Angelina Jolie នឹងចូលរួមក្នុងពិធីចាក់បញ្ចាំងដំបូង នៃខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» (មានវីដេអូ)

សីលា ៨ ខែមុន

សៀមរាប៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនីនាថ សីហនុ បានយាងទៅដល់ខេត្តសៀមរាបហើយ ដើម្បីគង់ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ផលិតដោយអ្នកនាង Angelina Jolie និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម ដែលនឹងត្រូវចាក់បញ្ចាំងដំបូងនៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភ:ស្អែកនេះ។ នេះបើតាមការឱ្យដឹងពី អាជ្ញាធរខេត្តសៀមរាប។

ក្នុងនោះដែរ បើយោងតាមប្រភពសារព័ត៌មានរបស់បាងកកប្រទេសថៃវិញ បានបញ្ជាក់ថា អ្នកនាង Angelina Jolie ដែលជាផលិតករនៃខ្សែភាពយន្តនេះ ក៏នឹងត្រូវអញ្ជើញចូលរួមជាកិត្តិយសផ្ទាល់ផងដែរ នៅថ្ងៃចាក់បញ្ចាំងដំបូង ក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ថា ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាតដឹកនាំ ផលិតដោយអ្នកនាង Angelina Jolie នឹងត្រូវចាក់បញ្ចាំងជាលើកដំបូង រយៈពេល២ថ្ងៃ ថ្ងៃទី១៨ និង១៩ ខែកុម្ភ: នៅលើវាលស្មៅនៃព្រះលានជល់ដំរី ខេត្តសៀមរាប​

ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជារឿងមួយដែលនិយាយពី ការចងចាំដ៏ឈឺចាប់របស់ អ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស អ្នកស្រី លឿង អ៊ឹង ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមយ៉ាងសាហាវយ៉ងខ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ ព្រឹត្តិការណ៍នេះបានកើតឡើង ពេលខ្មែរក្រហមបានឡើងកាន់អំណាច កាលពីអ្នកស្រីនៅអាយុ ៥ ឆ្នាំ ដល់ ៩ ឆ្នាំ។ ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងអំពី ស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងផ្តូរផ្តាច់របស់ គ្រួសារអ្នកស្រី លឿង ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម៕ 

ប្រភព : Bangkok Post

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload