រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជួប​រឿង​ស៊យ ខណៈ​ពេល​ដែល​គាត់​ឈប់​រថយន្ត​តាម​ផ្លូវ ដើម្បី​ឲ្យ​កូនស្រី​តូច​របស់​គាត់​ចុះ​ទៅ​បត់ជើង ដោយ​គាត់​មិន​បាន​ដាក់​គន្លឹះទ្វារ​រថយន្ត​ឡើយ ស្រាប់តែ​ពេល​នោះ​មាន​ចោរ​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ដល់ បាន​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​របស់​គាត់​លួច​យក​កាបូប រួច​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល បន្ទាប់​មក​ស្ត្រី​រូប​នោះ​បាន​បើករថយន្ត​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​តាម​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​ទល់មុខ​ក្រុមហ៊ុនស្រា​បៀរ​មួយ ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ព្រំ គ​ន្ធី អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មួយ ស្នាក់​នៅ​ក្នុង​បុរី លឹ​ម ឈាង​ហាក់ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​កាបូប​របស់​នាង ដែល​ត្រូវ​ចោរលួច​យក​ទៅ នោះ​មាន​លុយ​ចំនួន​១.០០០​ដុល្លារ​, ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង​, ម៉ាក អាយ​ហ្វូ​ន​ស៊ិ​ក​១​គ្រឿង​, ម៉ាក​ហូ​វៃ​១​គ្រឿង​, អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, លិខិតឆ្លងដែន​១​ច្បាប់ និង​ប័ណ្ណ​ធនាគារ​ចំនួន​៣​សន្លឹក​ផង​ដែរ​។ ដោយឡែក​ក្រុម​ចោរ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​ទី សេ​១០០ កូរ៉េ ពណ៌​ក្រហម​១​គ្រឿង​។ ស្ត្រី​រង​គ្រោះ​រូប​នោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ម៉ាក​ហា​យ ឡែ​ន​ឌ័​រ ពណ៌​ស មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ចេញពីផ្ទះ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ កូនស្រី​របស់​គាត់​បាន​ឈឺ​បត់ជើង គាត់​ក៏​បាន​ឈប់​រថយន្ត​ឲ្យ​កូន​បត់ជើង ដោយ​មិន​បាន​ដាក់​គន្លឹះទ្វារ​រថយន្ត​នោះ​ទេ ហើយ​ក្រោយ​ពេល​កូន​បត់ជើង​រួច គាត់​មិន​បាន​ឡើង​រថយន្ត​ភ្លាម​ៗ​នោះ​ឡើយ ដោយ​លាង​គូទ​ឲ្យ​កូន​សិន​។ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​នោះ បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​រួច​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ និង​ទូរស័ព្ទ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។ ក្រោយមក​នាង​ក៏​បាន​បើករថយន្ត​ត្រឡប់​ក្រោយ​វិញ និង​បាន​ចូល​ទៅ​កាន់​ប៉ុស្ដិ៍ នគរបាល​ចោម​ចៅ ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ក្រុម​ចោរ ចាត់ការ​តាម​ផ្លូវច្បាប់​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ការ​បើកទ្វារ​រថយន្ត​អ្នកដំណើរ​តាម​ផ្លូវ​នេះ មិនមែន​ទើបតែ​លើក​ទី​១​នោះ​ទេ កន្លង​មក ធ្លាប់​បាន​កើត​មាន​ជា​បន្តបន្ទាប់​រួច​មក​ហើយ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​គេ​សង្ស័យ​ថា មុខសញ្ញា​ចោរ​ខាងលើ​នោះ គឺ​ដដែល ដែល​បាន​ចេញ​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង ជា​ពិសេស​កន្លែង​លក់ដូរ ឬ​ចំណុច​ភ្លើងស្ដុប​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឲ្យ​តែ​មាន​រថយន្ត​ឈប់ ហើយ​ម្ចាស់​ធ្វេសប្រហែស គឺ​ពួក​ចោរ​ទាំងនោះ​បើកទ្វារ​លួច​យក​កាបូប ហើយ​តែងតែមាន​សំណាង​គេចខ្លួន​រួច​ដោយ​សុវត្ថិភាព​រហូត មិនដឹង​ថា ដល់​ពេល​ណា​ទើប ត្រូវ​ជាប់អន្ទាក់​នគរបាល​នោះ​ឡើយ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ល្បិច​ថ្មី​! បោក​តាម​សារ​ជា​សំឡេង​ក្នុង​ហ្វេ​ស​ប៊ុ​ក វេរ​លុយ​ដដែល​តាម​វី​ង

ខេត្តបន្ទាយមានជ័យ ៖ ល្បិច​ថ្មី​មួយទៀត​ដែល​ជនសង្ស័យ​ប្រើ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​(​ផ្ញើ​តាម​សារ​ជា​សំឡេង​) ដើម្បី​ឲ្យ​ភាគី​ម្ខាង​ជា​ដៃគូ​សន្ទនា វេរ​លុយ​មក​ឲ្យ​ខ្លួន ដោយ​ផ្ញើ​លេខ​កូដ​តាម​វី​ង ចំនួន​១.៥០០​ដុល្លារ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តាម​រយៈ​ការ​ស្រាវជ្រាវ​លេខ​ទូរស័ព្ទ ដែល​ជន​រង​គ្រោះ​ផ្ញើ​លុយ​មក​អោយ​។

លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​រ៉េ​ន តុលា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

បើ​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២៤ មក​រា ២០១៧ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ជនសង្ស័យ​ឈ្មោះ​រ៉េ​ន តុលា នេះ​បាន​លួច​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ RAKSA TEPICH ជា​របស់​ឈ្មោះ ជិន សិរី​សោភ័ណ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​-​សង្កាត់​៤ ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​ប្រើប្រាស់​សំឡេង​របស់​ជន​រង​គ្រោះ​(​ជិន សិរី​សោភ័ណ​) ផ្ញើ​ទៅ​កាន់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ សុខលាភ ភេទ​ស្រី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​និង​ជន​រង​គ្រោះ​ទី​១​ដែរ ។

បណ្តឹង​របស់​ជន​រង​គ្រោះ បន្ត​រៀបរាប់​ថា ដោយសារ​(​សារ​ក្នុង​ឆាត​ជា​សារ​ចាស់ ព្រោះ​មាន​សំឡេង​ជន​រង​គ្រោះ​ធ្លាប់​ផ្ញើ​សារ​អោយ​វេរ​លុយ​ម្តង​រួម​មក​ហើយ​) ស្រាប់តែ​ជនសង្ស័យ​លួច​យក​ហ្វេ​ស​ប៊ុ​ក​ជន​រង​គ្រោះ​ខាងលើ​បាន ហើយ​ឆាត​ជា​សំឡេង​ដដែល​សារ​ជា​ថ្មី ឲ្យ​ផ្ញើ​លុយ​ចំនួន​១​ពាន់​៥​រយ​ដុល្លារ ផ្ញើ​ទៅ​ចូល​លេខ​០៨៨ ៤៤៧១៨១០ ។ ជន​រង​គ្រោះ​ឈ្មោះ​កាន់ សុខលាភ នឹក​ស្មានថា ជា​សារ​ឈ្មោះ​ជិន សិរី​សោភ័ណ ដែល​ធ្លាប់​ឆាត​និយាយ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ក៏​បាន​ផ្ញើ​លុយ​មក​ចំនួន​១​ពាន់​៥​រយ​ដុល្លារ បន្ទាប់​ពី​បាន​លេខ​កូដ​វី​ង​ហើយ ជនសង្ស័យ​ក៏​ទៅ​បើក​យក​លុយ​នោះ ។

បណ្តឹង​របស់​ជន​រង​គ្រោះ​បន្ត​អោយ​ដឹង​ទៀត​ថា ក្រោយមក​ជន​រង​គ្រោះ កាន់ សុខលាភ ក៏​បាន​ឆាត​មក​សួរនាំ​ឈ្មោះ​ជិន សិរី​សោភ័ណ ពី​រឿង​បាន​ទទួល​លុយ​នោះ ទើប​ជិន សិរី​សោភ័ណ បាន​និយាយ​ថា មិនដឹង​ទេ លុយ​អី​គាត់​មិនដឹង​រឿង​ទេ ពេល​នោះ​ទើប​ដឹង​ថា មាន​គេ​ឆបោក ។ ទើប​ជន​រង​គ្រោះ​ទាំង​២​បាន​មក​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​នគរបាល​ជួយ​ស្រាវជ្រាវ ។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ជន​រង​គ្រោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ចេញ​នូវ​បទបញ្ជា និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ ដល់​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៧ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ ហើយ​បាន​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​និយាយ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា រូបគេ​បាន​លួច​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់មនុស្ស​ស្រី​ម្នាក់ តែ​មិនដឹង​ថា ជា​របស់​អ្នក​ណា​នៅឯណា​នោះ​ទេ (​មិន​ចាំ​ឈ្មោះ​គណនី​) ដោយ​ក្នុង​នោះ រូបគេ​បាន​ឆែក​មើល​ក្នុង​សារ ក៏​ឃើញ​មាន​និយាយ​គ្នា​រឿង​វេរ​លុយ​តាម​វី​ង​ចំនួន​១​ពាន់​៥​រយ​ដុល្លារ ហើយ​គេ​ក៏​ប្រើ​សំឡេង​ដដែល​នោះ ផ្ញើ​សារ​ឡើង​វិញ ទៅ​ឲ្យ​គេ​ផ្ញើ​លុយ​មក​ឲ្យ ហើយ​អ្នក​នោះ​ក៏​ផ្ញើ​លេខ​កូដ​វី​ង​មក​មែន ខ្លួន​ក៏​ទៅ​បើក​លុយ​នោះ​យក​តែ​ម្តង ។

ទាក់ទង​នឹង​ករណី​ឆបោក​នេះ តាម​ហ្វេ​ស​ប៊ុ​ក​នេះ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​និយម​លេង​តាម​ហ្វេ​ស​ប៊ុ​ក មេត្តា​ប្រុង​ប្រយ័ត្ន​ផង​ចំពោះ​ការ​ប្រើប្រាស់ និង​សូម​ដាក់​លេខ​សំងាត់ ឫ​ដាក់​សុវត្ថិភាព​(Facebook Settings) ការពារ​អ្នក​ផ្សេង​ចូល​បើក​យក​បាន ។

ចំពោះ​ជនសង្ស័យ​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ចំណែកឯ​លុយ​ត្រូវ​បាន​ដកហូត​ចំនួន​១​ពាន់​៥​រយ​ដុល្លារ​មក​វិញ និង​ត្រៀម​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]