(ក្រចេះ)៖ អគ្គិភ័យបានឆេះបំផ្លាញផ្ទះ១ខ្នង បានបណ្ដាលឲ្យស្រ្តីវ័យចំណាស់អាយុ៩៦ឆ្នាំស្លាប់ នៅក្នុងភ្នក់ភ្លើងសល់​តែឆ្អឹងយ៉ាងវេទនា និងមនុស្ស២នាក់ទៀតរងរបួស។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

លោក ប៊ុន ឈឿន អធិការនគរបាល ស្រុកសំបូរ ​បានបញ្ជាក់ឲ្យដឹងថា «គ្រោះអគ្គិភ័យឆាបឆេះនេះបំផ្លាញផ្ទះ១ខ្នង ទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ដំបូលស្បូវជញ្ជាំងក្ដារ​ ដែលបណ្តាលមកពីទុស្សអាគុយចាស់ ហើយឆាបឆេះពេលដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ បណ្ដាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ ក្នុងភ្លើងសល់តែឆ្អឹង និងរងបួសចំនួន២នាក់»។

លោកអធិការបានបន្ដទៀតថា ស្រ្តីវ័យចំណាស់ដែលស្លាប់ក្នុងភ្នក់ភ្លើងនោះ មានឈ្មោះ យិន ចាន់ អាយុ៩៦ឆ្នាំ និងម្ចាស់ផ្ទះឈ្មោះ ឈា ណោម អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ែន​ សារី អាយុ៥៤ឆ្នាំ រស់កន្លែងកើតហេតុរងបួសឆេះសក់ក្បាលអស់។ ទ្រព្យសម្បិត្តដែលត្រូវបានខូចខាតរួមមាន៖ ម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿង និងអង្ករ១០គីឡូក្រាម និងសម្ភារផ្សេងៗទៀត ឆេះអស់ទាំងស្រុង គ្មានសល់អ្វីនិងខ្លួនទាល់តែសោះ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ធ្វើទុក្ខ​ខ្លាំង​ ចាក់​សាំង​ដុត​ខ្លួនឯង​បញ្ចប់ជីវិត 

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​កម្មករ​ជៀរ​ជ័រកៅស៊ូ​ម្នាក់​ បាន​ធ្វើ​អត្តឃាត​ដោយ​បាន​យក​សាំង​១​ប៊ីដុង​ចំណុះ​៣០​លី​ត្រ មក​ចាក់​ស្រោច​លើ​ខ្លួនប្រាណ ហើយ​បាន​ដុត​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​កើតរោគ​សរសៃប្រសាទ​។​ ភ្លាម​ៗ​នោះ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​អ្នក​ជិតខាង ហើយ​បាន​នាំ​គ្នា​ដងទឹក​មក​ជះ​ពន្លត់​ផង​ដែរ ។

ហេតុ​ការណ៍​​នេះ កើតឡើង​នៅ​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ព្រឹក​ ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជួន ម៉ុ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​៨៧ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ មាន​ប្រពន្ធ​ឈ្មោះ ផៃ គម​ស៊ា អាយុ​៣៨​ឆ្នាំ និង​មានកូន​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ ប៉ុន្តែ​មាន​តែ​កូន​តូច​អាយុ​ ៣​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​ ដែល​រស់នៅ​ជាមួយ​ជន​​រង​គ្រោះ និង​ប្រពន្ធ ចំណែកឯ​កូន​ ៣​នាក់​ទៀត រស់នៅ​កន្លែង​ឆ្ងាយ ហើយ​ខ្លះ​ក៏​មានគ្រួសារ​អស់​ហើយ​ដែរ​។

លោក​វរសេនីយ៍ត្រី​ បាន​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ​ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផៃ គឹ​ម​ស៊ា បាន​ក្រោក​ទៅ​សារ​ជ័រ​ នៅ​វេលា​យប់​ទៀប​ភ្លឺ ជាមួយនឹង​កូន​តូច ចំណែក​ឯ​​ប្តី​បាន​ដេក​នៅផ្ទះ​តែ​ម្នាក់ឯង​។ រហូត​មក​ដល់​វេលា​ម៉ោង​ខាងលើ​នោះ ស្រាប់តែ​គេ​ប្រទះ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ក្រហមច្រាល​ ក្នុងផ្ទះ​តៀម​សាងសង់​ អំពី​បេតុង​សម្រាប់​ឲ្យ​កម្មករ​ស្នាក់​នៅ​នោះ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បាន​ប្រាប់​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​បើកទ្វារ​ផ្ទះ ដើម្បី​ចេញ​មក​ជួយ​ពន្លត់ភ្លើង តែ​ទ្វារផ្ទះ​ខាង​មុខ​បាន​ខ្ទាស់​ជាប់​មិន​អាច​ចូល​បាន​នោះ​ទេ មានតែ​​នាំ​គ្នា​​ទៅ​ទន្លា​យ​ទ្វារ​ ខាងក្រោយវិញ ហើយ​បាន​ដងទឹក​ពាង​មក​ជះ​ពន្លត់ ដោយ​ប្រើ​ពេល​ជិត​កន្លះ​ម៉ោង​ ទើប​ភ្លើង​រលត់ ប៉ុន្តែ​ជា​អកុសល​បុរស​រង​គ្រោះ​បាន​ស្លាប់​បាត់​ ទៅ​ហើយ​ក្នុង​អណ្តាតភ្លើង​ ចំណែកសពឡើង​រួញ​ក្រញង់​តែ​ម្តង​។

ក្រោយ​ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្ម​ពេជ្រ បាន​រាយការណ៍​មក​លោក ​អធិការ​នគរបាល​ស្រុក​នោះ ក៏​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ ទៅ​កាន់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ហើយ​បាន​ពិនិត្យ​សព​ឃើញ​ថា បុរស​នេះ ពិត​បាន​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​មែន ។ បន្ទាប់​មក​បាន​ប្រគល់​សព​ឲ្យ​ទៅ​ប្រពន្ធ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

លោក​វរ​ស​នី​យ៍​ត្រី ឡុ​ង សា​រិ​ន បាន​រំលឹក​ទៀត​​ថា កាលពី​៣​ឆ្នាំ​មុន បុរសរង​គ្រោះ​ខាងលើ​នេះ ធ្លាប់​ជួបនឹង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បាន​ប៉ះទង្គិច​ត្រូវ​ក្បាល ក្រោយមក​ក៏​ចេះ​តែ​ធ្វើទុក្ខ​ក្បាល​​ រហូត​កើតរោគ​សរសៃប្រសាទ ហើយ​ត្រូវ​បាន​ប្រពន្ធ​នាំ​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ខេត្តកំពង់ចាម ពេល​បានជា​ស្រួល​ប្រួលក៏​​នាំ​ត្រឡប់​មក​ផ្ទះ​វិញ ។

ប៉ុន្តែ​នៅ​ពេល​មុន​កើតហេតុ​ ចំនួន​៣​ថ្ងៃ បុរស​រង​គ្រោះ​ខាងលើ​​ចេះ​តែ​រវើរវាយ​ឃើញ​គេ​មក​ដេញចាប់ រហូត​មក​ដល់​ព្រឹក​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ ក៏​បាន​យក​សាំង​មក​ចាក់​ដុត​ខ្លួនឯង​ធ្វើ​អត្តឃាត​តែ​ម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]