តើអ្នកមានដឹងទេថា អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា មានមនុស្សសម្លាប់ខ្លួន នៅរៀងរាល់ ៤០ វិនាទីម្តង ជុំវិញពិភពលោកយើងនេះ។ ជាងនេះទៅទៀត មនុស្សជាងមួយលាននាក់ បានបញ្ចប់ជីវិតខ្លួនឯង ជារៀងរាល់ឆ្នាំ។ វាជាបញ្ហាមួយគួរឲ្យខ្លាចរបស់ពិភពលោក និងមានមូលហេតុជាច្រើន ដែលបណ្តាលឲ្យមានបញ្ហានេះ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាគ្មានដំណោះស្រាយសមគួរ ទាល់តែសោះ។

ដើម្បីកុំឲ្យរង់ចាំយូរ តោះទៅតាមដានប្រទេសទាំង ១០ ដែលមានអត្រាអ្នកសម្លាប់ខ្លួន ច្រើនជាងគេលើពិភពលោក ដូចខាងក្រោមនេះ ៖

១០. ប្រទេស បេឡារុស

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២០.៥ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស បេឡារុស ឬឈ្មោះជាផ្លូវការសាធារណរដ្ឋបេឡារុស គឺជាប្រទេស មិនជាប់នឹងសមុទ្រ ដែលមានទីក្រុង Minsk ជារាជធានី និងមានផ្ទៃដីសរុប ២០៧,៥៩៥ គីឡូម៉ែត្រការ៉េ។ បើគិតត្រឹមឆ្នាំ ២០១៦ ប្រទេសនេះ មានប្រជាជនចំនួន ៩,៤៩៨,៧០០ នាក់។ ការសិក្សាបានបង្ហាញថា អ្នកសម្លាប់ខ្លួនភាគច្រើន គឺជាបុរស និងមានអាយុចាប់ពី ៤៥ ដល់ ៦៤ ឆ្នាំ។ ការសិក្សាថ្មីៗមួយផ្សេងទៀតបាន រកឃើញពីទំនាក់ទំនងនៃការធ្វើអត្តឃាតនេះ ដោយជាប់ពាក់ព័ន្ធទៅនឹង ការសេពគ្រឿងស្រវឹង។

៩. ប្រទេស ឡាតវី

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២០.៨ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស ឡាតវី ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋឡាតវី គឺជាប្រទេសមួយស្ថិតនៅតំបន់បាល់ទិក ភាគខាងជើងនៃតំបន់អឺរ៉ុប ដែលមានរាជធានីឈ្មោះ Riga និងមានផ្ទៃដីសរុប ៦៤,៥៨៩ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានប្រជាជនរស់នៅប្រមាណ ១,៩៥៧,២០០ នាក់ បើគិតត្រឹមឆ្នាំ ២០១៦។ រាជរដ្ឋាភិបាល និងអង្គការសុខភាព បានធ្វើការស្រាវជ្រាវឃើញថា ភាគច្រើនអ្នកធ្វើអត្តឃាត គឺជាបុរស ដែលមានអាយុចន្លោះ ៤០ ដល់ ៤៩ ឆ្នាំ។ ការសេពគ្រឿងស្រវឹង ការអត់ការងារធ្វើ និងសុខភាពផ្លូវចិត្ត សុទ្ធតែជាមូលហេតុ ដែលបណ្តាលឲ្យពួកគេបញ្ចប់ជីវិតខ្លួនឯង។ 

៨. ប្រទេស ស្រីលង្កា

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២១.៣ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស ស្រីលង្កា ឬមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា គឺជាប្រទេសដីកោះមួយ នៅអាស៊ីខាងត្បូង ជិតភាគអាគ្នេយ៍ប្រទេសឥណ្ឌា ដែលមាន Sri Jayawardenepura Kotte ជារាជធានី និងផ្ទៃដីសរុប ៦៥,៦១០ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះ មានប្រជាជនរស់នៅចំនួន ២០,២៧៧,៥៩៧ នាក់ គិតត្រឹមឆ្នាំ ២០១២។ ក្នុង ១ ឆ្នាំ មនុស្សជិត ៤,០០០ នាក់តែងធ្វើអត្តឃាត ឬអាចនិយាយបានថាមួយថ្ងៃ មានអ្នកសម្លាប់ខ្លួនចំនួន ១១ នាក់ ជាពិសេស គឺបុរសភេទ ដែលមានអាយុពី ១៥ ទៅ ៤៤ ឆ្នាំ ដោយសារតែជូបប្រទះភាពក្រីក្រ ភាពគ្មានការងារធ្វើ និងជាប់បំណុលច្រើនពេក។ 

