មិនត្រឹមតែជាទ្វីប ដែលមានទំហំផ្ទៃដីធំ និងចំនួនប្រជាជនច្រើន ជាងគេក្នុងចំណោមទ្វីបទាំងអស់ប៉ុណ្ណោះទេ ទ្វីបអាស៊ី សព្វថ្ងៃនេះក៏ជាឃ្លាំងអំណាចសេដ្ឋកិច្ចហិរញ្ញវត្ថុដែរ រួមមានដូចជា ចិន ជប៉ុន និងឥណ្ឌាជាដើម។

ខាងក្រោមនេះ គឺជាកំពូលអ្នកមានទាំង ១០ រូប ប្រចាំអាស៊ី ដោយយោងទៅតាមក្រុមហ៊ុន Wealth-X ក្នុងគេហទំព័រ Business Insider ៖

១. Lei Jun

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ១៤.៤ ពាន់លាន ដុល្លារអាមេរិក) 

លោក Lei Jun បានកើតនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៦៩ ដែលលោកគឺជាសហគ្រិន ជនជាតិចិន និងជាស្ថាបនិកនៃ ក្រុមហ៊ុន “Xiaomi Inc” (បង្កើតនៅឆ្នាំ ២០១០)។ ស្មាតហ្វូន Xiaomi របស់លោក បានលក់ដាច់ច្រើនជាងគេបំផុត ទីបួន របស់ពិភពលោក និងជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេបង្អស់ប្រចាំប្រទេស ចិន។ ជាពិសេស Xiaomi ត្រូវបានគេចាត់ទុកថាជា “Apple ប្រចាំប្រទេសចិន” ហើយថែមទាំងបានក្លាយជា ក្រុមហ៊ុនឯកជន ដែលមានតម្លៃបំផុតទីពីរ របស់ពិភពលោកទៀតផង។

៩. Dilip Shanghvi

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ១៦.៤ ពាន់លាន ដុល្លារអាមេរិក) 

លោក Dilip Shanghvi កើតនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៥៥ ដែលលោកគឺជាអ្នកជំនួញ ជនជាតិឥណ្ឌា ហើយក៏ជាសេដ្ឋីម្នាក់ ប្រចាំប្រទេសឥណ្ឌាផងដែរ។ លោក គឺជាអ្នកបង្កើត Sun Pharmaceuticals ដែលជាក្រុមហ៊ុនផលិត និងលក់ឱសថ តាំងពីឆ្នាំ ១៩៨៣ ដោយដើមទុនដំបូងត្រឹមតែ ១,០០០ ដុល្លារ សល់ពីឪពុកប៉ុណ្ណោះ។ ជាពិសេស ត្រឹមតែរយៈពេល ១ ឆ្នាំដំបូង ក្រុមហ៊ុន Sun Pharma របស់លោក អាចរកចំណូលបានជាង ១០០,០០០ ដុល្លារឯណោះ។

៨. Azim Premji

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ១៦.៥ ពាន់លាន ដុល្លារអាមេរិក) 

លោក Azim Hashim Premji បានកើតនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៤៥ ដែលលោកគឺជា វិនិយោគិន ជាសប្បុរសជន និងជាមហាសេដ្ឋីខាងជំនួញ ជនជាតិឥណ្ឌា។ លោកគឺជានាយកគ្រប់គ្រងក្រុមហ៊ុន Wipro Limited ដែលជាក្រុមហ៊ុនសាជីវកម្ម ខាងផ្នែកសេវាកម្ម ពត៌មានវិទ្យា។ គាត់ត្រូវបានគេស្គាល់ថាជា ស្តេច Czar ប្រចាំឧស្សហកម្ម IT របស់ឥណ្ឌាថែមទៀតផង ដោយសារតែលោកបានទទួលខុសត្រូវ ដឹកនាំក្រុមហ៊ុន Wipro ជាងបួនទសវត្ស ឲ្យមានការរីកចម្រើនលូតលាស់ ទៅក្នុងឧស្សហកម្មពិភពលោកបានយ៉ាងជោគជ័យ។

៧. Ma Huateng

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ១៧.១ ពាន់លាន ដុល្លារអាមេរិក) 

លោក Ma Huateng (ឬត្រូវបានគេស្គាល់ថា Pony Ma) បានកើតនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ១៩៧១ ដែលលោកគឺជា សហគ្រិន ខាងផ្នែកអ៊ិនធើណេត ជនជាតិចិន។ លោកគឺជាអ្នកបង្កើត ជាប្រធាន ជានាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Tencent Inc. តាំងពីឆ្នាំ ១៩៩៨ ដែលជានេះគឺជាក្រុមហ៊ុន អ៊ិនធើណេតដ៏ធំមួយ នៅក្នុងប្រទេសចិន។ Tencent Inc. គ្រប់គ្រងសេវាផ្ញើសារ ផ្តល់ប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីកម្សាន្ត អ៊ិនធើណេត និងសេវាទូរស័ព្ទផ្សេងៗទៀត។

៦. Lee Shau-kee

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ១៨.៥ ពាន់លាន ដុល្លារអាមេរិក) 

