ខេត្តសៀមរាប ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​ដុះ​ស្លែ​នៅ​ទីតាំង​ ២​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ក្នុង​ក្រុង​សៀមរាប ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស ស្រី ចំនួន​២៤​នាក់ រួច​នាំ​យក​មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ជំនាញ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែងឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ចំណែក​ម្ចាស់ផ្ទះ ដែល​បាន​ផ្តល់​ទីតាំង​បើក​ឱ្យ​គេ ត្រូវ​បាន​កម្លាំង​ជំនាញ នាំ​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​អ្នក​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​ដុះ​ស្លែ​(​ជល់​មាន់ និង​បៀរ​តង​) កំពុង​ហ៊ោកញ្ជ្រៀវ សើច​សប្បាយ ដល់​ឃើញ​សមត្ថកិច្ច​ទៅ​ព័ទ្ធ​ចាប់ នាំ​គ្នា​ភ័យ​ស្លន់ស្លោ ខ្លះ​រត់​ចោល ម៉ូតូ និង​រថយន្ត អ្នក ខ្លះ​អង្គុយ​សើច អ្នកខ្លះ​កំពុង​អង្គុយ​យំ នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ខណៈ​ដែល​សមត្ថកិច្ច​ទៅ​ចាប់​យក​មក​ធ្វើការ​សួរនាំ​។ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​នោះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ទីតាំង​២​ផ្សេង​គ្នា ថ្ងៃ​តែ​មួយ​ក្នុង​ក្រុង​សៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​នៅ​ជិតខាង​។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ប្រាប់​ថា ជនសង្ស័យ ប្រុស ស្រី ទាំង​២៤​នាក់​នោះ ដែល​ចាប់​មក​សួរនាំ​នោះ​មាន​២​ទីតាំង ទីតាំង​ទី​១/​ឃាត់ខ្លួន​បាន​មនុស្ស​១៥​នាក់ ក្នុង​នោះ​មាន​ម្ចាស់ផ្ទះ​ម្នាក់​ (​ភ្នាល់​បញ្ជល់មាន់​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប និង​ទីតាំង​ទី​២/​ឃាត់ខ្លួន​ បាន​មនុស្ស​ប្រុស ស្រី រួម​ទាំង​ម្ចាស់ផ្ទះ ដែល​កំពុង​លេងបៀរ​នោះ​ មាន​ចំនួន​៩​នាក់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងផ្ទះ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ទាំង​២៤​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ក្នុង​នោះ​ក៏​បាន​ធ្វើការ​ដកហូត បាន​វត្ថុ​តាង​ពី​អ្នក​ល្បែង​រួម​មាន ៖ -​រថយន្ត​ចំនួន​១​គ្រឿង មាន់​ជល់​ចំនួន​៤​ក្បាល ងាប់​អស់​២​ក្បាល ម៉ូតូ​ចំនួន​១៧​គ្រឿង លុយ​មួយ​ចំនួន និង​បៀរ​តង​មួយ​ចំនួន​ធំ​ផង​ដែរ​។ ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា កម្លាំង​ជំនាញ​បានឱ្យ​អ្នក​ចូល​លេង ប្រុស ស្រី ធ្វើ​កិច្ចសន្យា​ត្រលប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ចំនួន​២២​នាក់​។

ចំណែក​ម្ចាស់ផ្ទះ​ទាំង​២​នាក់ ដែល​បាន​ផ្តល់​ទីតាំង​ បើក​ល្បែង​ភ្នាល់មាន់ ព្រមទាំង​បៀរ នោះ​មាន​៖​ទី​១/​ឈ្មោះ ជុន ចំរើន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ (​ម្ចាស់ផ្ទះ បើក ភ្នាល់មាន់​ជល់​) និង​ទី​២/ ឈ្មោះ យឹ​ម សារី ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ជា​ម្ចាស់ផ្ទះ បើក ទីតាំង​ឱ្យ​គេ​លេងបៀរ​)​។

បច្ចុប្បន្ន​ជនសង្ស័យ ប្រុស ស្រី ទាំង​២​នាក់ និង​វត្ថុ​តាង ដែល​ជា​ម្ចាស់ផ្ទះ ទាំង​២ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៦ ខែ​កម្ភៈ ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ជុំវិញ​មជ្ឈដ្ឋាន​នានា​ក្នុង​ក្រុង​សៀមរាប រង់ចាំ​មើល​ថា តើ​ម្ចាស់ផ្ទះ ទាំង​២​កន្លែង​នោះ មាន​វាសនា​អាច​រួចខ្លួន ឬ​ជាប់គុក? ប្រសិនបើ​មាន​លុយ ប្រហែល​អាច​ឈាន​ជើង​ចេញពី​ក្នុង​កន្លែង​តុលាការ បើ​គ្មាន​លុយ​ទេ​នឹង​ត្រូវ​ ជាប់គុក​ហើយ​មើលទៅ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ចាប់​បទល្មើស​ផ្សេង​គ្នា សមត្ថកិច្ច​ប្រដាប់​ងា​វុ​ធ​ទាំង​២ តែងតែ​មានការ​អាថ៌​កំបាំង ដើម្បី​លាក់លៀម ចំពោះ​អ្នក​សារព័ត៌មាន​មិន​ចង់ឱ្យ​ទម្លាយ ខ្លាច​បែក​ទ្រព្យ ទោះជា​យ៉ាងណា ក៏​មិន​អាច​លាក់​ជិត​ពី​អ្នក​ព័ត៌មាន​បាន​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]