៧. ប្រទេស ជប៉ុន

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២១.៤ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស ជប៉ុន គឺជាប្រទេសដីកោះ ស្ថិតនៅអាស៊ីខាងកើត ដែលមានទីក្រុង តូក្យូ ជារាជធានី និងមានផ្ទៃដីសរុបចំនួន ៣៧៧,៩៧២.២៨ គីឡូម៉ែត្រការ៉េ។ បើគិតមកទល់នឹងបច្ចុប្បន្ននេះ ប្រទេស ជប៉ុនមានប្រជាជនរស់នៅរហូតដល់ ១២៦,៨៦០,០០០ នាក់ហើយ។ ប៉ុន្តែ ផ្ទុយទៅវិញ ចំនួនអ្នកធ្វើអត្តឃាត បែរជាបន្តកើនឡើងឥតឈប់ឈរ ជាពិសេសមាន ៧០% ជាបុរសភេទ។ មូលហេតុ ៣ ធំៗបំផុត ដែលបណ្តាលឲ្យមានការសម្លាប់ខ្លួននេះ គឺកត្តាសេដ្ឋកិច្ច សំពាធពីសង្គម និងជំងឺធ្លាក់ទឹកចិត្ត។ 

៦. ប្រទេស ហុងគ្រី

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២១.៧ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស ហុងគ្រី គឺជាប្រទេស ស្ថិតនៅតំបន់អឺរ៉ុប ដែលមានរាជធានីឈ្មោះ Budapest និងមានផ្ទៃដីសរុបប្រមាណ ៩៣,០៣០ គីឡូម៉ែត្រការ៉េ។ បើគិតមកទល់នឹងឆ្នាំ ២០១៦ ប្រទេស ហុងគ្រី មានប្រជាជនរស់នៅចំនួន ៩,៨៣០,៤៨៥ នាក់។ មិនខុសពីបណ្តាប្រទេសខាងលើប៉ុន្មានទេ ប្រទេស ហុងគ្រី មានអត្រាអ្នកសម្លាប់ខ្លួន ជាបុរស ខ្ពស់ជាងស្រ្តីឆ្ងាយណាស់។ ភាគច្រើន ពួកគេមានអាយុពី ៣០ ទៅ ៦០ ឆ្នាំ ដែលជាពោះម៉ាយ ឬលែងលះប្រពន្ធរួច។ ជាពិសេស បណ្តាលមកពីការសេពគ្រឿងស្រវឹង និងទទួលរងភាពអត់ការងារធ្វើ។ 

៥. ប្រទេស ស្លូវ៉ានី

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២១.៨ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស ស្លូវ៉ានី ឬមានឈ្មោះផ្លូវការ សារធារណរដ្ឋស្លូវ៉ានី គឺជាប្រទេសមួយ ដែលស្ថិតនៅតំបន់អឺរ៉ុបកណ្តាល ភាគខាងត្បូង ដែលមានទីក្រុង Ljubljana ជារាជធានី និងមានផ្ទៃដីសរុប ២០,២៧៣ គីឡូម៉ែត្រការ៉េ។ គិតមកត្រឹមឆ្នាំ ២០១៦ កន្លងទៅនេះ ប្រទេសស្លូវ៉ានី មានប្រជាជនរស់នៅចំនួន ២,០៦៤,១៨៨ នាក់។ ប៉ុន្តែ ក្នុងមួយឆ្នាំៗ បែរជាមានអ្នកសម្លាប់ខ្លួនជាង ៤០០ នាក់ឯណោះ ដែលមូលហេតុ ចម្បងបំផុត គឺបណ្តាលមកពីការញៀន នូវគ្រឿងស្រវឹង។ 

៤. ប្រទេស កាហ្សាក់ស្ថាន (Kazakhstan)

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២៥.៦ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស កាហ្សាក់ស្ថាន (Kazakhstan) ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋ កាហ្សាក់ស្ថាន គឺជាប្រទេសមួយ ដែលស្ថិតនៅអាស៊ីកណ្តាល ភាគខាងជើង ដែលមានទីក្រុង Astana ជារាជធានី និងមានផ្ទៃដីទំហំដល់ទៅ ២,៧២៤,៩០០ គីឡូម៉ែត្រការ៉េឯណោះ។ ប្រជាជានរស់នៅប្រទេសនេះ មានចំនួន ១៨,០៥០,៤៨៨ នាក់ បើគិតត្រឹមឆ្នាំ ២០១៦។ សម្រាប់អត្រាធ្វើអត្តឃាត របស់ប្រទេសនេះ មានចំនួនច្រើនលើយុវវ័យ ជាពិសេស គឺក្មេងស្រី ដែលមានវ័យពី ១៤ ទៅ ១៩ ឆ្នាំ។ អ្នកជំនាញបានរកឃើញថា វាបណ្តាលមកពី ការគំរាមកំហែង និងការទទួលសម្ពាធពីសាលា។ 

