ចិន៖ តាមរយៈសេចក្តីរាយការណ៍មួយបានបង្ហាញថា មានទារកមួយរូប ត្រូវបានម្តាយគ្រវែងចូលទៅក្នុងទឹកទន្លេ និងត្រូវបានជួយសង្គ្រោះដោយអ្នកដំណើរម្នាក់។

វីដេអូដ៏រន្ធត់មួយ បានបង្ហាញឲ្យឃើញពី សកម្មភាពរបស់មនុស្សមួយក្រុម កំពុងជួយសង្គ្រោះជីវិតទារកមួយរូប តាមរយៈការចងព្យួរទារកនោះ ទាញពីក្នុងទឹកទន្លេ ឡើងមកលើស្ពានវិញ។ ហេតុការណ៍នេះបានកើតឡើងនៅលើ ស្ពានមួយនៅក្នុងទីក្រុង Ruzhou ខេត្ត Henan ប្រទេសចិន។

វីដេអូដដែលនេះ បានបង្ហាញពីការសម្រេចចិត្ត យ៉ាងរហ័សពីសំណាក់វីរបុរស ដែលជាអ្នកបើកតាក់ស៊ីមួយរូប ដែលបានហក់ចូលទៅក្នុងទឹកទន្លេភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិតទារកនោះ ឲ្យរួចផុតពីការស្លាប់។

តាមរយៈអ្នកជួយសង្គ្រោះមួយក្រុមនោះបានឲ្យដឹងថា ម្តាយរបស់ទារករងគ្រោះរូបនេះ បានដើរឡើងមកលើស្ពានក្នុងសភាពធម្មតា រួចក៏គ្រវែងកូនរបស់ខ្លួនចូលទៅក្នុងទន្លេ Jing ឬហៅថា ទន្លេលឿងនេះ។

បន្ទាប់មកទៀត នាងក៏បានដើរចេញបាត់ ដែលភ្លាមៗនោះអ្នកដំណើរនៅកន្លែងកើតហេតុ ហាក់មានភាពស្រឡាំងកាំង ជាមួយហេតុការណ៍ដែលបានកើតឡើងនេះ រួចក៏បានស្រែកខ្លាំងៗ ដើម្បីសុំជំនួយពីអ្នកដំណើរផ្សេងៗទៀតផងដែរ។ មិនបានប៉ុន្មានផង ស្រាប់តែមានអ្នកបើកតាក់ស៊ីមួយរូបចេញមុខ ជាវីរបុរសជួយសង្គ្រោះជីវិតទារកនោះ យ៉ាងអស្ចារ្យបែបនេះតែម្តង។

មនុស្សម្នាដែលនៅលើស្ពាន ក៏បានចូលរួមចំណែក ក្នុងការជួយសង្គ្រោះទារកនេះដែរ។ ពួកគេបានជួយទាញខ្សែចំណង ដើម្បីឲ្យទារកនោះបានមកនៅលើស្ពានវិញ។ លើសពីនេះ ពួកគេក៏បានព្យាយាមអង្រួន និងទះខ្នងរបស់ទារកនោះតិចៗ ដើម្បីឲ្យទឹកចេញពីសួតរបស់គេផងដែរ។

ទារកប្រុសនោះ នៅតែមិនទាន់ដឹងខ្លូននៅឡើយទេ នៅពេលដែលក្រុមគ្រូពេទ្យមកដល់ និងបញ្ជូនគេទៅកាន់មន្ទីរពេទ្យ ប៉ុន្តែរហូតមកដល់ពេលនេះ គេបានរួចផុតពីសេចក្តីស្លាប់ហើយ។

អាជ្ញាធរប្រចាំនៅក្នុងទីក្រុង Ruzhou បាននិយាយថា ស្ត្រីជាម្តាយមានបញ្ហាស្មារតី ហើយករណីមួយនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ ទោះជាយ៉ាងណា គេមិនទាន់បានដឹងច្បាស់ថា មានការចោទប្រកាន់ណាមួយ ទៅលើស្ត្រីជាម្តាយដែលមិនត្រូវបានស្គាល់អត្តសញ្ញាណមួយរូបនេះឡើយ៕

