ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រលឹមអុរ ខណៈអ្នកហាត់ប្រាណនៅស្រះវង្សបានប្រទះឃើញការ៉ុងធំមួយដូចមានច្រកមនុស្សក្នុងនោះនៅលើខឿនស្រះវង្ស ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពេលប្រទះឃើញបែបនេះអ្នកហាត់ប្រាណទាំងអស់ ដាក់ការសង្ស័យថា ប្រហែលជាអំពើមនុស្សឃាតទៀតហើយ ទើបនាំគ្នាចូលទៅពិនិត្យមើល ស្រាប់តែការ៉ុងនោះបំរះក៏មានការភ្ញាក់ផ្អើលថាពិតជាមនុស្សដែលត្រូវគេសម្លាប់យកមកបោះចោលនោះមិនទាន់ស្លាប់ហើយ ។
ប្រភពឲ្យដឹងទៀតថា ខណៈកំពុងចោមរោមមើលស្រាប់តែអ្នកហាត់ប្រាណពេលព្រឹកទាំងនោះភ្ញាក់ក្រញាងដោយឃើញមនុស្សម្នាក់អើតក្បាលចេញពីក្នុងការ៉ុងមក ទើបដឹងថា ជាមនុស្សឆ្កួតរងារចូលដេកអង្កុញជើងក្នុងការ៉ុងនោះសោះ ៕
ប្រភព៖ កោះសន្តិភាព
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ប្រពន្ធដើរលេងញឹកញាប់ ប្តីប្រចណ្ឌខ្លាំងពេក...
រាជធានីភ្នំពេញ ៖ ដោយសារប្រពន្ធ តែងតែដើរលេងជាបងប្អូនញឹកញាប់ពេក បុរសជាប្តីក៏មានការតូចចិត្ត និងប្រចណ្ឌខ្លាំងរហូតដល់ថ្នាក់ ដើរទៅវាយទូលក់មីឆាឡើងរយះដៃ និងដួលបែកក្បាល តែម្នាក់ឯងបង្កឲ្យការភ្ញាក់ផ្អើល ដល់បងស្រីរត់មកជួយដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
បុរសចិត្តខ្លាំង ដែលរងរបួសមានឈ្មោះ អឹម ភារិន អាយុ២៥ឆ្នាំ មុខរបរអ្នកលក់មីឆាតាមរទេះនៅម្តុំសន្ធរម៉ុក ស្នាក់នៅផ្ទះជួលម្ដុំសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានស្រុកកំណើតខេត្តព្រៃវែង ។ ចំណែកប្រពន្ធមិនស្គាល់ឈ្មោះ ហើយក៏មិនទាន់មកមើលប្តី នៅមន្ទីរពេទ្យនៅឡើយទេ ។
ប្រភពព័ត៌មានពីបងស្រី របស់ជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានដឹងថា ប្តីប្រពន្ធរបស់ប្អូនប្រុសគាត់រស់នៅបែកគ្នា ដោយសារប្រពន្ធធ្វើការ ពេលយប់បានស្នាក់នៅកន្លែងធ្វើការ ចំណែកប្តីប្រកបរបរលក់មីឆា ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ប៉ុន្តែមួយរយៈកន្លងមកនេះប្តីចេះ តែតូចចិត្តដោយសារតែ ជីវិតប្តីប្រពន្ធមិនបានរស់ នៅជុំគ្នាដូចប្តីប្រពន្ធគេដទៃទៀត។
មិនតែប៉ុណ្ណោះប្តីបានដឹងថា ប្រពន្ធតែងតែដើរលេងជាបងប្អូន របស់គេជាញឹកញាប់ ក៏កើតមានចិត្តប្រចណ្ឌ និងតូចចិត្ត ហើយតែងតែទៅនិយាយ ប្រាប់គាត់ជាញឹកញាប់ ប៉ុន្តែគាត់ជាបងស្រី ចេះតែពន្យល់ប្អូនប្រុសកុំឲ្យគិតច្រើន និងប្រចណ្ឌច្រើនពេក អាណិតកូនតូចដែលទើបតែ កើតបានមួយខួប ម្យ៉ាងប្រពន្ធគេដើរលេង ជាមួយបងប្អូនគេទេ មិនមែនជាមួយអ្នកដទៃទេ ។
ប្រភពដដែលបន្តទៀតថា ទោះបីបងស្រីខំនិយាយណែនាំ ប្អូនប្រុសកុំឲ្យគិតប្រចណ្ឌប្រពន្ធពេកក៏ដោយ ក៏ប្តីប្រពន្ធរបស់គេធ្លាប់ ឈ្លោះប្រកែកគ្នារហូតចង់លែងលះគ្នាទៀតផង ។ នៅថ្ងៃកើតហេតុ ប្រពន្ធបានមកបន្ទប់ជួលរបស់ប្តី ហើយបានឮសម្លេងឈ្លោះប្រកែកគ្នា បានបន្តិចស្រាប់តែឮសម្លេង ក្តូងក្តាំងនៅកន្លែងដាក់រទេះលក់មីឆា គាត់បានរត់ចេញទៅមើល ឃើញប្អូនប្រុសដាល់ ទូកញ្ចក់រទេះមីឆាបែកខ្ទេច ហើយរយះកដៃ និងរយះថ្ងាស ហូរឈាមកក្លាក់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងស្រី បញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសមៈដើម្បីធ្វើការព្យាបាល ចំណែកប្រពន្ធមិនបានឃើញ មកមន្ទីរពេទ្យទេ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]