រាជធានីភ្នំពេញ ៖ ដង្កូវជាង៨០ក្បាលរស់នៅក្នុងច្រមុះ ។ នេះមិនមែនជារឿងលេងសើចទេដង្កូវប្រមាណជាង៨០ក្បាល បានរស់នៅក្នុងច្រមុះរបស់បុរសម្នាក់ដែលរស់នៅក្នុងក្រុងកំពង់ចាម និងកំពុងត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យព្រះអង្គឌួងចាប់យកចេញ និងព្យាបាលកាលពីថ្ងៃទី១៣ កុម្ភៈ ថ្មីៗនេះ ។
បើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត អ៊ុង នរិន្ទ ជាអនុប្រធានត្រចៀក ច្រមុះ បំពង់ក E3(អគារទី៣) និងជាសមាជិកសហគមន៍ ត្រចៀក ច្រមុះ បំពង់ក ក្បាល កម្ពុជា បានរៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងថា នេះជាករណីទី៣ហើយ ដែលលោកបានជួបប្រទះសត្វដង្កូវរស់នៅក្នុងត្រចៀក និងច្រមុះរបស់អ្នកជំងឺ បន្ទាប់ពីលោកបានចេញបំរើការងារអស់រយៈពេលជាង២០ឆ្នាំមកនេះ ។
ករណីទី៣នេះ ជាករណីដ៏គួរឱ្យរន្ធត់យ៉ាងខ្លាំងសម្រាប់អ្នកជំងឺ ព្រោះសត្វដង្កូវដែលរស់នៅក្នុងច្រមុះមានច្រើនរាប់សិបក្បាលប្រៀបដូចជាសំបុកឃ្មុំមិនទាន់ញាស់ ដែលវាបានរស់នៅក្នុងកោសិកា និងរស់នៅក្នុងច្រមុះ ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ករណីនេះបានកើតមានឡើងចំពោះបុរសអាយុ២៦ឆ្នាំមុខរបរជាកសិករ រស់នៅក្រុងកំពង់ចាម ស្រុកចំការលើ ឃុំវាល ។ មូលហេតុដែលមានដង្កូវក្នុងច្រមុះដ៏សន្ធឹកសន្ធាប់បែបនេះ គឺដោយសារតែអ្នកជំងឺមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ និងត្រូវបានសត្វរុយពងទំលាក់ចូលក្នុងច្រមុះ ដោយមិនដឹងខ្លួន ពោលគឺកំពុងដេកលង់លក់នៅពេលថ្ងៃ។
អ្នកជំងឺដែលកើតមានជំងឺរលាកច្រមុះរ៉ាំរ៉ៃនេះមានរយៈពេលជិត១ឆ្នាំ និងមិនបានធ្វើអ្វីទាំងអស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រពន្ធរបស់អ្នកជំងឺក៏មានអារម្មណ៍ថាអ្នកជំងឺស្អុយក្នុងច្រមុះ ប៉ុន្តែនៅតែមិនព្រមមកព្យាបាល រហូតដល់ដើមខែកុម្ភះនេះ អ្នកជំងឺស្រាប់តែមានអាការឈឺក្បាលខ្លាំង មានឈាមច្រមុះ ក្អកមកមានឈាម ហូបអ្វីមិនបាន អ្នកជំងឺក៏បានមកពិនិត្យនៅមន្ទីរពេទ្យព្រះអង្គឌួង ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា នៅពេលដែលក្រុមគ្រូពេទ្យពិនិត្យផ្នែកច្រមុះរបស់អ្នកជំងឺជាមួយនឹងឧបករណ៍ទំនើបមានទាំងថត និងស្តែនស្រាប់តែឃើញមានដង្កូវរាប់សិបក្បាលរស់នៅក្នុងច្រមុះរបស់អ្នកជំងឺដែលសូម្បីតែគ្រូពេទ្យក៏មានការភ្ញាក់ផ្អើល ហើយនៅថ្ងៃទី១នោះគ្រូពេទ្យបានធ្វើការលាងសំអាត និងចាប់ដង្កូវចេញពីច្រមុះ
របស់អ្នកជំងឺបានចំនួន១២ក្បាល។ នៅថ្ងៃទី២បន្ទាប់ពីមានការប្រជុំ និងពិភាក្សាជាមួយក្រុមជំនាញរួចមក លោកក៏បានសំរេចធ្វើការវះកាត់ច្រមុះរបស់អ្នកជំងឺ ដើម្បីយកដង្កូវចេញ។
បន្ទាប់ពីធ្វើការវះកាត់អស់រយៈពេលជិត៤ម៉ោង លោកបានចាប់ដង្កូវក្នុងច្រមុះរបស់អ្នកជំងឺបានរហូតដល់ទៅ៥៧ក្បាល ហើយនៅថ្ងៃទី៣ លោកក៏បានចាប់ដង្កូវចេញបាន១០ក្បាលបន្ថែមទៀត ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ពេលនេះអ្នកជំងឺមានសភាពធូរស្បើយច្រើន ហើយចំពោះដង្កូវគឺនៅតែមានទៀត ដោយដង្កូវទាំងនោះបានរស់នៅក្នុងកោសិការបស់អ្នកជំងឺដែលជាផលវិបាកមិនអាចចាប់បាន តែមន្ទីរពេទ្យគឺមានថ្នាំសំលាប់ពពួកដង្កូវទាំងនោះឱ្យអស់ និងព្យាបាលឱ្យអ្នកជំងឺជាសះស្បើយទើបអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបាន ។
