(កណ្ដាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រវាងរថយន្ដបែនដឹកដី និងរថយន្ដសាំងយ៉ុង បណ្ដាលឲ្យរបួសធ្ងន់ ៩នាក់ មានស្រី ៦នាក់ និងរបួសស្រាល ៨នាក់។

ភ្នាក់ងារ Fresh News បានរាយការណ៍មកថា ករណីនេះកើតឡើងនៅផ្លូវ១០៥ មុខអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដែលបង្កដោយរថយន្តបង្កម៉ាក ហ្វុយសូ ពណ៌​ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 3C-​2102 បើកបរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុក​រថយន្តម៉ាកសាំងយ៉ុង ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ ​2AL-5485 បណ្ដាលឲ្យរងគ្រោះជាច្រើននាក់ គៀបជាប់នៅក្នុងរថយន្ដ។

ស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងជាជំហានដំបូងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យរងរបួសធ្ងន់៩នាក់ មានស្រី៦នាក់ និងរបួសស្រាល ៨នាក់។ បើតាមលោកស្នងការគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តបែនដឹកដី បានជ្រុលទៅខាងឆ្វេងដៃរបស់ខ្លួន ហើយបុករថយន្តសាំយ៉ុង១២កៅអីតែម្តង។ តែក្រោយកើតហេតុ អ្នកបើករថយន្តបែនដឹកដី ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខណ:អ្នករងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ។

បើតាមសេចក្តីរាយការណ៍ ជនរងគ្រោះទាំងអស់ភាគច្រើនជាមនុស្សចាស់ បានមកពីបុណ្យនៅខេត្តព្រៃវែង ហើយពួកគាត់រស់នៅចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]