លោក Lee Shau-kee បានកើតនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩២៨ ដែលលោកគឺជា មហាសេដ្ឋី អចលនទ្រព្យ នៅប្រទេសហុងកុង។ លោកគឺជាអ្នកបង្កើត ជានាយកគ្រប់គ្រង និងប្រតិបត្តិ ក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុន ផ្តោតសំខាន់លើការវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យ ម៉ៅការសាងសង់ កាន់កាប់គម្រោងគ្រប់គ្រងផ្សារ សណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធ។ ជាពិសេស វាជាក្រុមហ៊ុនដែលធំជាងគេបង្អស់ ទីបី ប្រចាំហុងកុង បើគិតតាមលក្ខខណ្ឌដើមទុន។

៥. Li Ka-shing

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ១៩.៥ ពាន់លាន ដុល្លារអាមេរិក) 

លោក Li Ka-shing បានកើតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩២៨ ដែលលោកគឺជាវិនិយោគិន និងជាមហាសេដ្ឋីអាជីវកម្ម នៅប្រទេសហុងកុង។ លោក គឺជានាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន CK Hutchison Holdings ដែលផ្តោតសំខាន់លើ កំពង់ផែ និងសេវាកម្មភ្សេងទៀត រួមមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍។ លោក Li ត្រូវបានគេចាត់ទុកជា “Superman” ថែមទៀតផង ដោយសារតែសមត្ថភាព ខាងអាជីវកម្មដ៏ខ្លាំងក្លា របស់គាត់។

៤. Al-Waleed Bin Talal bin Abdulaziz al Saud

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ២២.៥ ពាន់លាន ដុល្លារអាមេរិក) 

លោក Al-Waleed Bin Talal bin Abdulaziz al Saud បានកើតនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ១៩៥៥ ដែលលោកគឺជាអ្នកជំនួញ ជាវិនិយោគិន និងជាសមាជិកនៃគ្រួសាររាជវង្ស នៅអារ៉ាប៊ីសាអូឌីត។ គាត់ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ មានភាពជាម្ចាស់កម្មសិទ្ធិចំនួន ៩៥ ភាគរយ របស់ក្រុមហ៊ុន Kingdom Holding Company ដែលជាក្រុមហ៊ុន បែបវិនិយោគចម្រុះមួយ ដោយផ្តោតសំខាន់លើ សេវាកម្មហិរញ្ញវត្ថុ អចលនទ្រព្យ ទេសចរណ៍និងបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការកំសាន្ត ឥន្ធនៈ អាកាសចរណ៍ និងបច្ចេកវិទ្យា។

៣. Mukesh Ambani

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ២៤.៨ ពាន់លាន ដុល្លារអាមេរិក) 

លោក Mukesh Dhirubhai Ambani បានកើតនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៥៧ ដែលលោកគឺជាមហាសេដ្ឋីពាណិជ្ជកម្ម ជនជាតិឥណ្ឌា។ លោកគឺជាប្រធាន ជានាយកគ្រប់គ្រង និងជាអ្នកកាន់កាប់ភាគហ៊ុនច្រើនជាងគេ នៃក្រុមហ៊ុន Reliance Industries Limited (RIL) ដែលជាក្រុមហ៊ុន ផ្តោតសំខាន់លើការផលិត និងចំរាញ់ ថាមពលឥន្ធនៈគីមី វាយនភ័ណ្ឌ ធនធានធម្មជាតិ និងទូរគមនាគមន៍។ ជាពិសេស ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនដែលមានតម្លៃជាងគេបង្អស់ទីពីរ ប្រចាំប្រទេសឥណ្ឌា ថែមទៀតផង។

២. Jack Ma

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ២៦.៥ ពាន់លាន ដុល្លារអាមេរិក) 

លោក Ma Yun (ឬតែងតែត្រូវបានអ្នករាល់គ្នាស្គាល់ថា Jack Ma) បានកើតថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៦៤ ដែលលោកគឺជា មហាសេដ្ឋីពាណិជ្ជកម្ម ជនជាតិចិន។ លោក គឺជាអ្នកបង្កើត និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Alibaba Group តាំងពីឆ្នាំ ១៩៩៩ ដែលជាក្រុមហ៊ុន លក់សេវាកម្មតាមប្រព័ន្ធអ៊ិនធើណេត ដោយមានសេវាកម្មទូទាត់ មានផ្សារអនឡាញ និងសេវាទិន្នន័យកុំព្យូទ័រផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា លោក Jack Ma គឺជាសហគ្រិន ដែលមានមុខនៅលើក្របទស្សនាវដ្តី Forbes ដំបូងគេ ប្រចាំប្រទេសចិន។

១. Wang Jianlin

(តម្លៃទ្រព្យសម្បត្តិសុទ្ធស្មើនឹង ២៩.២ ពាន់លាន ដុល្លារអាមេរិក) 

លោក Wang Jianlin បានកើតនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៥៤ ដែលលោកគឺជា អ្នកជំនួញ ជនជាតិចិន។ លោកគឺជាកូនប្រុស នៃអ្នកស្ថាបនិកក្រុមហ៊ុន Dalian Wanda Group ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ប្រទេសចិន ហើយថែមទាំងជា ក្រុមហ៊ុនដំណើរការបណ្តារោងភាពយន្ដធំបំផុតរបស់ពិភពលោកទៀតផង។ គួរបញ្ជាក់ផងដែរថា គាត់បានចំណាយប្រាក់ចំនួន ៣.៥ ពាន់លានដុល្លារ ទិញផលិតកម្ម Legendary Entertainment និងផលិតកររឿង "Jurassic World" និង "The Dark Knight" ដើម្បីមានគម្រោងកាន់កាប់អំណាចក្នុងហូលីវូដទៀតផង៕

ប្រភព៖ The Richest | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]