ទួរគី៖ បន្ទាប់ពីបានបង្ហើបប្រាប់អ្នកគាំទ្រពីមហិច្ឆតា ចង់ក្លាយជាតារាសម្តែងកាលពីឆ្នាំមុនកន្លងទៅនោះ ថ្មីៗនេះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានផ្តល់បានឱកាសជាតំណែងតួអង្គមួយ ក្នុងកម្មវិធីទូរទស្សន៍ភាគរបស់ប្រទេសទួរគី ដែលនិយាយពីជនភៀសខ្លួន ក្នុងសម័យសង្គ្រាមស៊ីវិល ដោយក្នុងនោះក៏មានតារាល្បីហូលីវូដ អ្នកនាង Angelina Jolie ចូលរួមសម្តែងផងដែរ។

ខ្សែប្រយុទ្ធឆ្នើមរូបនេះ នឹងចូលរួមសម្តែងក្នុងរឿងដែលមានចំណងជើងថា «Hayat Koprusu» គឺជាប្រភេទរឿងភាគដែលនឹងត្រូវចាក់បញ្ចាំងតាមទូរទស្សន៍របស់ប្រទេសទួរគី តំបន់មជ្ឈឹមបូពា៌ និងតំបន់អាមេរិកឡាទីន។

រឿងនេះផងដែរ និយាយអំពីក្រុមគ្រួសារមួយរបស់ជនជាតិស៊ីរីុ ដែលធ្វើការព្យាយាមរត់គេចពីសង្គ្រាមស៊ីវិល ក្នុងនាមជាជនភៀសខ្លួន។ ហើយចំពោះគំរោងក្នុងការថតវិញ នឹងចាប់ផ្តើមក្នុងខែមេសាខាងមុខនេះ នៅព្រំប្រទល់ប្រទេសស៊ីរីុផ្ទាល់តែម្តង។

អ្នកដឹកនាំសម្តែងរឿង លោក Eyup Dirlik បានបញ្ជាក់ឲ្យដឹងថា «ពួកយើងនឹងចាប់ផ្តើមថតនៅដើមសប្តាហ៍ទីមួយនៃខែមេសា។ រឿងភាគរបស់កម្មវិធីទូរទស្សន៍នេះនឹងផ្តោតសំខាន់លើ ក្រុមគ្រួសារដែលជួបការលំបាកក្នុងសម័យសង្គ្រាម ហើយព្យាយាមរត់ភៀសខ្លួន»

អ្នកដឹកនាំរឿងបានបន្តទៀតថា «ខ្សែភាពយន្តភាគនេះនឹងចូលរួមសម្តែងដោយតារាល្បីៗជុំវិញពិភពលោក ក្នុងនោះមានដូចជាតារាបាល់ទាត់ Cristiano Ronaldo , តារាហូលីវូឌ អ្នកនាង Angelina Jolie និងនាង Nancy Ajram ជាដើម»

គួរបញ្ជាក់ថា ការចាប់អាជីពជាតារាសម្តែងនេះ គឺជាបំណងប្រាថ្នារបស់ Ronaldo នៅពេលដែលកីឡាកររូបនេះចូលនិវត្តិន៍ពីបាល់ទាត់។ ក្នុងនោះ Ronaldo ធ្លាប់បាននិយាយថា «ខ្ញុំចង់រៀនសម្តែងពីតួអង្គល្បីៗឲ្យបានច្រើន ដូចនេះខ្ញុំនឹងអាចចាប់យកវាបាន នៅពេលដែលខ្ញុំសម្រេចចិត្តឈប់លេងបាល់» ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖  អេជេលលីណា ជូលី ថារឿងខ្ញុំថត គឺដើម្បីប្រជាជនខ្មែរ ហើយរឿងនេះ ចាយទុនច្រើនជាងគេ

សៀមរាប៖ តារាភាពយន្តហូលីវូដ ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បី នឹងធ្លាប់បានយកកូនខ្មែរ ទៅចិញ្ចឹម ទុកដូចជាកូនបង្តើត អ្នកស្រី អេជេលលីណា ជូលី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញមកបើកសម្ពោធ ចាក់បញ្ចាំងខ្សែភាពយន្ត រឿង "មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ" នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។

ខ្សែភាពយន្ត ដែលប្រើប្រាស់អស់ទុនជាច្រើន ពីតារាភាពយន្តហូលីវូដ អ្នកស្រី អេជេលលីណា ជូលី ដោយបានដឹកនាំថត ដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងបានសម្រេច បញ្ចប់ការថត និងបានសម្ពោធ ចាក់បញ្ចាំងជាលើកដំបូង លើទឹកដីអង្គរ ខេត្តសៀមរាប ជាមួយវ​ត្តមាន របស់អ្នកស្រីផ្ទាល់ ខ្សែភាពយន្តនេះដែរ ផលិតឡើងដើម្បីឧទ្ទិស ដល់អ្នកដែលបានស្លាប់ ក្នុងរបបខ្មែរក្រហម និងអស់អ្នកដែលរួចផុតពីការស្លាប់ ។

ខ្សែភាពយន្តនេះ ផ្តោតទៅលើ សេចក្តីស្រឡាញ់ និងការលះបង់ របស់ក្រុមគ្រួសារកម្ពុជា និងឆ្លុះបញ្ចាំង ពីសោភ័ណ្ឌភាព ស្មារតីរឹងមាំ និងការតស៊ូ របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសវប្បធម៌ខ្មែរ ។ ក្នុងនោះដែល អ្នកស្រី អេជេលលីណា ជូលី បានប្រាប់ទៅកាន់ អ្នកសារព័ត៌មាន ដែលបានចុះ ទៅយកព័ត៌មាន ដល់ទឹកដីអង្គរផ្ទាល់ ដោយបានលើកឡើងថា "រឿងនេះ ចាយទុនច្រើនជាងគេ ហើយខ្ញុំថត គឺដើម្បីប្រជាជនខ្មែរ" ។

សូមរំលឹកថា ខ្សែភាពយន្តនេះ នឹងមានចាក់បញ្ចាំង នៅក្នុងខេត្តសៀមរាប ទីក្រុងភ្នំពេញ និងខេត្តបាត់បំបង មុនពេលចេញផ្សាយ ខ្សែភាពយន្តនេះ ទៅទូទាំងពិភពលោក នៅចុងឆ្នាំ២០១៧នេះ តាមគេហទំព័ររបស់ក្រុមហ៊ុន Netflix Inc៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]