៣. ប្រទេស ហ្គីយ៉ាណា (Guyana)

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២៦.៤ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស ហ្គីយ៉ាណា គឺជាប្រទេសបែប រដ្ឋអធិបតេយ្យ ភាគខាងជើង នៃទ្វីបអាមេរិកខាងត្បូង ដែលមានទីក្រុង Georgetown ជារាជធានី និងមានទំហំផ្ទៃដីសរុបស្មើនឹង ២១៤,៩៧០ គីឡូម៉ែត្រការ៉េ។ បើគិតត្រឹមឆ្នាំ ២០១៦ ប្រទេសហ្គីយ៉ាណានេះ មានប្រជាជនរស់នៅចំនួន ៧៣៥,៩០៩ នាក់។ សម្រាប់អត្រាសម្លាប់ខ្លួន របស់ប្រទេសនេះ កើតឡើងលើមនុស្សប្រុស ច្រើនជាងមនុស្សស្រី ដោយភាគច្រើន បំពុលខ្លួនឯង សុទ្ធតែផឹកថ្នាំសម្លាប់សត្វល្អិត។ មិនខុសពីប្រទេសផ្សេងប៉ុន្មានទេ ភាគច្រើនបណ្តាលមកពីបញ្ហាការញៀនគ្រឿងស្រវឹង និងបញ្ហាគ្រួសារ។ 

២. ប្រទេស កូរ៉េខាងត្បូង

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ២៨.១ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេសកូរ៉េខាងត្បូង ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយ ស្ថិតនៅតំបន់អាស៊ីខាងកើត ភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដែលមានទីក្រុង សេអ៊ូល ជារាជធានី និងមានទំហំផ្ទៃដីសរុប ១០០,២១០ គីឡូម៉េត្រការ៉េ។ ប្រទេសនេះ មានប្រជាជនរស់ចំនួន ៥០,៨០១,៤០៥ នាក់ គិតត្រឹមឆ្នាំ ២០១៦។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរ បញ្ហាធ្វើអត្តឃាត គឺជាវិបត្តិដ៏ធ្ងន់ធ្ងររបស់ប្រទេសនេះ។ ជាធម្មតាពួកគេច្រើនចងក និងផឹកថ្នាំបំពុល ហើយជាពិសេស ភាគច្រើនបណ្តាលមកពីវិបត្តិផ្លូវចិត្ត និងផ្លូវកាយ វិបត្តិសេដ្ឋកិច្ច និងបញ្ហាគ្រួសារ។ 

១. ប្រទេស លីទុយអានី (Lithuania)

(អត្រាអ្នកសម្លាប់ខ្លួនស្មើនឹង ៣១ ក្នុងចំណោម ១០០,០០០ នាក់)

ប្រទេស លីទុយអានី (Lithuania) ឬឈ្មោះជាផ្លូវការ សាធារណរដ្ឋលីទុយអានី គឺជាប្រទេសស្ថិតនៅតំបន់អឺរ៉ុប ភាគខាងជើង ដែលមានរាជធានីឈ្មោះ Vilnius និងមានទំហំផ្ទៃដីសរុប ៦៥,៣០០ គីឡូម៉ែត្រការ៉េ។ មកទល់នឹងបច្ចុប្បន្ននេះ ប្រទេសលីទុយអានី មានប្រជាជនរស់នៅចំនួន ២,៨៤៩,៣១៧ នាក់។ អ្នកសម្លាប់ខ្លួនភាគច្រើន ជាបុរសវ័យ ៣៥ ដល់ ៥៤ ឆ្នាំ ហើយក៏ដោយសារតែវិបត្តិសេដ្ឋកិច្ច ទើបបណ្តាលឲ្យពួកគេបាត់បង់ការងារ រហូតប្រព្រឹត្តអំពើចោរកម្ម និងញៀនគ្រឿងស្រវឹង រហូតអស់សង្ឃឹមក្នុងជីវិតតែម្តង៕ 

ប្រភព៖ The Richest | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]