ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ សន្តិសុខ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​និង​កំពុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុខ​សុវត្ថិភាព ខណៈ​មាន​ក្រុម​សង្គម​ងងឹត បាន​ពាក់​ម៉ាស់​មុខ​ ធ្វើ​សកម្មភាព​ចាប់​ក្មេង​ៗ​ជា​ច្រើន​ដង​មក​ហើយ ដោយ​មិនដឹង​ពី​គោលបំណង​ ពិត​យ៉ាងណា​នោះ​នៅឡើយ​ទេ ។ 

ជាក់ស្តែង​កាលពី​ម្សិលមិញ មាន​ករណី​ក្រុម​សង្គម​ងងឹត​មួយ​ក្រុម បាន​ចាប់​ក្មេង​ញាត់​ចូល​ក្នុង​ឡាន ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង ភូមិ​ចាន់គិរី សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្មេង​រង​គ្រោះ ដែល​ត្រូវ​គេ​ចាប់​មានឈ្មោះ​សេង មុន្នី​រិ​ត​ស័ក្ក ភេទ​ប្រុស អាយុ​៨​ឆ្នាំ ដែល​មាន​ឱ​ពុក​ឈ្មោះ តឹង គឹ​ម​សេង អាយុ​៤៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហុច សា​រ៉េ​ត អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ដូច​ខាងលើ ។

បើ​តាម​សម្តី​របស់​បងប្រុស​ ជន​រង​គ្រោះ​ មាន​អាយុប្រមាណ​១០​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឱ​ពុក​ម្តាយ​មិន​នៅផ្ទះ ជាប់រវល់​ទៅ​ធ្វើការ​កាស៊ីណូ ហើយ​មុន​ពេល​កើតហេតុ រូបគេ​បានឃើញ​ រថយន្ត​តូ​រី​ស​១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន បន្ទាប់​មក​មាន​មនុស្ស​ប្រុស​ ចំនួន​០៥​នាក់ ស្លៀកពាក់​ខោអាវ​ខ្មៅ បិត​ម៉ាស់​មុខ​ជិត ដើរ​ចូល​មក​ចាប់​ប្អូនប្រុស​ របស់​ខ្លួន​នៅផ្ទះ ។

បងប្រុស​ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ឃើញ​ហេតុការណ៍​ បែប​នេះ​រូបគេ ជា​បងប្រុស​ក៏​ភ័យ​ស្លន់ស្លោ រត់​ទៅ​សម្ងំ​លាក់ខ្លួន​ពួន​នៅ​ក្នុងផ្ទះ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ឪពុក​ម្តាយ​ ក្មេង​រង​គ្រោះ​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ប៉ូលិស និង​ប៉េ​អឹ​ម ឲ្យ​ជួយ​អន្តរាគមន៍ រក​កូនប្រុស​របស់​គាត់​ផង​ដែរ ។ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​១៨ កុម្ភៈ សមត្ថកិច្ច​មិន​ទាន់​បាន​ដំណឹង​ពី​ក្មេង​រង​គ្រោះ​នៅឡើយ​ទេ ។ បង​សូម​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មានការ​ប្រុង​ប្រយ័ត្នផង​ករណី​មួយ​នេះ​ផង ។

សូម​បញ្ជាក់​ថា កាលពី​អំឡុង​ខែមករា ២០១៧ កន្លង​មក​ក៏​មាន​ករណី​ចាប់​ក្មេង​ៗ​កើតឡើង​៤​ទៅ​៥​ដង​រួច​មក​ហើយ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ចាប់​មិន​បាន​សម្រេច ដោយ​ក្មេង​ទាំងនោះ​បាន​រត់​ចូល​ផ្ទះ​ ប្រជាពលរដ្ឋ​អោយ​គេជួយ ។ ហើយ​ករណី​ចាប់​ក្មេង​នេះ​ប្រជាពលរដ្ឋ​ ក៏​ធ្លាប់​បាន​រាយការណ៍​ ទៅ​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​ មិន​អើពើ​រហូត​ដល់​មានការ​ធ្លោយ បណ្តាល​អោយ​ក្រុម​សង្គម​ងងឹត​ចាប់​ ក្មេង​ប្រុស​ម្នាក់​យក​ទៅ​បាន​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ដឹង​មូលហេតុ​ដែល​មាន​ដង្កូវ​ជាង​ 80​ រស់​ក្នុង​ច្រមុះ​បុរស​មក​ពី​ ខេត្តកំពង់ចាម

