រាជធានីភ្នំពេញ៖ តារាកំប្លែងស្រីថ្មីមួយដួង ក្នុងក្រុមរបស់នាយគ្រឿននៃស្ថានីយ ទូរទស្សន៍ MyTV គឺកញ្ញារាងតូចច្រឡឹងផន សុផារី កំពុងតែធ្វើឱ្យលោកអ្នកចាប់អារម្មណ៍មែនទេ ? ដោយសារតែនាងទើបតែលេចធ្លោ ដូច្នេះលោកអ្នកពុំដឹងប្រវត្តិរបស់នាងទេ ហើយលេចឮថា នាងអតីតជាអ្នកបោសសម្អាត នៅស្ថានីយទូរទស្សន៍CTN តើវាពិតជាដូច្នេះមែនឬ ?

ជារៀងរាល់ពេលល្ងាច ថ្ងៃសុក្រ គេតែងឃើញវត្ដមានក្រុមកំប្លែងនាយគ្រឿនតាមកញ្ចក់ទូរ ទស្សន៍MyTV ហើយអ្វីដែលធ្វើឱ្យទស្សនិកជនចាប់អាម្មរណ៍ជាងគេនោះ គឺតារាកំប្លែងស្រីវ័យក្មេងសាច់សខ្ចី ផន សុផារី ។ ពេលនេះសុផារីកំពុងតែ ទទួលបានប្រជាប្រិយភាពខ្លាំងពីទេពកោសល្យសម្ដែងរបស់នាង ។

ក្រុមកំប្លែងនានា មានតារាកំប្លែងស្រីច្រើននាក់ ដោយឡែកមានតែក្រុមកំប្លែងនាយគ្រឿនមួយប៉ុណ្ណោះមានតារាកំប្លែង ស្រីតែម្នាក់គត់ ។ ទោះជាយ៉ាងណាក្ដីក្រុមនេះញ៉ាំងឱ្យមានភាពសប្បាយរីករាយ ដល់ទស្សនិកជនដែលនិយមតាមដានទស្សនាមិនឱ្យខកបំណងឡើយ ។ បើនិយាយពីការសម្ដែងរបស់ ផន សុផារី គឺនាងពូកែធ្វើមុខក្រមិចក្រមើម សម្បូរពាក្យពេចន៍កំប្លុកកំប្លែងច្រើន ទោះបីជានាងទើបតែប្រឡូកក្នុងពិភពសិល្បៈកំប្លែងក៏ដោយ ។

មិត្តជិតស្និទ្ធរបស់តារាកំប្លែងស្រីផន សុផារីប្រាប់ថានាងបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជា ច្រើនឆ្នាំមកហើយ ប៉ុន្តពុំទាន់មានគេចាប់អារម្មណ៍ច្រើនទេ ទើបតែពេលនាងលេចមុខសម្ដែងនៅក្រុមកំប្លែងនាយគ្រឿនរូបនាង ក៏ត្រូវទស្សនិកជនជាច្រើនចាប់អារម្មណ៍ពីទេពកោសល្យ និងសម្រស់របស់នាង។ តើតារាកំប្លែងស្រីស្រស់រូបនេះមានប្រភពចេញពីណាមក? មានអ្នកខ្លះនិយាយថា នាងមានប្រភពចេញពីវង្សត្រកូលអ្នកស្រែចម្ការ អ្នកខ្លះទៀតនិយាយថា កាលពីមុននាងជាអ្នកបោសសម្អាតនៅស្ថានីយទូរទស្សន៍CTN តែដោយនាងមានទេពកោសល្យល្អក៏ត្រូវគេណែនាំឱ្យចូលសម្ដែង ជាមួយក្រុមនាយគ្រឿន ។

