គុយបា៖ វាជារឿងដែលមិនគួរឲ្យជឿ ដោយមនុស្សគ្រប់គ្នាស្ម័គ្រចិត្ត ចាក់មេរោគដ៏កាចសាហាវ ចូលទៅក្នុងរាងកាយរបស់ពួកគេ ប៉ុន្តែវាបានកើតឡើងចំពោះអ្នកស្រុក Los Frikis ដែលជាអ្នករស់នៅក្នុងសហគមន៍មួយ របស់ប្រទេសគុយបា ក្រោមការគ្រប់គ្រងនៃរបបសាធារណរដ្ឋ របស់លោក Fidel Castro ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០។

សារព័ត៌មាន OddityCentral បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា អ្នកស្រុកក្នុងសហគមន៍មួយនេះ បាននាំគ្នាចាក់បញ្ចូលមេរោគ អេដស៍ ចូលទៅក្នុងរាងកាយរបស់ពួកគេ ក៏ព្រោះតែវាជាវិធីងាយស្រួលតែមួយគត់ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ និងការយាយីរបស់ក្រុមប៉ូលិស។

ប្រភពព័ត៌មានបន្តថា ការល្មើសនឹងច្បាប់នៅក្នុងសង្គម គឺជារឿងដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រទេសគុយបា អំឡុងឆ្នាំ១៩៨០ ហើយអ្នកស្រុក Frikis ជាច្រើន ត្រូវបង់ប្រាក់ពិន័យក្នុងចំនួនយ៉ាងខ្ពស់ចំពោះបញ្ហាមួយនេះ។ ពួកគេជាច្រើននាក់ ត្រូវក្រុមគ្រួសារកាត់កាលចោល រងការយាយី ត្រូវចាប់ខ្លួន និងបង្ខំឱ្យធ្វើពលកម្មដោយដៃសម្រាប់ "ឧក្រិដ្ឋកម្ម" របស់ពួកគេ។ 

ប្រភពបន្តថា អ្នកខ្លះបានរត់គេចខ្លួនទៅស្នាក់នៅកន្លែង ដែលមានសុវត្ថិភាព ប៉ុន្តែមិនមែនកន្លែងទាំងអស់ សុទ្ធតែអាចឲ្យគេចខ្លួនបាននោះទេ។ ដោយធុញទ្រាន់នឹងការធ្វើទុក្ខបុកម្នេញឥតល្ហែនោះ ពួកគេមួយចំនួនក៏បានធ្វើការតវ៉ា ដោយយកឈាមមិត្តរបស់ពួកគេ ដែលមានមេរោគអេដស៍ មកចាក់បញ្ចូលក្នុងខ្លួនរបស់ពួកគេ។

គួររំឮកថា ក្នុងអំឡុងពេលនោះ មេរោគអេដស៍ បានរាតត្បាត និងបង្កការបំផ្លាញជាច្រើននៅជុំវិញពិភពលោកទាំងមូល ហើយរដ្ឋាភិបានគុយបា ក៏បានធ្វើការទប់ស្កាត់ និងប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃមេរោគ ដ៏កាចសាហាវមួយនេះ នៅលើទឹកដីរបស់ខ្លួនផងដែរ។

ការរស់នៅក្នុងជីវិតដែលសេសល់ ជាមួយនឹងមេរោគដ៏កាចសាហាវមួយនេះ គឺជារឿងដ៏គួរឲ្យខ្លាចបំផុតរបស់មនុស្សគ្រប់គ្នា ប៉ុន្តែសម្រាប់អ្នកស្រុក ក្នុងសហគមន៍ los Frikis វាគឺជាការស្វាគមន៍មកកាន់ជីវិតថ្មី ដែលដើរចេញពីការធ្វើទុក្ខបុកម្នេញ។

ក្រោយពីមានហេតុការណ៍បែបនេះ មន្ទីរពេទ្យសម្រាប់អ្នកជំងឺអេដស៍ ត្រូវបានបើកជាបន្តបន្ទាប់ នៅទូទាំងប្រទេសគុយបា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០ ហើយខណៈពេលដែល ប្រទេសនេះកំពុងទទួលរងការកង្វះស្បៀងអាហារយ៉ាងធំនោះ មន្ទីរពេទ្យទាំងអស់នេះ ក៏បានផ្តល់ម្ហូបអាហារដោយឥតគិតថ្លៃ និងការថែទាំសុខភាពយ៉ាងល្អផងដែរ។

គួរបញ្ជាក់ថា គេមិនច្បាស់ទេថាតើអ្នកស្រុកក្នុងសហគមន៍ Frikis ប៉ុន្មាននាក់ ដែលបានចាក់មេរោគ អេដស៍ ចូលទៅក្នុងខ្លួនពួកគេ ប៉ុន្តែតាមការប៉ាន់ប្រមាណអាចមានដល់ជាងរាប់រយនាក់ឯណោះ។ នៅពេលដែលមិនទាន់មានថ្នាំអាចព្យាបាលជំងឺអេដស៍ សកម្មភាពមួយនេះ ត្រូវបានគេចាត់ទុកថា ជាការកាត់ទោសប្រហារជីវិតដោយស្ម័គ្រចិត្ត ប៉ុន្តែសម្រាប់ពួកគេ វាជាតម្រូវការយ៉ាងចាំបាច់សម្រាប់រត់គេចខ្លួនចេញពីការធ្វើបាប៕ 

ប្រភព៖ OddityCentral

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]