(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបំបែកសំបុកចោរគាស់ទម្លុះទម្លាយមួយក្រុម ដោយចាប់បានជនសង្ស័យ៥នាក់ជាបន្ដបន្ទាប់ និងដកហូតបានវត្ថុតាង សម្ភារៈពាក់ព័ន្ធមួយចំនួនធំ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ​នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីចោរកម្ម (គាស់ទម្លុះទម្លាយ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួនមួយក្រុម បន្ទាប់ពីទទួលបានបណ្តឹងរាយការណ៍ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះធ្វើការបង្ក្រាបជាបន្ទាន់ និងធ្វើការឃាត់បានជនសង្ស័យបានម្នាក់ ឈ្មោះ ម៉េង ឈាង ហៅ​វ៉ាង អាយុ​២៦ឆ្នាំ (មានដីការចាប់ខ្លួន ពីបទចោរកម្ម)​។

លោកស្នងការរង បញ្ជាក់ថា តាមការស្រាវជ្រាវ ​និងចម្លើយសារភាពរបសជនសង្ស័យ បានឲ្យដឹងថា បក្ខពួករបស់គេមានចំនួន​៤នាក់ បានចូលរួមធ្វើសកម្មភាពចោរកម្ម គាស់ទម្លុះទម្លាយ ​នៅក្រុងព្រះសីហនុជាញឹកញាប់រួមមានឈ្មោះ៖

ទី១៖ ឈ្មោះ ជូវ សំណាង ហៅ​ខ្នាង ​អាយុ​២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ​

ទី២៖ ឈ្មោះ លី សុភ័ក្រ្ត ហៅ​តួ អាយុ​១៨ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់​

ទី៣៖ ឈ្មោះ ជូវ ឌីណា អាយុ​២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់

ទី៤៖ ឈ្មោះ សុខ ចំរើន ហៅ​ដូច​ អាយុ​២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។

បើតាមលោកឧត្តមសេនីយ៍ត្រី កុល ផាលី បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉េង ឈាង ហៅ​វ៉ាង កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានធ្វើការសហការជាមួយកម្លាំងអធិការនគរបាលស្រុកព្រៃនប់ស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានធ្វើការបង្ក្រាប និងចាប់បានបក្ខពួករបស់ឈ្មោះ ម៉េង ឈាង ហៅ​វ៉ាង ដូចមានឈ្មោះខាងលើ។

ក្រោយប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញ ដកហូតបាន៖ ម៉ូតូ៦គ្រឿង, សោរសម្រាប់កាច់បំបែកសោរកម៉ូតូ ១ឈុត, ដង្កាប់អូតូម៉ាទិច​១ និងដង្កាប់កាត់ដែក​១ ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនូនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ សូម​ប្រុង​ប្រយ័ត្ន​ដល់​កូន​តូច​ៗ ផ្អើល​ពេញ​ក្រុង​ប៉ោយ​ប៉ែ​តមាន​ករណី​ចាប់​ក្មេង

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ សន្តិសុខ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​និង​កំពុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុខ​សុវត្ថិភាព ខណៈ​មាន​ក្រុម​សង្គម​ងងឹត បាន​ពាក់​ម៉ាស់​មុខ​ ធ្វើ​សកម្មភាព​ចាប់​ក្មេង​ៗ​ជា​ច្រើន​ដង​មក​ហើយ ដោយ​មិនដឹង​ពី​គោលបំណង​ ពិត​យ៉ាងណា​នោះ​នៅឡើយ​ទេ ។

ជាក់ស្តែង​កាលពី​ម្សិលមិញ មាន​ករណី​ក្រុម​សង្គម​ងងឹត​មួយ​ក្រុម បាន​ចាប់​ក្មេង​ញាត់​ចូល​ក្នុង​ឡាន ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង ភូមិ​ចាន់គិរី សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្មេង​រង​គ្រោះ ដែល​ត្រូវ​គេ​ចាប់​មានឈ្មោះ​សេង មុន្នី​រិ​ត​ស័ក្ក ភេទ​ប្រុស អាយុ​៨​ឆ្នាំ ដែល​មាន​ឱ​ពុក​ឈ្មោះ តឹង គឹ​ម​សេង អាយុ​៤៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហុច សា​រ៉េ​ត អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ដូច​ខាងលើ ។

បើ​តាម​សម្តី​របស់​បងប្រុស​ ជន​រង​គ្រោះ​ មាន​អាយុប្រមាណ​១០​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឱ​ពុក​ម្តាយ​មិន​នៅផ្ទះ ជាប់រវល់​ទៅ​ធ្វើការ​កាស៊ីណូ ហើយ​មុន​ពេល​កើតហេតុ រូបគេ​បានឃើញ​ រថយន្ត​តូ​រី​ស​១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន បន្ទាប់​មក​មាន​មនុស្ស​ប្រុស​ ចំនួន​០៥​នាក់ ស្លៀកពាក់​ខោអាវ​ខ្មៅ បិត​ម៉ាស់​មុខ​ជិត ដើរ​ចូល​មក​ចាប់​ប្អូនប្រុស​ របស់​ខ្លួន​នៅផ្ទះ ។

បងប្រុស​ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ឃើញ​ហេតុការណ៍​ បែប​នេះ​រូបគេ ជា​បងប្រុស​ក៏​ភ័យ​ស្លន់ស្លោ រត់​ទៅ​សម្ងំ​លាក់ខ្លួន​ពួន​នៅ​ក្នុងផ្ទះ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ឪពុក​ម្តាយ​ ក្មេង​រង​គ្រោះ​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ប៉ូលិស និង​ប៉េ​អឹ​ម ឲ្យ​ជួយ​អន្តរាគមន៍ រក​កូនប្រុស​របស់​គាត់​ផង​ដែរ ។ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​១៨ កុម្ភៈ សមត្ថកិច្ច​មិន​ទាន់​បាន​ដំណឹង​ពី​ក្មេង​រង​គ្រោះ​នៅឡើយ​ទេ ។ បង​សូម​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មានការ​ប្រុង​ប្រយ័ត្នផង​ករណី​មួយ​នេះ​ផង ។

សូម​បញ្ជាក់​ថា កាលពី​អំឡុង​ខែមករា ២០១៧ កន្លង​មក​ក៏​មាន​ករណី​ចាប់​ក្មេង​ៗ​កើតឡើង​៤​ទៅ​៥​ដង​រួច​មក​ហើយ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ចាប់​មិន​បាន​សម្រេច ដោយ​ក្មេង​ទាំងនោះ​បាន​រត់​ចូល​ផ្ទះ​ ប្រជាពលរដ្ឋ​អោយ​គេជួយ ។ ហើយ​ករណី​ចាប់​ក្មេង​នេះ​ប្រជាពលរដ្ឋ​ ក៏​ធ្លាប់​បាន​រាយការណ៍​ ទៅ​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​ មិន​អើពើ​រហូត​ដល់​មានការ​ធ្លោយ បណ្តាល​អោយ​ក្រុម​សង្គម​ងងឹត​ចាប់​ ក្មេង​ប្រុស​ម្នាក់​យក​ទៅ​បាន​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]