(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានព្រមាន​ចាត់វិធានការ​ និងស្រាវជ្រាវ​យ៉ាងយក​ចិត្តទុកដាក់ ចំពោះគ្រូពេទ្យ​ជនជាតិចិនម្នាក់ និយាយភាសាខ្មែរ​ប៉ៃឡាំៗ ដែលធ្លាប់វះកាត់​ស្រ្តីខ្មែរម្នាក់ ស្លាប់នៅក្រុង​ពោធិ៍សាត់ ស្រាប់តែនៅ​ពេលនេះ លួចទៅបើកគ្លីនិក​ថ្មីមួយទៀត នៅទីរួម​ខេត្តកំពង់ធំ។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀល​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លោកនឹង​ឲ្យមានការ​ស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធាន​ការយ៉ាងយកចិត្តទុកដាក់ ចំពោះករណីនេះ មិនបណ្តោយ​ឲ្យកើតមាន​ឡើងខុស​ច្បាប់ទៀត​នោះទេ។

ការព្រមានបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកើតឡើង នៅពេលមានព័ត៌មានថា លោកគ្រូពេទ្យជនជាតិឈ្មោះ វ៉ាន់ ចាន់ជូ ភេទប្រុស អាយុ៥២ឆ្នាំ បានលួចទៅបើក​គ្លីនិក​មួយទៀត នៅក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយមានយីហោ «មន្ទីរសម្រាកព្យាបាល ក្រុងស្ទឹងសែន» ប៉ុន្តែមិនទាន់មាន​ច្បាប់ពេញ​លេញនៅឡើយទេ។

សូមបញ្ជាក់ថា គ្រូពេទ្យស្ទើរភ្លើងជាជនជាតិចិនម្នាក់ ដែលធ្លាប់​បើកគ្លីនិក គ្មានច្បាប់​អនុញ្ញាត នៅក្នុងក្រុងពោធិ៍សាត់ ហើយ​បានវះកាត់ ស្ត្រីម្នាក់ស្លាប់ កាលពីឆ្នាំ២០១៥ ឥឡូវនេះ បានវេចបង្វេចបាយ គេចខ្លួនមកបន្ត​បើកគ្លីនិក​គ្មានច្បាប់ អនុញ្ញាតមួយ​ទៀតដាក់ឈ្មោះថា «មន្ទីរសម្រាក​ព្យាបាល ក្រុងស្ទឹងសែន» ក្នុងខេត្តកំពង់ធំវិញម្តង។

សមត្ថកិច្ចខេត្តពោធិ៍សាត់ ឲ្យបានដឹងថា គ្រូពេទ្យគ្មាន​បទពិសោធន៍​ច្បាស់លាស់​នេះមានឈ្មោះ វ៉ាន់ ចាន់ជូ ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើត​នៅខេត្តហេណាន ប្រទេសចិន ចេះនិយាយភាសារខ្មែរបន្តិចបន្តួច បានមកបើកគ្លីនិក​ព្យាបាល​អ្នកជំងឺ នៅក្នុង​ក្រុងពោធិ៍សាត់ នៅចំណុច​ផ្ទះល្វែង​ទល់​មុខសណ្ឋាគារ KM ប្រមាណពី៤ ទៅ៥ឆ្នាំកន្លងទៅ តែគ្មានច្បាប់​អនុញ្ញាត​អ្វីនោះទេ។

សមត្ថកិច្ចបានប​ន្តថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ គ្រូពេទ្យចិននោះ បានវះកាត់ដៃស្បូន​​ស្ត្រីរងគ្រោះឈ្មោះ ស៊ឹង ចាន់ធឿន អាយុ៣២ឆ្នាំ មានកូនស្រី៤នាក់ រស់នៅភូមិសាន្តស ឃុំអន្សារចំបក់ ស្រុកក្រគរ បណ្តាលឲ្យ​ស្លាប់រួចរត់​គេចខ្លួន​បាត់ទៅ។ ស្រាប់នៅពេលនេះ ទើបតែឮ​ដំណឹងថា បានគេចខ្លួនមក​បន្តបើគ្លីនិកគ្មាន​ច្បាប់អនុញ្ញាត​​មួយទៀតឈ្មោះ «មន្ទីសម្រាកព្យាបាល ក្រុងស្ទឹងសែន» ក្នុងខេត្តកំពង់ធំទៅវិញ។

លោក ទី ធីរ៉ាវុធ អនុប្រធាន​មន្ទីរសុខាភិបាល​ខេត្តកំពង់ធំ បានឲ្យដឹងថា គ្រូពេទ្រចិន វ៉ាន់ ចាន់ជូ មិនទាន់មាន​ឯកសារបញ្ជាក់​គ្រប់គ្រាន់ សម្រាប់បើកគ្លីនិក​នៅឡើយទេ។ លោក ទី ធីរ៉ាវុធ បានបញ្ជាក់ថា «ច្បាប់របស់ពេទ្យចិនមួយនេះ កំពុងរត់ច្បាប់ទៅដល់ក្រសួង សុខាភិបាលហើយ»។