តាមរយៈការសម្ភាសផ្ទាល់កាលពីពេលថ្មីៗនេះ តារាកំប្លែងស្រីតូចច្រឡឹងផន សុផារីរៀបរាប់ឱ្យដឹងថា នាងមានស្រុកកំណើតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានប្រភពចេញពីវង្សត្រកូលអ្នកសិល្បៈបុរាណល្ខោនបាសាក់ ។ នាងជាសមាជិកក្រុមល្ខោនដ៏ល្បីវង់ភី សុគន្ធី ដែលដាក់តាមឈ្មោះឪពុកម្ដាយនាង គឺឪពុកនាងឈ្មោះផន សុភី ចំណែកម្ដាយឈ្មោះ សួង សុគន្ធី ។ នាងសុផារីមានបងប្អូន៤នាក់ក្នុងនោះស្រី៣នាក់ ចំណែករូបនាងគឺជាកូនទី២ ។

តារាកំប្លែងរូបនេះឱ្យដឹងថា ដោយសារតែនាងជាកូនអ្នកល្ខោនបាសាក់ ដូច្នេះហើយនាងចេះច្រៀង និងសម្ដែងតាំងពីអាយុ៣ឆ្នាំ ។ ពេលនេះរូបនាងបានទទួលចំណេះដឹងជាច្រើពីឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូរបស់នាងដែលមានដូចជា ច្រៀងបទប្រពៃណី យីកេ បាសាក់ របាំព្រះរាជទ្រព្យ និងចម្រៀងសម័យជាដើម ។ ពេលនេះនាងកំពុងតែហាត់រៀនផ្នែកចម្រៀងអាយ៉ៃ បន្ថែមទៀតពីលោកដួង សុគា ដែលមានស្រុកកំណើតនៅខេត្តតាកែវដូចនាងដែរ ។ ពេលទំនេរពីការសិក្សា និងការសម្ដែងផ្សេងៗ នាងត្រូវគេទាក់ទងឱ្យទៅច្រៀងបទប្រពៃណីនៅក្នុងពិធីមង្គល ការផងដែរ ។

កញ្ញាផន សុផារី ពីដំបូងមិនបានដឹងខ្លួនថាមានឱកាសក្លាយខ្លួនជាតារាកំប្លែង ទេព្រោះតែនាងគឺជាអ្នកល្ខោនបាសាក់ ។ មានថ្ងៃមួយរូបនាងបានទៅសម្ដែងជាមួយក្រុមល្ខោនបាសាក់របស់ឪពុក ម្ដាយនាងនៅស្ថានីយទូរទស្សន៍CTN ក្នុងកម្មវិធី សុគា លក្ខិណា ប៊ីអាយជី ។ ក្រោយមកលោកសុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ បានទាក់ទងឱ្យរូបនាងចូលសម្ដែង ហើយនាងក៏ក្លាយជាតារាកំប្លែងរហូតមកដល់ពេលនេះ បើគិតទៅគឺទើបតែបាន៤ខែប៉ុណ្ណោះ ។

ស្រីតូចច្រឡឹងរូបនេះឱ្យដឹងទៀតថា កន្លងមកមិត្តភក្ដិរបស់នាងជាច្រើនសួររូបនាងថា នាងនៅក្មេងសោះហេតុអ្វីបានជាចាប់អាជីពជាអ្នកកំប្លែង និងជាអ្នកចម្រៀងប្រពៃណីទៅវិញ ។ ចំណុចនេះនាងប្រាប់ថា មិនថាតែចម្រៀងសម័យ ឬក៏បុរាណទេ គឺនាងស្រឡាញ់ទាំងអស់ សំខាន់ឱ្យតែជាសិល្បៈខ្មែរ គ្រាន់តែថាពេលនេះនាងមិនទាន់មានឱកាសចាប់យកអាជីពជាអ្នក សិល្បៈសម័យឱ្យបានច្បាស់លាស់ដូចសិល្បៈបុរាណនៅឡើយ ។

សំឡឹងទៅអនាគត ផន សុផារី ប្រាថ្នាក្លាយជាប្រភពផ្ដល់ការកម្សាន្តអារម្មណ៍តាមរយៈទេពកោសល្យ សិល្បៈដ៏សម្បូរបែបរបស់នាងគួរជាទីពេញចិត្តរបស់ទស្សនិកជន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]