អាមេរិក៖ បាតុភូតធម្មជាតិ ប្រចាំឆ្នាំ 'Firefall' ឬទឹកធ្លាក់ដែលមានពន្លឺដូចជាភ្លើង នៅក្នុងឧទ្យានជាតិ Yosemite National Park បានធ្វើឲ្យមនុស្សម្នាជាច្រើនដែលរង់ចាំមើលទិដ្ឋភាពដ៏អស្ចារ្យមួយនេះរំភើបយ៉ាងខ្លាំង បើទោះបីជាឆ្នាំនេះ មានស្ថានភាពពិបាក ដោយសារលក្ខខណ្ឌអាកាសធាតុអាក្រក់យ៉ាងណាក៏ដោយ។

បាតុភូត 'Firefall' ដែលជាទឹកធ្លាក់ មានពណ៌ទឹកក្រូចភ្លឺចាំង ដូចជាកំអែលភ្នំភ្លើងនេះ ធ្លាក់មកពីកំពូលភ្នំមួយនៃជ្រលងភ្នំ Yosemite ប៉ុន្តែការពិតវាមិនមែនមានពណ៌ទឹកក្រូចនោះទេ ហើយមួយឆ្នាំម្តងបាតុភូតនេះ នឹងកើតមានឡើងក្នុងរយៈពេលខ្លី នៃសប្តាហ៍ទី២ ក្នុងខែកុម្ភៈ។

វាកើតឡើងដោយសារពន្លឺព្រះអាទិត្យរំកិលមកចំមុំស្របនឹងទឹកធ្លាក់ Horsetail Fall ហើយពន្លឺព្រះអាទិត្យចាំងទៅលើផ្ទៃទឹកទាំងមូល ដែលមើលទៅដូចជាភ្លើងកំពុងតែហូរចុះពីលើភ្នំអ៊ីចឹង។ 

វេទមន្តធម្មជាតិមួយនេះ កើតឡើងនៅជ្រលងភ្នំ Yosemite ក្នុងអំឡុងពេលសប្តាហ៍​ទី​២ នៃខែកុម្ភៈ ដែលជាធម្មតាវាតែងតែកើតឡើងនៅថ្ងៃទី១៦ តែសម្រាប់ឆ្នាំនេះ ហាក់មានសភាពលឿនជាងឆ្នាំមុនៗ ដោយវាបានចាប់ផ្តើមឡើងនៅថ្ងៃទី១២ ទៅវិញ ធ្វើឲ្យអ្នកដែលបានធ្វើដំណើរទៅចាំមើលបាតុភូតមួយនេះមានចំនួនតិច។

តែទោះជាយ៉ាងណា អ្នកដែលបានទៅទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅឆ្នាំនេះ ពិតជាមានសំណាងខ្លាំងណាស់ ព្រោះទឹកធ្លាក់មានសភាពធំជាងមុន ដោយសារតែមានភ្លៀងធំ ធ្លាក់ជាច្រើន ព្រមទាំងមានព្រិលក្រាស់ផងដែរនៅក្នុងរដូវនេះ មិនតែប៉ុណ្ណោះអាកាសធាតុក៏មានសភាពស្រលះថែមទៀតផង។

លោក Sangeeta Day ដែលជាអ្នកថតរូបម្នាក់បាននិយាយថា “ឆ្នាំនេះខ្ញុំមានអារម្មណ៍​ថា​មានសំណាងខ្លាំងណាស់ ដោយបានក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលជាមនុស្សដំបូងបានឃើញបាតុភូតដ៏អស្ចារ្យមួយនេះ។ ហើយរឿងអច្ឆរិយធម្មជាតិបែបនេះ គឺមិនមែនអាចឲ្យយើងបានមើលឃើញដោយងាយស្រួលនោះទេ មិនតែប៉ុណ្ណោះវាថែមទាំងមានរយៈពេលខ្លីទៀតផង”៕

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ គ្រវីនោះគ្រវី! ចងដឹងទេថា បក្សីពណ៌ស្វាយនេះ មានប្រភពមកពីណា?

ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានដឹងហើយពី បក្សីពណ៌ស្វាយ ដែលកំពុងវាយលុកបណ្តាញសង្គមហ្វេសប៊ុករយៈពេលថ្មីៗនេះ។ ប៉ុន្តែមានដែលឆ្ងល់ទេថា បក្សីពណ៌ស្វាយ គ្រវីដាច់ក្បាលចោលនេះ មានប្រភពមកពីណា?

Sticker បក្សីពណ៌ស្វាយនេះ គឺជាប្រភេទសត្វព្រាប ដែលគូរឡើងដោយវិចិត្រករស្រី Syd Weiler មកពីសហរដ្ឋអាមេរិក។ ហើយ Sticker នេះផងដែរ ទទួលបានការពេញនិយមដំបូងបំផុតនៅក្នុងប្រទេសថៃ រហូតមកទល់ថ្មីៗនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែកតៗគ្នា ធ្វើឲ្យបក្សីនេះ កាន់តែល្បី និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសជុំវិញតំបន់អាស៊ី សូម្បីកម្ពុជាយើងក៏ដូច្នោះដែរ។

គួរបញ្ជា់ថា វាគឺជាប្រភទ Sticker ក្នុងហ្វេសប៊ុកដែលគេឲ្យឈ្មោះវាថា Trash Dove ត្រូវបានគូរឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ក្រោយមកក៏បានបញ្ចូលទៅក្នុងហ្វេសប៊ុកនៅដើមឆ្នាំ២០១៧នេះតែម្តង។

Trash Dove គឺជា Sticker ដែលមានបែងចែកនូវរូបភាពផ្សេងៗគ្នាជាច្រើន ប៉ុន្តក្នុងនោះ មានមួយដែលពេញនិយមជាងគេគឺ បក្សីដែលគ្រវីក្បាលចុះឡើងៗ ឥតឈប់ ដែលនេះហើយជាមូលហេតុដែល Sticker បក្សីពណ៌ស្វាយនេះ ទទួលបានការចាប់អារម្មណ៍។

ដោយឡែកវិចិត្រករស្រី ឈ្មោះ Syd Weiler បន្ទាប់ពីបានដឹងពីប្រជាប្រិយភាពរបស់វាហើយនោះ នាងបាននិយាយថា « អរគុណអ្នកទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រនៅថៃដែលបានធ្វើឲ្យ Sticker នេះល្បី។ ខ្ញុំរីករាយណាស់ដែលអ្នកទាំងអស់គ្នាចូលចិត្តវា» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]