(ភ្នំពេញ)៖ អង្គប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានកំណត់ឱ្យធនាគារអេស៊ីលីដា ដែលជាធនាគារល្បីមួយនៅកម្ពុជា ដូរឡូហ្គោរូបហង្សចេញ ដើម្បីធ្វើយ៉ាងណាកឱ្យច្រឡំជាមួយនឹង រូបឡូហ្គោ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមការផ្សព្វផ្សាយរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ការសម្រេចឱ្យធនាគារដ៏ធំមួយនេះ ដូររូបឡូហ្គោ បានធ្វើឡើងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយ បិទស្លាកថា មីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជន មិនមែនជារបស់រដ្ឋ។ ជាមួយគ្នានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីខាងលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដាក់បញ្ជាបំរាមដល់មន្រ្តីមូលដ្ឋានមិនឲ្យចូលរួមពាក់ព័ន្ធ នឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ ដើម្បីបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជន។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈ២រួមមាន៖ ទី១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគ​បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ បានអនុម័តរួចហើយ។ ទី២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ព្រះជួយ! បុរសម្នាក់ធ្លាក់ពីលើកំពូលភ្នំបូកគោ ជម្រៅ៣០ម៉ែត្រ តែសំណាងល្អមានគេជួយ

កំពត៖ ភ្នំបូកគោ ត្រូវបានប្រជាជនទូទៅចង់ឡើងទៅលេងកម្សាន្ត ដោយសារតែទេសភាពដ៏ស្រស់បំព្រងរួមជាមួយ នឹងអាកាសធាតុដ៏ល្អនៅទីនោះ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ បុរសម្នាក់ និងមិត្តស្រីបានឡើងទៅកម្សាន្តនៅលើកំពូលភ្នំនេះ និងឆ្លៀតផ្ដិតយកទេសភាព យកមកទុកជាអនុស្សាវរីយ៍។ ជាសំណាងអាក្រក់ បុរសរងគ្រោះ ក៏បានរអិលជើងធ្លាក់ចុះពីលើកំំពូលភ្នំបូកគោ (កន្លែងជ្រោះ ដែលអ្នករាល់គ្នាតែងតែទៅទស្សនា មិនដែលរំលងពេលបានទៅដល់កំពូលភ្នំនេះ) ចុះទៅខាងក្រោមជម្រៅ៣០ម៉ែត្រ តែជាសំណាងល្អដែរ ដែលគាត់ទើរនឹងដើមឈើ។

ភ្លាមៗ នោះក៏មានមនុស្សម្នាស្ទុះទៅជួយ និងស្រែកហៅបុរសរងគ្រោះ។ គ្រាន់តែលឺសម្លេងបុរសរងគ្រោះភ្លាម ម្នាក់អរគុណទេវតា និងវត្ថុស័ក្ដសិទ្ធដែលបានជួយឲ្យបុរសរងគ្រោះនៅរស់រានមានជីវិត។ អ្នកទេសចរ និងក្រុមការងារវិទ្យុក្នុងស្រុកមួយដែលបាននៅកន្លែងកើតហេតុ ក៏បានបោះខ្សែពួរ ចុះទៅឲ្យបុរសរងគ្រោះចងនឹងចង្កេះ រួចទាញឡើងមកវិញ និងបញ្ជូនបុរសរងគ្រោះទៅមន្ទីរពេទ្យ។

ហេតុកាណ៍ទាំងមូល ត្រូវបានរៀបរាប់ដោយបងប្រុសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Thoung Tithya ដែលបងប្រុសជាអ្នកថតពីសកម្មភាពជួយសង្គ្រោះ និងជាអ្នកដឹងពីហេតុការណ៍ទាំងមូលផងដែរ។ លើសពីនេះបងប្រុសក៏បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “ឥលូវគេជួយសង្គ្រោះគាត់បានហើយ គាត់ជាមនុស្សដែលសំណាងក្នុង១០០នាក់ ដែលធ្លាក់កំពស់ជិត៣០មែត្រហើយ តែមិនស្លាប់...មូលហេតុនៃការធ្លាក់នេះគឺបណ្ដាលមកពីគាត់ព្យាយាម បង្កើតរូបភាពដែលមានភាពទាក់ទាញ និងអស្ចារ្យ តែថ្លោះថ្លោយបណ្ដាលអោយមានគ្រោះថ្នាក់ដូចនេះ។ ដំបូងស្មានតែគាត់មិនសូវអី នៅពេលដែលខ្ញុំព្យាយាមស្រែកសួគាត់ពីខាងលើទៅ តែពេលដែលគាត់ត្រូវគេលើកឡើងមកខាងលើទើបខ្ញុំដឹងថាគាត់ របួសធ្ងន់ធ្ងរហើយ តែគាត់ព្យាយាមនិយាយកុំអោយមិត្តស្រីគាត់ភ័យតែប៉ុណ្ណោះ។ សូមបងប្អូនដែលចូលចិត្តថតរូបក្នុងស្ថានភាពប្រថុយប្រថាន មេត្តាប្រុងប្រយត្ន័ផង។ សូមអគុណដល់ ABC Cambodia Family និងក្រុមសង្គ្រោះ រួមទាំងកម្លាំងសុន្តិសុខនៃភ្នំបូគោទាំងអស់ ដែលបានចូលរួមសហការគ្នាបានយ៉ាងល្អ”។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]