រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់ ខណៈ​ចុះ​ពី​រថយន្ត​បម្រុង​ទៅ​រក​ទិញ​អី​ហូប​នៅ​ចំណុច​ផ្សារ​ត្រពាំង​ល្វា ជិត​វត្ត​អង្គ​តា​មិ​ញ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្រាប់តែ​ចោរ​២​នាក់​ឆក់​កាបូប​ប្រាក់​របស់​គាត់​ទៅ​បាត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​កា​កាប និង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ដេញ​តាម​ក្រុម​ជនសង្ស័យ​រហូត​ដល់ទី​តាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង និង​បាន​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​ផង​ដែរ ។

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​មាន ១-​ឈ្មោះ នាង ភក្តី អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័ ខណ្ឌមានជ័យ​, ២-​ឈ្មោះ ថា​ច់ មុន្នី​រតនា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ៣-​ឈ្មោះ ឡាយ សុភា អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ៤-​ឈ្មោះ ជា តុលា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយឡែក​ស្ត្រី​រង​គ្រោះ​ដែល​ជា​ម្ចាស់​កាបូប​ឈ្មោះ សោម ចរិយា អាយុ​២៤​ឆ្នាំ ជា​ថៅកែ​អង្ករ​នៅ​ខេត្តកំពង់ស្ពឺ និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​បាត់​បង់លុយ​អស់​ចំនួន​ជាង​៥​ពាន់​ដុល្លារ ។

ប្រភព​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-1918 ចេញពីផ្ទះ​ដឹក​កូន​៣​នាក់​ឆ្ពោះទៅ​កាន់​ផ្សារ​ត្រពាំង​ល្វា​ដើម្បី​រក​ទិញ​របស់​ហូប ។

លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ នាង​បាន​ឈប់​រថយន្ត​បើកទ្វារ​ចុះ​បំណង​ដើរទៅ​កន្លែង​លក់​របស់​ហូប ប៉ុន្តែ​គ្រាន់តែ​បើកទ្វារ​ចុះ​ភ្លាម ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ បាន​សម្រេច និង​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល​យ៉ាង​ប្រញាប់​ប្រញាល់ ចំណែក​នាងរង​គ្រោះ​បាន​ស្រែក​ឆោឡោ​ថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប និង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ដេញ​តាម ក្រុម​ចោរ​ដៃ​ស្អិត​តាំងពី​ចំណុច​មុខ​ផ្សារ​ត្រពាំង​ល្វា ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប រហូត​ដល់ទី​តាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ និង​បាន​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ។

ប៉ុន្តែ​មិន​ទាន់​ដឹង​ថា តើ​ក្នុង​ចំណោម​ជន​ទាំងនោះ​ជា​មុខសញ្ញា​ចោរ​ខាងលើ ឬ​ក៏​គ្រាន់តែ​ជា​អ្នក​ចូល​ទៅ​លេង​ហ្គេ​ម​នោះ​ឡើយ ហើយ​នគរបាល​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍ ហើយ​ទំនងជា​គ្មាន​ការ​ពាក់ព័ន្ធ​ឡើយ និង​ត្រូវ​ដោះ​លែង​ទៅ​វិញ បន្ទាប់​ពី​ធ្វើការ​អប់រំ​រួច ។

ប្រភព​បញ្ជាក់​ថា នគរបាល​បាន​រក​ឃើញ​កាបូប​របស់​ស្ត្រី​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ចោរ​បោះចោល​នៅ​ក្នុងភូមិ​ថ្មគោល​នោះ​ដែរ ប៉ុន្តែ​ពេល​ឆែក​មើលឃើញ​មាន​តែ​ឯកសារ​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ ចំណែក​លុយ​បាន​បាត់​អស់​គ្មាន​សល់​ឡើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]