សម្រាប់លោកគ្រូពេទ្យ​ជនជាតិចិន​រូបនេះ បានប្រាប់អ្នកយក​ព័ត៌មាន នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈថា លោកពិតជាអ្នក​វះដៃស្បូន ស្ត្រីម្នាក់ស្លាប់ នៅខេត្តពោធិ៍សាត់ ពិតប្រាកដមែន កាលពីអំឡុង​ឆ្នាំ២០១៥។ កាលណោះ​លោកបាន​គេចខ្លួន តែរឿងនេះមាន សំណងដោះស្រាយដល់​ជនរងគ្រោះចប់អស់ហើយ។ រីឯច្បាប់បើកគ្លីនិក​នៅកំពង់ធំវិញលោក វ៉ាន់ ចាន់ជូ ថា បានចំណាយលុយ ច្រើនឲ្យទៅលោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាលខេត្ត រត់ការច្បាប់ ហើយមិនដឹងថាមិនទាន់បាននៅឡើយទេ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ទុក្ខជាន់ទុក្ខ! ស្រ្តី២នាក់ មកមើលជម្ងឺប្តី នៅមន្ទីរពេទ្យលោកសង្ឃ ស្រាប់តែត្រូវចោរហារយ លួចលុយអស់គ្មានសល់ដែលទុកសម្រាប់ថ្លៃព្យាបាល

(ភ្នំពេញ)៖ ពិតជាទុក្ខជាន់លើទុក្ខមែន ស្រ្តី២នាក់មកពីស្រុកផ្សេងគ្នា ហើយយកប្តីមកមើលជម្ងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ត្រូវបានចោរហារយ ចូលទៅលួចយកលុយអស់ជិត១ពាន់ដុល្លារ ខណៈដែលពួកគាត់ទាំង២នាក់ រវល់មើលថែប្តី។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងមន្ទីរពេទ្យលោកសង្ឃ ក្នុងសង្កាទឹកល្អក់ទី២ ខណ្ឌទួលគោក។

ស្រ្តីរងគ្រោះម្នាក់ បានត្អួញត្អែរ និងរៀបរាប់ថាប្តីរបស់គាត់ឈឺ ហើយគ្មានលុយកាក់ច្រើននោះទេ គឺសន្សំសល់ពីការហូបចុក បានប្រមាណជា២លានរៀល សម្រាប់ទុកយកប្តីមកមន្ទីរពេទ្យតែជាអកុសល គាត់បានមកសម្រាកនៅមន្ទីរពេទ្យនេះ ប្រហែល៣-៤ថ្ងៃ ក៏ត្រូវចោរហារយទាំងនោះ លួចយកលុយគាត់ទៅ ទាំងលុយ ដែលខំសន្សំទុកមើលជម្ងឺប្តី កំពុងឈឺ និងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃនេះឯង។

រឺឯស្រ្តីរងគ្រោះម្នាក់ទៀតក៏មិនខុសពីស្រ្តីខាងលើដែរ គឺគាត់ខំសន្សំលុយបានជាង៦0ម៉ឺនរៀល ដើម្បីយកប្តីមកមើកជម្ងឺ នៅមន្ទីរពេទ្យលោកសង្ឃនេះដែរ តែអកុសលក៏ត្រូវចោរខាងលើចូលលួចយកអស់ដែរ។ ចុងក្រោយស្រ្តីទាំង២នាក់ខាងលើ ដើរទៅមើលប្តីដែលកំពុងដេកឈឺទាំងអស់សង្ឃឹម។

ជាការគត់សម្គាល់ នៅតាមមន្ទីរពេទ្យរាប់ទាំងមន្ទីរកាល់ម៉ែត និងមន្ទីរគន្ធបុប្ផា ប្រជាពលរដ្ឋដែលនាំសាច់ញាតិឬកូនៗ មកសម្រាកព្យាបាលនោះ តែងតែបាត់បង់ទ្រព្យសម្បត្តិជាញឹកញាប់ ដោយសារតែមានចោរខ្លះបន្លំជាគ្រូពេទ្យ និងបុគ្គលិកពេទ្យ ចូលទៅលួចតែម្តង។

សម្រាប់មន្ទីរគន្ធបុប្ផាវិញ ប្រជាពលរដ្ឋជាច្រើននាក់ ដែលឧស្សាហ៍បាត់ជាច្រើនគេនោះ គឺស្បែកជើងតែម្តង ​នៅពេលទុកនៅខាងមុខបន្ទប់ ចេញមកវិញគឺបាត់តែម្តង បើសិនស្បែកជើងល្អ និងមានតម្លៃ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]