ម៉ាឡេស៊ី៖ ប៉ូលិសម៉ាឡេស៊ី បានថ្លែងថា សាកសពលោក គីម ជុងណាម ដែលជាបងប្រុស ម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រគល់ជូនកូរ៉េខាងជើងវិញ ក្រោមលក្ខខណ្ឌយ៉ាងតឹងរឹងបំផុត ដោយការធ្វើតេស្ត DNA ពីសំណាក់ក្រុមគ្រួសាររបស់សព។

សារព័ត៌មានរបស់អង់គ្លេស Independent បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ប៉ូលិសម៉ាឡេស៊ី បានធ្វើការព្រមាន បើគ្មានគំរូ DNA ពីសំណាក់សាច់ញាតិដែលជិតបំផុតនោះទេ ពួកគេនឹងមិនព្រមប្រគល់សាកសព ឬចេញផ្សាយរបាយការណ៍ពិនិត្យសាកសព ដែលបង្ហាញពីមួលហេតុនៃការស្លាប់នេះ ជាដាច់ខាត។ 

មេប៉ូលិសម៉ាឡេស៊ី លោក Abdul Samah Mat បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រទី១៧ ខែកុម្ភៈថា «រហូតមកទល់ពេលនេះ នៅមិនទាន់មានសមាជិកគ្រួសារ សាច់ញាតិ របស់ជនរងគ្រោះណាម្នាក់ មកទទួលស្គាល់ ឬទាមទារយកសាកសពនៅឡើយទេ។ យើងត្រូវការគំរូ DNA នៃសមាជិកគ្រួសារ ដើម្បីឲ្យប្រាកដថា វាត្រូវគ្នាជាមួយគំរូ DNA របស់សាកសព»។

លោកបានបញ្ជាក់ថា «ប្រទេសកូរ៉េខាងជើង បានដាក់សំណើមួយមកកាន់ម៉ាឡេស៊ី ដើម្បីសុំយកសាកសព ប៉ុន្តែមុនពេលដែលយើងប្រគល់សាកសពជូននោះ យើងត្រូវតែកំណត់ថាសាកសព ជារបស់អ្នកណាពិតប្រាកដជាមុនសិន»។

ប្រភពព័ត៌មានបានបន្តថា កាលពីថ្ងៃព្រហស្បត្តិ៍ លោក Datuk Seri Dr Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចេញមកបញ្ជាក់ថា បុរសត្រូវគេធ្វើឃាតនៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ មានឈ្មោះ គីម ជុងណាម ជាបងប្រុសមេដឹកនាំ គីម ជុងអ៊ុន បើផ្អែកតាមលិខិតឆ្លងដែនបុរសនោះកាន់។ ហើយលោកក៏បានបញ្ជាក់ថា ម៉ាឡេស៊ី ក៏មានបំណងប្រគល់សាកសព ជូនតាមសំណើទៅក្រុងព្យុងយ៉ាងដែរ៕ 

ប្រភព៖ The Star | Independent 

ដោយឡែកព័ត៌មានគូរឲ្យចាប់អារម្មណ៍មួយទៀត៖ សុបិនក្លាយជាការពិត! ភ័យគ្មានអ្នកស្រលាញ់ ព្រោះជាមនុស្សពិការ តែចុងក្រោយទេវបុត្រជិះសេះស កាន់ដៃចូលរោងការ

ដូចគ្នាទៅនឹងនារីផ្សេងៗទៀតដែរ នាង Jroonsi Simanta តែងតែមានក្តីសុបិនថា ចង់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌សដ៏ធំ សម្រាប់ថ្ងៃមង្គលរបស់នាង ប៉ុន្តែក្តីសុបិននេះ ហាក់ពិបាកសម្រេចទៅបានបន្តិច ដោយសារតែនាង ជាមនុស្សពិការភាពធ្ងន់ធ្ងរតាំងពីកំណើត (ស្វិតជើង) គ្មានមនុស្សណាស្រលាញ់។

នាង Jroonsi វ័យ៣៧ឆ្នាំ មកពីខេត្តយ៉ាសូថន (Yasothon) ភាគឦសាន ប្រទេសថៃ បានពិការជើងទាំងគូរបស់នាងតាំងពីកំណើត ដែលធ្វើឲ្យរាងកាយរបស់នាងមិនអាចលូតលាស់បាន ហើយមានន័យថា នាងមិនអាចដើរបានឡើយ។