លោកវេជ្ជបណ្ឌិតក៏បានផ្តល់អនុសាសន៍បន្ថែមទៀត ដើម្បីការពារនិងចៀសវាងកើតមានដង្កូវក្នុងច្រមុះ ដោយលោកអ្នកគួរតែអនុវត្តន៍តាមវិធីខាងក្រោមនេះមានដូចជា ៖
-ត្រូវតែមានអនាម័យជានិច្ច និងត្រូវលាងដៃជើង ខ្លួនប្រាណជាមួយសាប៊ូឱ្យបានស្អាត ដើម្បីការពារកុំឱ្យមានពងដង្កូវទាំងនោះនៅជាប់ខ្លូនប្រាណ និងដៃជើង ។
-ចំណីអាហារប្រចាំថ្ងៃគួរតែធ្វើការលាងសំអាតឱ្យបានស្អាតមុនពេលទទួលទាន ។
-រាល់ពេលដែលមានសញ្ញាដូចជា តឹងច្រមុះ ឈឺក្បាលខ្លាំង ពិបាកដកដង្ហើម(ថប់ក្នុងច្រមុះ)ស្អុយក្នុងច្រមុះ ឬមានឈាមទៀតនោះគួរតែប្រញាប់មកជួបជាមួយគ្រូពេទ្យជាបន្ទាន់ ។
-រាល់ពេលដែលមានដំបៅ ត្រូវចេះការពារកុំឱ្យរុយរោម និងត្រូវតែមកជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល និងបិទមុខដំបៅមិនឱ្យសត្វរុយពងដាក់បាន ។
-ចំពោះឪពុកម្តាយដែលមានកូនតូចៗហើយមានបញ្ហាដូចជារលាកច្រមុះ មានហៀរសំបោរ ត្រូវចេះមានអនាម័យល្អ និងការពារកុំឱ្យសត្វរុយពងដាក់នាំឱ្យកើតមានដង្កូវ ៕
ប្រភព៖ កោះសន្ដិភាព
ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃនេះ ទី១៨ កុម្ភៈ
ម៉ាឡេស៊ី ដាក់លក្ខខណ្ឌទៅកូរ៉េខាងជើងយ៉ាងតឹង ប្រសិនបើចង់បានសព លោក គីម ជុងណាម ទៅវិញ
ម៉ាឡេស៊ី៖ ប៉ូលិសម៉ាឡេស៊ី បានថ្លែងថា សាកសពលោក គីម ជុងណាម ដែលជាបងប្រុស ម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រគល់ជូនកូរ៉េខាងជើងវិញ ក្រោមលក្ខខណ្ឌយ៉ាងតឹងរឹងបំផុត ដោយការធ្វើតេស្ត DNA ពីសំណាក់ក្រុមគ្រួសាររបស់សព។
សារព័ត៌មានរបស់អង់គ្លេស Independent បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ប៉ូលិសម៉ាឡេស៊ី បានធ្វើការព្រមាន បើគ្មានគំរូ DNA ពីសំណាក់សាច់ញាតិដែលជិតបំផុតនោះទេ ពួកគេនឹងមិនព្រមប្រគល់សាកសព ឬចេញផ្សាយរបាយការណ៍ពិនិត្យសាកសព ដែលបង្ហាញពីមួលហេតុនៃការស្លាប់នេះ ជាដាច់ខាត។
មេប៉ូលិសម៉ាឡេស៊ី លោក Abdul Samah Mat បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រទី១៧ ខែកុម្ភៈថា «រហូតមកទល់ពេលនេះ នៅមិនទាន់មានសមាជិកគ្រួសារ សាច់ញាតិ របស់ជនរងគ្រោះណាម្នាក់ មកទទួលស្គាល់ ឬទាមទារយកសាកសពនៅឡើយទេ។ យើងត្រូវការគំរូ DNA នៃសមាជិកគ្រួសារ ដើម្បីឲ្យប្រាកដថា វាត្រូវគ្នាជាមួយគំរូ DNA របស់សាកសព»។
លោកបានបញ្ជាក់ថា «ប្រទេសកូរ៉េខាងជើង បានដាក់សំណើមួយមកកាន់ម៉ាឡេស៊ី ដើម្បីសុំយកសាកសព ប៉ុន្តែមុនពេលដែលយើងប្រគល់សាកសពជូននោះ យើងត្រូវតែកំណត់ថាសាកសព ជារបស់អ្នកណាពិតប្រាកដជាមុនសិន»។
ប្រភពព័ត៌មានបានបន្តថា កាលពីថ្ងៃព្រហស្បត្តិ៍ លោក Datuk Seri Dr Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចេញមកបញ្ជាក់ថា បុរសត្រូវគេធ្វើឃាតនៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ មានឈ្មោះ គីម ជុងណាម ជាបងប្រុសមេដឹកនាំ គីម ជុងអ៊ុន បើផ្អែកតាមលិខិតឆ្លងដែនបុរសនោះកាន់។ ហើយលោកក៏បានបញ្ជាក់ថា ម៉ាឡេស៊ី ក៏មានបំណងប្រគល់សាកសព ជូនតាមសំណើទៅក្រុងព្យុងយ៉ាងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]