ចិន៖ តើវាជារឿងងាយស្រួលណាស់មែនទេ ដែលអ្នកត្រូវទទួលបន្ទុក ចិញ្ចឹមកូនជាង ១០០នាក់តែម្នាក់ឯងនោះ? អ្នកច្បាស់ជាត្រូវធ្វើការងារច្រើនម៉ោង ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារជាពុំខាន។  លើសពីនេះវាថែមទាំងធ្វើឲ្យអ្នកងាយ នឹងប្រឈមជាមួយបញ្ហាសុខភាពថែមទៀតផង។

ជាក់ស្តែងបើក្រឡេកទៅមើលស្រ្តីជនជាតិចិនម្នាក់នេះវិញ ហេតុតែក្តីអាណិតស្រលាញ់ បានជំរុញចិត្តគាត់មិនរុញរា ក្លាយខ្លួនជាម្តាយដ៏ប្រពៃម្នាក់ ចិញ្ចឹមកូនដល់ទៅរាប់រយនាក់ ទាំងមិនខ្លាចនឿយហត់ ទោះបីស្ថិតក្រោមស្ថានភាពលំបាកយ៉ាងណាក្តី។

នេះបើយោងតាមប្រភព សារព័ត៌មានចិន បានឲ្យដឹងថា អ្នកស្រី Li Lijuan ជាអ្នកស្រុករស់នៅក្នុងភូមិមួយ ក្នុងទីក្រុង Wu’an ភាគខាងជើងខេត្ត Hebei ប្រទេសចិន។ គាត់ធ្លាប់ជាស្រ្តី អ្នកមានទ្រព្យស្តុកស្តម្ភមួយរូប កាលពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។ បច្ចុប្បន្នគាត់បានក្លាយខ្លួនជាម្តាយម្នាក់ ដែលមានកូនរហូតដល់ទៅ១០៣នាក់។ ដោយក្នុងនោះ មានម្នាក់គឺជាកូនបង្កើតរបស់គាត់ផ្ទាល់ និង១០២នាក់ផ្សេងទៀត គ្រាន់តែជាកូនចិញ្ចឹមតែប៉ុណ្ណោះ។

ក្មេងៗដែលត្រូវបានអ្នកស្រី Li យកមកចិញ្ចឹមទាំងអស់នោះ គឺសុទ្ធសឹងតែជាក្មេងៗអនាថា ត្រូវបានម្តាយឪពុករបស់គាត់បោះបង់ចោល និងខ្លះទៀតត្រូវបានឪពុកម្តាយឈ្លោះប្រកែកលែងលះគ្នា លក់ពួកគេមកឲ្យអ្នកស្រីផងដែរ។ ដោយសារតែក្តីអាណិតស្រលាញ់ និងចង់ឲ្យជីវិតក្មេងអនាថាទាំងអស់នោះ មានអនាគតភ្លឺស្វាងដូចគេឯង អ្នកស្រី Li បានចំណាយពេលវេលាជាច្រើន ផ្តល់នូវភាពកក់ក្តៅជាមួយនឹងពួកគេ រួមទាំងទ្រព្យសម្បត្តិលុយកាក់របស់គាត់ ដែលមានទាំងអម្បាលម៉ានចំណាយ ទៅលើក្មេងៗទាំងនោះ រហូតដល់ថ្នាក់អស់ពីខ្លួនផង ខណៈរូបគាត់ក៏នឹងកំពុងតែ ប្រឈមមុខជាមួយនឹង ជំងឺមហារីកកូនកណ្តុរ ហើយថែមទាំងជំពាក់បំណុលគេជាង ២លានយ័ន (ប្រហែលជា ២៩២,០០០ដុល្លារអាមេរិក) ទៀតផង។