រាជធានី​ភ្នំពេញ ៖ ដង្កូវ​ជាង​៨០​ក្បាល​រស់នៅ​ក្នុង​ច្រមុះ ។ នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ​ដង្កូវ​ប្រមាណ​ជាង​៨០​ក្បាល បាន​រស់នៅ​ក្នុង​ច្រមុះ​របស់​បុរស​ម្នាក់​ដែល​រស់នៅ​ក្នុង​ក្រុង​កំពង់ចាម និង​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ចាប់​យក​ចេញ និង​ព្យាបាល​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថ្មី​ៗ​នេះ ។

បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុ​ង នរិន្ទ ជា​អនុប្រធាន​ត្រចៀក ច្រមុះ បំពង់ក E3(​អគារ​ទី​៣) និង​ជា​សមាជិក​សហគមន៍ ត្រចៀក ច្រមុះ បំពង់ក ក្បាល កម្ពុជា បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា នេះ​ជាករណី​ទី​៣​ហើយ ដែល​លោក​បាន​ជួប​ប្រទះ​សត្វ​ដង្កូវ​រស់នៅ​ក្នុង​ត្រចៀក និង​ច្រមុះ​របស់​អ្នកជំងឺ បន្ទាប់​ពី​លោក​បាន​ចេញ​បំរើ​ការងារ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ។

ករណី​ទី​៣​នេះ ជា​ករណី​ដ៏​គួរ​ឱ្យ​រន្ធត់​យ៉ាង​ខ្លាំង​សម្រាប់​អ្នកជំងឺ ព្រោះ​សត្វ​ដង្កូវ​ដែល​រស់នៅ​ក្នុង​ច្រមុះ​មាន​ច្រើន​រាប់​សិប​ក្បាល​ប្រៀប​ដូច​ជា​សំបុក​ឃ្មុំ​មិន​ទាន់​ញាស់ ដែល​វា​បាន​រស់នៅ​ក្នុង​កោសិកា និង​រស់នៅ​ក្នុង​ច្រមុះ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ករណី​នេះ​បាន​កើត​មាន​ឡើង​ចំពោះ​បុរស​អាយុ​២៦​ឆ្នាំ​មុខរបរ​ជា​កសិករ រស់នៅ​ក្រុង​កំពង់ចាម ស្រុក​ចំការលើ ឃុំ​វាល ។ មូលហេតុ​ដែល​មាន​ដង្កូវ​ក្នុង​ច្រមុះ​ដ៏​សន្ធឹកសន្ធាប់​បែប​នេះ គឺ​ដោយសារ​តែ​អ្នកជំងឺ​មាន​ជំងឺ​រលាក​ច្រមុះ​រ៉ាំ​រ៉ៃ និង​ត្រូវ​បាន​សត្វ​រុយ​ពង​ទំលាក់​ចូល​ក្នុង​ច្រមុះ ដោយ​មិនដឹង​ខ្លួន ពោល​គឺ​កំពុង​ដេក​លង់លក់​នៅ​ពេល​ថ្ងៃ។

អ្នកជំងឺ​ដែល​កើត​មាន​ជំងឺ​រលាក​ច្រមុះ​រ៉ាំ​រ៉ៃ​នេះ​មាន​រយៈពេល​ជិត​១​ឆ្នាំ និង​មិន​បាន​ធ្វើ​អ្វី​ទាំង​អស់ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ប្រពន្ធ​របស់​អ្នកជំងឺ​ក៏​មាន​អារម្មណ៍​ថា​អ្នកជំងឺ​ស្អុយ​ក្នុង​ច្រមុះ ប៉ុន្តែ​នៅ​តែ​មិន​ព្រម​មក​ព្យាបាល រហូត​ដល់​ដើមខែ​កុ​ម្ភះ​នេះ អ្នកជំងឺ​ស្រាប់តែ​មាន​អាការ​ឈឺក្បាល​ខ្លាំង មាន​ឈាម​ច្រមុះ ក្អក​មក​មាន​ឈាម ហូប​អ្វី​មិន​បាន អ្នកជំងឺ​ក៏​បាន​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ផ្នែក​ច្រមុះ​របស់​អ្នកជំងឺ​ជាមួយនឹង​ឧបករណ៍​ទំនើប​មាន​ទាំង​ថត និង​ស្តែ​នស្រាប់តែ​ឃើញ​មាន​ដង្កូវ​រាប់​សិប​ក្បាល​រស់នៅ​ក្នុង​ច្រមុះ​របស់​អ្នកជំងឺ​ដែល​សូ​ម្បី​តែ​គ្រូពេទ្យ​ក៏មានការ​ភ្ញាក់ផ្អើល ហើយ​នៅ​ថ្ងៃ​ទី​១​នោះ​គ្រូពេទ្យបាន​ធ្វើការ​លាង​សំអាត និង​ចាប់​ដង្កូវ​ចេញពី​ច្រមុះ

