរក្រហម...ពីព្រោះវារៀបរាប់ពីជីវិត របស់កុមារីម្នាក់...ពីព្រោះកាលសម័យហ្នុងខ្ញុំនៅក្នុងកងកុមារ លត់ដំដែរ...ពីព្រោះទុក្ខវេទនារបស់កុមារីនោះ ស្រដៀងគ្នានឹងទុក្ខវេទនា របស់ខ្ញុំ...ទើបខ្ញុំទប់អារម្មណ៍មិនបាន ទឹកភ្នែកពីរតំណក់ ស្រក់មកឯង...៤០ឆ្នាំកន្លងបាត់ទៅហើយ ចេះអ៉ីចឹងទៅកើត...»។

គួរបញ្ជាក់ថា ថ្លែងសុន្ទរកថាដ៏ខ្លីមួយ លោកស្រី Angelina Jolie ជាតារាហូលីវូតដ៏ល្បីល្បាញ និងជាអ្នកដឹកនាំរឿ​ងខាងលើនេះ​បានបញ្ជាក់ថា ខ្សែភាពយន្ដ មានចំណងជើងថា «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» មិនមែនផ្ដោត​សំខាន់ទៅ លើភាពភ័យខ្លាចនៃសង្រ្គាមនោះទេ ក៏ប៉ុន្តែ​គឺដើម្បីបង្ហាញពីភាពអត់ធ្មត់ សម្បុរសធម៌ និងទេពកោសល្យ​របស់ប្រជាជនខ្មែរ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ទីងមោងយក្ស ត្រូវបានដង្ហែ​ជាមួយមនុស្ស​ជាង២ម៉ឺននាក់ តាមដងផ្លូវក្នុង​ក្រុង​សៀមរាប-អង្គរ

(សៀមរាប)៖ ទីងមោងយក្ស ឬហៅម្យ៉ាងទៀតថា ជាតុក្កតាយក្ស ត្រូវបានគេរៀបចំដង្ហែតាមដងផ្លូវនានា ក្នុងទីក្រុង​សៀមរាប-អង្គរ នៅព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជាមួយនឹងអ្នកចូលរួម​ទស្សនាដ៏ច្រើនកុះករ ប្រហែល២ម៉ឺននាក់ អមដោយតន្ត្រីព្យុហយាត្រាកាយរឹទ្ធិជាតិកម្ពុជា ខេត្តសៀមរាបផងដែរ។

លោក អ៊ុន សាវ៉ាន់ ជាសមាជិករបស់គំរោងតុក្កតាយក្ស ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា ឆ្នាំនេះរូបតុក្កតាយក្ស (ទីមោងយក្ស)​ ដែលបានដំឡើងក្រោមប្រធានបទ «សិល្បៈ និងចម្រៀង ក្នុងទស្សវត្សទី៦០» រួមមាន៖

១- លោកតា គង់ ណៃ សិល្បៈករចាប៉ីដងវែង ក្នុងនិមិត្តរូប ដើម្បីចូលរួមអបរសារទ​ ការដាក់បញ្ចូលសិល្បៈចាប៉ីដងវែងខ្មែរ ជាបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ និងការអភិរក្សមរតកមនុស្សរស់នៃកម្ពុជា ។

២- សត្វមាន់គក គឺជានិមិត្តរូបឆ្នាំរកា ដែលជនានុជនខ្មែរ នឹងចូលរួមអបរសារទពិធីចូលឆ្នាំខ្មែរ ឆ្នាំថ្មី ឆ្នាំរកា ។

៣-សិល្បៈកររបាំក្ងោកប៉ៃលិន ដើម្បីរំលឹកដល់ការបង្កើតឡើង ដល់ការបង្កើតរបាំក្ងោកប៉ៃលិន ជាការបង្ហាញប្រពៃណី នៃជនជាតិកូឡា ក្នុងខេត្តប៉ៃលិន ជាតំបន់សម្បូណ៌ត្បូងធម្មជាតិដ៏មានតម្លៃ របស់ប្រទេសកម្ពុជា ។

៤- ក្រុមភ្លេងឆៃយុំា ជាភ្លេងប្រពៃណីវប្បធម៌ខ្មែរ ដែលប្រកបដោយភាពរីករាយស្វាហាប់ នៃប្រជាជាតិខ្មែរ ។

៥- ម៉ាស៊ីនថតភាពយន្ត​ និង អ្នកថតភាពយន្ត ដើម្បីរំលឹកដល់សម័យទស្សវត្សទី៦០ នៃការអភិវឌ្ឍវណ្ណកម្មភាពយន្តខ្មែរ ដែលធ្លាប់ល្បីរន្ទឺក្នុងតំបន់អាស៊ី និងពិភពលោក។

៦- រូបក្រពើ និងពស់កេងកង ជានិមិត្តរូបនៃភាពយន្តខ្មែរ រឿងក្រៃថោងក្រពើឆារ៉ាវ៉ាន់ និងរឿងពស់កេងកង រំលឹកដល់ស្នាដៃ នៃការផលិតភាពយន្តខ្មែរ ក្នុងទស្សវត្សទី៦០។

លោក អ៊ុន សាវ៉ាន់ បានឱ្យដឹងថា គម្រោងសហគមន៍សិល្បៈរបស់កុមារក្នុងស្រុកមួយនេះ បង្កើតឡើងក្នុងគោលបំណង ផ្តល់ឱ្យកុមារ ដែលជួបការលំបាកនូវមូលដ្ឋានបង្ករបង្កើត ដើម្បីជំរុញនិងលើកកំពស់ ការបញ្ចេញទស្សនៈផ្ទាល់ខ្លួន ព្រមទាំងទំនុកចិត្ត តាមរយៈសិល្បៈ ។

នេះជាឆ្នាំទី១១ហើយ ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានតែមួយ បានប្រារព្ធឡើង ដើម្បីកុមារដែលជួបការលំបាកជាង ៥០០នាក់ នៅក្រុងសៀមរាប បង្កើតបាននូវអារម្មណ៏ដ៏សំខាន់មួយ នៃសាមគ្គីគ្នាជាសហគមន៍ បង្កើតការងារជាក្រុម ផ្តល់នូវក្តីសង្ឃឹមមោទនភាព និងការកោតសរសើរ សម្រាប់ជាការលើកទឹកចិត្តពួកគេ ឱ្យ​ជំនះ​រាល់ បញ្ហាលំបាកនានា​ប្រចាំថ្ងៃ ដែលពួកគេនឹងជួបប្រទះ។

គំរោងតុក្កតាយក្ស (ទីមោងយក្ស) បានចាប់បដិសន្ធិឡើងនាឆ្នាំ​២០០៧ ក្នុងនាមជាគំរោង សហគមន៍សិល្បៈរបស់កុមារ ក្នុងស្រុកមួយ ដែលរហូតមកទល់សព្វថ្ងៃនេះ បានក្លាយជាគម្រោងសិល្បៈរបស់កុមារដ៏ធំបំផុត នៅប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]