ប៉ុន្តែបើទោះជានាងមានសភាពពិការយ៉ាងណាក៏ដោយ ក៏មិនមែនមានន័យថា នាងមិនមានអ្នកស្រលាញ់ ហើយព្រមរៀបការជាមួយនាងដែរ ដោយក្តីសុបិនរបស់នាងបានក្លាយជាការពិត បន្ទាប់ពីបុរសម្នាក់ វ័យបងនាងជិត៣០ឆ្នាំ បានរៀបការជាមួយនាង ។

នាង Jroonsi ដែលមានឈ្មោះក្រៅ Sayphon មានន័យថា “តំណក់ទឹកភ្លៀង” បានជួបជាមួយលោក Bancha Sabuntham ដែលមានវ័យ៦៤ឆ្នាំ ហើយក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក។ ពួកគេបានរស់នៅជាមួយគ្នា ក្នុងនាមជាប្តី និងប្រពន្ធ ប៉ុន្តែដោយសារ ការងាររបស់លោក Bancha ត្រឹមជាសន្តិសុខម្នាក់ លោកមិនអាចរកប្រាក់បានគ្រប់គ្រាន់ ដើម្បីរៀបចំពិធីមង្គលការ ឲ្យបានពិតប្រាកដឡើយ។

ក្រោយមកនាង Jroonsi ក៏បានឮដំណឹងរបស់ “ទេពធីតាផាត់មុខ” ដែលមានឈ្មោះពិតថាលោក Ritchaveephat គាត់ជាអ្នកកែសម្ផស្ស និងជាអ្នកផាត់មុខដ៏ជំនាញ ដែលផ្តល់សេវាកម្មរបស់លោក ទៅកាន់ប្រជាជនក្រីក្រ ដោយឥតគិតថ្លៃ។

នាង Jroonsi ក៏បានទំនាក់ទំនងទៅគាត់ និងបាននិយាយថា “ខ្ញុំចង់ក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាតមួយរូប ប៉ុន្តែខ្ញុំមិនមានប្រាក់នោះទេ”។ ភ្លាមនោះ លោក Ritchaveephat ក៏បានឈានជើងចូលជួយនាងដោយមិនស្ទាក់ស្ទើរ ហើយថែមទាំងបានជួយរកក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ឲ្យនាងថែមទៀតផង។

លោក Ritchaveephat និងក្រុមហ៊ុនអាពាហ៍ពិពាហ៍ Anton Weddings បានផ្តល់សេវាកម្មតុបតែងមុខ ធ្វើសក់ ព្រមទាំងផ្តល់ទីកន្លែង ក៏ដូចជាសម្លៀកបំពាក់ ព្រមទាំងអាល់ប៊ុមរូបថតថែមទៀតផង។ នៅមិនទាន់អស់នោះទេ លោក Ritchaveephat ក៏បានបន្ថែមកាដូជាពិសេសដល់កូនក្រមុំទៀតផង ដោយលោកបានចូលរួមកម្មវិធីអាពាហ៍ពិពាហ៍តាំងពីដើមរហូតដល់ចប់ និងធ្វើជាអ្នកកំដរកូនក្រមុំតែម្តង។

នាង Jroonsi បានថ្លែងថា “មនុស្សជាច្រើនមើលងាយខ្ញុំ ដោយសារតែខ្ញុំមានរូបរាងខុសពីពួកគេ ហើយអ្នកខ្លះទៀតថែមទាំងបានប្រមាថខ្ញុំទៀតថា ខ្ញុំបានត្រឹមតែមើលទៅស្រស់ស្អាត នៅពេលដែលខ្ញុំដេកក្នុងមឈូសប៉ុណ្ណោះ។”

ប៉ុន្តែជាចុងក្រោយ នាងបាននិយាយដោយសង្ខេបខ្លី នៅក្នុងថ្ងៃដ៏ពិសេសរបស់នាងថា “សុបិនរបស់ខ្ញុំបានក្លាយជាការពិតហើយ”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]