ថ្វីត្បិតតែជីវិតរបស់គាត់ ក្នុងពេលបច្ចុប្បន្នមានភាពដុនដាប លំបាកជាងពីមុនក្តី ប៉ុន្តែអ្នកស្រី Li នៅតែរក្សាជំហររឹងមាំ ធ្វើជាម្តាយដ៏គំរូម្នាក់ មិនទម្លាក់បន្ទុកទៅលើកូនៗចិញ្ចឹមរបស់គាត់ ហើយថែមទាំងមិនអនុញ្ញាត ឲ្យពួកគេទាំងអស់នោះ ឃ្លាតចាកចេញឆ្ងាយទៅណាពីរូបគាត់ឡើយ។ ពោល អ្នកស្រី Li នៅតែមានជំហរអាចចិញ្ចឹមបីបាច់ ពួកគេបានយ៉ាងគ្រប់គ្រាន់ ដោយមិនឲ្យអត់នោះទេ។

ប្រភពដដែល បានឲ្យដឹងទៀតថា អ្នកស្រី Li បានចាប់ផ្តើមជីវិតរបស់គាត់បែបនេះ តាំងពីក្នុងឆ្នាំ១៩៩៦មកម្ល៉េះ។ កូនពៅចុងក្រោយទី១០២របស់គាត់ ទើបតែត្រូវបានយកមកចិញ្ចឹម កាលពីក្នុងកំឡុងខែមករា នៃដើមឆ្នាំនេះប៉ុណ្ណោះ។

អ្នកស្រី Li បាននិយាយថា «ភាគច្រើននៃក្មេងទាំងអស់ គឺសុទ្ធតែមានបញ្ហាផ្នែកសុខភាព ប៉ុន្តែស្ថិតនៅក្រោមការមើលថែទាំរបស់ខ្ញុំ ខ្ញុំមិនអនុញ្ញាតឲ្យពួកគេស្លាប់ ទាំងវ័យក្មេងនោះឡើយ។ ក្នុងចំណោមពួកគេទាំងអស់ មានកូនៗចំនួន៧នាក់ បានរៀបការរួចរាល់ និង៥នាក់ទៀត កំពុងតែសិក្សាថ្នាក់មហាវិទ្យាល័យ ខណៈមានកូនម្នាក់បានទទួលការងារ ធ្វើជាមន្រ្តីរាជការ កូនម្នាក់ទៀត ជាមន្រ្តីប៉ូលិស និងកូនម្នាក់ទៀតចុងក្រោយគេ បានចូលបម្រើការងារ នៅក្នុងកងទ័ពកម្លាំងទាហានផងដែរ»

អ្នកស្រី Li បានបន្ថែមចុងក្រោយថា អ្វីដែលរូបគាត់បានព្យាយាមធ្វើកន្លងមកនេះ គឺគាត់ពុំដែលចង់បានផលតបស្នងអ្វី ពីកូនៗចិញ្ចឹមរបស់គាត់ត្រឡប់មកវិញទេ។ ប៉ុន្តែកូនៗចិញ្ចឹមទាំងអស់របស់គាត់ គឺសុទ្ធសឹងតែកូនកត្តញ្ញូគ្រប់ៗគ្នា ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគាត់ ហើយពួកគេក៏បានមើលថែទាំគាត់វិញ បានយ៉ាងល្អផងដែរ។ ភាគច្រើនសឹងតែ កូនស្រីៗរបស់គាត់ទាំងអស់ទៅហើយ ដែលតែងតែស្នើសុំអ្នកស្រី Li ជាម្តាយថា នៅថ្ងៃណាមួយដែលពួកគេបានរៀបការហើយ ពួកគេនឹងសុំយកប្អូនប្រុសស្រីតូច២ ទៅ៣នាក់ ដើម្បីទៅរស់នៅជាមួយនឹងគ្រួសារថ្មីពួករបស់គេ និងជួយឲ្យបានរៀនសូត្រ ជួយសម្រាលបន្ទុកដល់ អ្នកស្រី Li ផងដែរ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?   

ប្រភព៖ Chinadaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]