សូមទស្សនាវីដេអូសកម្មភាពនៃការជួយសង្គ្រោះជីវិតទារកនោះនៅខាងក្រោម៖

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ដល់.ក! អ្នកបើកឧទ្ធម្ភាគចក្រចម្បាំង ជិះវង្វេងគោលដៅ ចុះចតកណ្តាលផ្លូវ សួរគេឯង (មានវីដេអូ)

កាហ្សាក់ស្ថាន៖ យើងធ្លាប់តែឃើញ និងជួបប្រទះអ្នកធ្វើដំណើរតាមដងផ្លូវ ដោយរថយន្ត ឬម៉ូតូឈប់សួរពីទិសតំបន់ នៅពេលដែលពួកគេជិះវង្វេងផ្លូវជាដើម ប៉ុន្តែអ្វីដែលកើតឡើងពេលនេះវិញ គឺជាហេតុការណ៍គួរឲ្យហួសចិត្ត និងភ្ញាក់ផ្អើលមួយ ដោយសារតែអ្នកបើកឧទ្ធម្ភាគចក្រចម្បាំង បានចុះចតឧទ្ធម្ភាគចក្ររបស់ខ្លួន កណ្តាលផ្លូវថ្នល់ និងរត់ទៅសួរនាំផ្លូវអ្នកបើករថយន្ត។

យោងតាមរយៈការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា វីដេអូមួយបានបង្ហាញពីសកម្មភាពកម្រនឹងកើតមានបំផុត ដោយគេឃើញឧទ្ធម្ភាគចក្រយោធា ធុន Mi-8 មួយគ្រឿង បានចុះចតនៅលើផ្លូវហាយវ៉េមួយខ្សែ ដែលមានព្រិលធ្លាក់គ្របដណ្តប់ពីលើ និងត្រូវគេដឹងថាស្ថិតនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

ការចុះចតនោះបានធ្វើឲ្យកាត់ផ្តាច់ចរាចណ៍ និងបង្កជាការកកស្ទះក្នុងរយៈពេលខ្លី ខណៈមនុស្សមួយចំនួនមានការងឿងឆ្ងល់ ដោយបន្តិចក្រោយមកពីឡុតឧទ្ធម្ភាគចក្រយោធាម្នាក់នោះ ក៏បានចុះមក ហើយរត់សំដៅទៅកាន់រថយន្តដឹកទំនិញមួយគ្រឿងដែលនៅជិតនោះ។ នៅពេលទៅដល់រថយន្តខាងលើ គាត់និយាយជាមួយអ្នកបើករថយន្ត ទើបគេដឹងថាពីឡុតរូបនោះចុះមកសួររកទិសដៅទៅកាន់គោលដៅសោះ។

ក្រោយពេលវីដេអូត្រូវបានបង្ហោះលើបណ្តាញអ៊ិនធើណេត ក្រសួងការពារជាតិរបស់ប្រទេសកាហ្សាក់ស្ថាន ក៏បានចេញមកថ្លែងថា «នៅពេលនោះកងយោធាកំពុងធ្វើការហាត់សមយុទ្ធការហោះហើរ និងចុះចតឧទ្ធម្ភាគចក្រ ស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុលំបាកមួយតែប៉ុណ្ណោះ»

ដោយឡែកអ្នកនាំពាក្យ ក៏បានថ្លែងប្រាប់ កាសែតរុស្ស៊ី Moscow Times ដែរថា «ក្រុមអាកាសយានិក បានបញ្ចប់ការហ្វឹកហាត់ដោយជោគជ័យលើការចុះចតលើផ្លូវហាយវ៉េ, កំណត់ទីតាំងទីប្រជុំជនដែលនៅជិតបំផុត, រួចហោះឡើងទៅវិញ និងបានបញ្ចប់ភារកិច្ចដែលបានផ្ដល់ឲ្យ»

ចង់ដឹងឧទ្ធម្ភាគចក្រចម្បាំង ដ៏មានឥទ្ធិពល ចុះចតលើផ្លូវហាយវ៉េ យ៉ាងណានោះ ទៅទស្សនាវីដេអូទាំអអស់គ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]