ភ្នំពេញ៖ បើនិយាយអំពីបង្អែម អ្នកណាៗក៏មានចំណង់ចំណង់ចំណូលចិត្តទទួលទានដែរ ជាពិសេស គេតែងចាត់ទុកវាជាអាហារលាងមាត់ក្រោយបាយរួច។ ការទទួលទាន បង្អែម របស់ជនជាតិខ្មែរយើង មានជាយូរយារណាស់មកហើយ ជាពិសេស ខ្មែរយើងមានប្រភេទបង្អែមច្រើនមុខទៀតផង ដូចជា បបរសណ្តែកខៀវ/ក្រហម បបរពោត បបរត្នោត បាញ់ចានឿក លត បាយដំណើប ជាដើម -ល-។

ជាក់ស្តែងសព្វថ្ងៃនេះ លែងជារឿងពិបាកទៀតហើយ សម្រាប់អ្នកដែលចង់ទទួលទាន បង្អែម ពីព្រោះនៅតាមបណ្តាផ្សារនានាជិតឆ្ងាយ តែងមានលក់បង្អែម ជាច្រើនមុខ ច្រើនជម្រើស សម្រាប់អ្នកដែលចង់ទទួលទានជានិច្ច។ មួយវិញទៀត អ្នកមិនចាំបាច់ពិបាកចំណាយកម្លាំង និងពេលវេលាធ្វើខ្លួនឯងផងដែរ។

ទន្ទឹមនឹងនោះដែរ ក្រុមការងារ Khmerload នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកជួបនឹងកន្លែងលក់ បបរសណ្តែកខៀវ សណ្តែកក្រហម ដែលល្បីឈ្មោះមួយកន្លែង ដែលទទួលបានការគាំទ្រជាយូរមកហើយ។ នៅមិនទាន់អស់ទេ! អ្វីដែលពិសេស លើសពីការស្មានគឺ តម្លៃត្រឹមតែ ១,០០០ រៀល ប៉ុណ្ណោះ ទោះបីជាលក់ជាង ២០ ឆ្នាំមកហើយក្តី! 

ដោយសារតែចំនុចពិសេសទាំងអស់នេះហើយ ទើបក្រុមការងារយើង បានចុះទៅដល់ផ្ទាល់ទីតាំងផ្ទះលក់របស់លោកពូ ដែលជាម្ចាស់តូបបង្អែមបបរសណ្តែកផ្ទាល់។ លោកពូ  “ហួត ស្រេង” បានរៀបរាប់ថា ៖ “ខ្ញុំលក់បង្អែម នៅទីនេះយូរមកហើយ និយាយទៅជាង ២០ ឆ្នាំហើយ។ អ្នកដែលមកហូបមានគ្រប់ប្រភេទទាំងអស់ ទាំងសិស្ស ទាំងនិស្សិត ទាំងអ្នកធ្វើការ ទាំងចាស់ ទាំងក្មេង តែភាគច្រើនសិស្សសាលា ភាគច្រើនគឺសិស្សនៅសន្ធរម៉ុកហ្នឹងឯង រីឯនិស្សិតវិញ គឺមកពីសាលាសកល (សាលាភូមិន្ទភ្នំពេញ) ជិតហ្នឹងនោះឯង ភាគច្រើន។ ហើយនេះល្បី ក៏ដោយសារតែយើងកាលនោះ មកទល់ឥលូវ នៅតែលក់រាងថោកចឹង បានគេចេះតែប្រាប់តៗគ្នាទៅ។”

គួរបញ្ជាក់ផងដែរថា លោកពូ ហួត ស្រេង បានលក់បង្អែមបបរសណ្តែក នេះជាង ២០ ឆ្នាំមកហើយ ដែលតម្លៃនៅតែ ១០០០ រៀល ក្នុងមួយកែវ ដដែលតាំងតែពីដើមមកម្ល៉េះ។ នៅកន្លែងលក់ របស់លោកពូ មានទាំងបង្អែម បបរសណ្តែកខៀវ និងបបរសណ្តែកក្រហម ដែលអាចទិញច្រកយកទៅផ្ទះ ឬទទួលទាននៅនឹងកន្លែងរបស់លោកពូផ្ទាល់ ក៏បាន។

ទន្ទឹមនឹងនោះដែរ លោកពូ បានធ្វើការបង្ហើបប្រាប់ក្រុមការងារ Khmerload ថា ក្នុងមួយថ្ងៃ លោកពូមានភ្ញៀវចេញចូល មកទិញសម្រាប់ទទួលទាន ប្រមាណជា ២០០ ទៅ ៣០០ នាក់ដែរ ឬអាចនិយាយបានថា ក្នុងមួយថ្ងៃលោកពូអាចលក់បាន ២០០ ទៅ ៣០០ កែវដែរ ក្នុងមួយថ្ងៃៗ។ 

ស្របពេលជាមួយគ្នាដែរនោះ ក្រុមការងាររបស់យើងក៏បានសាកសួរ ចំណាប់អារម្មណ៍របស់ “សិលា” ដែលកំពុងតែទៅទិញ បង្អែមបបរសណ្តែករបស់លោកពូ ផងដែរ។ កម្លោះញញឹមស្រស់នេះ បានរៀបរាប់ថា ៖ “បើនិយាយទៅ គឺបង្អែមគាត់ឆ្ងាញ់តែម្តង! ហើយជាពិសេស ខ្ញុំមកទិញបង្អែមគាត់សឹងតែរាល់ថ្ងៃទៅហើយ និយាយរួមឲ្យ តែចេញពីរៀន គឺសំដៅមកទិញញ៉ាំហ្មង!” 

រូបភាព៖ សិលា

ជាចុងក្រោយ លោកពូ ហួត ស្រេង ក៏បានសូមអរគុណក្រុមការងារយើង ដែលបានចុះទៅធ្វើការសំភាសន៍លោកពូផ្ទាល់។ ជាពិសេស អ្នកដែលគាំទ្រ បង្អែមរបស់លោកពូតែម្តង។ លោកពូ សង្ឃឹមថា អ្នកដែលមិនទាន់បានមកភ្លក់ នឹងមកសាកល្បង ស្នាដៃបង្អែមលក់ជាង ២០ ឆ្នាំរបស់គាត់ ដោយធានាថា នឹងផ្អែមជាប់មាត់ ត្រជាក់ជាប់ចិត្ត ជាមិនខានឡើយ។

សម្រាប់អ្នកដែលមានបំណងចង់ទទួលទាន អាចស្វែងរកបានតាមរយៈអាសយដ្ឋាន ផ្ទះលេខ ២០០ ផ្លូវលេខ ១៣៨ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬជិះចុះពី The Pizza Company ផ្លូវកម្ពុជាក្រោម តាមបណ្តោយផ្លូវលេខ ២៦១ ដោយជិះហួសចំនួនពីរផ្លូវ សឹមបត់ឆ្វេងក៏បាន៕

ចុះប្រិយមិត្តវិញ មានបានទៅភ្លក់បង្អែម របស់លោកពូ ហើយឬនៅ? 

វីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]