របស់​អ្នកជំងឺ​បាន​ចំនួន​១២​ក្បាល​។ នៅ​ថ្ងៃ​ទី​២​បន្ទាប់​ពី​មានការ​ប្រជុំ និង​ពិភាក្សា​ជាមួយ​ក្រុម​ជំនាញ​រួច​មក លោក​ក៏​បាន​សំរេច​ធ្វើការ​វះកាត់​ច្រមុះ​របស់​អ្នកជំងឺ ដើម្បី​យក​ដង្កូវ​ចេញ​។

បន្ទាប់​ពី​ធ្វើការ​វះកាត់​អស់​រយៈពេល​ជិត​៤​ម៉ោង លោក​បាន​ចាប់​ដង្កូវ​ក្នុង​ច្រមុះ​របស់​អ្នកជំងឺ​បាន​រហូត​ដល់​ទៅ​៥៧​ក្បាល ហើយ​នៅ​ថ្ងៃ​ទី​៣ លោក​ក៏​បាន​ចាប់​ដង្កូវ​ចេញ​បាន​១០​ក្បាល​បន្ថែម​ទៀត ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ពេល​នេះ​អ្នកជំងឺ​មាន​សភាព​ធូរស្បើយ​ច្រើន ហើយ​ចំពោះ​ដង្កូវ​គឺ​នៅ​តែ​មាន​ទៀត ដោយ​ដង្កូវ​ទាំងនោះ​បាន​រស់នៅ​ក្នុង​កោសិកា​របស់​អ្នកជំងឺដែល​ជា​ផលវិបាក​មិន​អាច​ចាប់​បាន តែ​មន្ទីរពេទ្យ​គឺ​មាន​ថ្នាំ​សំលាប់​ពពួក​ដង្កូវ​ទាំងនោះ​ឱ្យ​អស់ និង​ព្យាបាល​ឱ្យ​អ្នកជំងឺ​ជា​សះស្បើយ​ទើប​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បាន ។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្តល់​អនុសាសន៍​បន្ថែម​ទៀត ដើម្បី​ការពារ​និង​ចៀសវាង​កើត​មាន​ដង្កូវ​ក្នុង​ច្រមុះ ដោយ​លោក​អ្នក​គួរតែ​អនុវត្តន៍​តាម​វិធី​ខាងក្រោម​នេះ​មាន​ដូច​ជា ៖

-​ត្រូវ​តែ​មាន​អនាម័យ​ជា​និច្ច និង​ត្រូវ​លាងដៃ​ជើង ខ្លួនប្រាណ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ស្អាត ដើម្បី​ការពារ​កុំឱ្យ​មាន​ពង​ដង្កូវ​ទាំងនោះ​នៅ​ជាប់​ខ្លូ​ន​ប្រាណ និង​ដៃជើង ។

-​ចំណីអាហារ​ប្រចាំ​ថ្ងៃ​គួរតែ​ធ្វើការ​លាង​សំអាត​ឱ្យ​បាន​ស្អាត​មុន​ពេល​ទទួលទាន ។

-​រាល់ពេល​ដែល​មាន​សញ្ញា​ដូច​ជា តឹង​ច្រមុះ ឈឺក្បាល​ខ្លាំង ពិបាក​ដកដង្ហើម​(​ថប់​ក្នុង​ច្រមុះ​)​ស្អុយ​ក្នុង​ច្រមុះ ឬ​មាន​ឈាម​ទៀត​នោះ​គួរតែ​ប្រញាប់​មក​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ។

-​រាល់ពេល​ដែល​មាន​ដំបៅ ត្រូវ​ចេះ​ការពារ​កុំឱ្យ​រុយ​រោម និង​ត្រូវ​តែ​មក​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ព្យាបាល និង​បិទមុខ​ដំបៅ​មិន​ឱ្យ​សត្វ​រុយ​ពង​ដាក់​បាន ។

-​ចំពោះ​ឪពុក​ម្តាយ​ដែល​មានកូន​តូច​ៗ​ហើយ​មាន​បញ្ហា​ដូច​ជា​រលាក​ច្រមុះ មាន​ហៀរ​សំបោរ ត្រូវ​ចេះ​មាន​អនាម័យ​ល្អ និង​ការពារ​កុំឱ្យ​សត្វ​រុយ​ពង​ដាក់​នាំ​ឱ្យ​កើត​មាន​ដង្កូវ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]