ខេត្តកំពង់ធំ ៖ ទំនិញ​ខូចគុណភាព​ចំនួន​ជាង​ ៣​តោន​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ដោយ​មានការ​ចូលរួម​ពី​ខាង​ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​លោក​អភិបាលរង​ស្រុក​កំពង់ស្វាយ បាន​នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ គ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​វាល​ចាក់សំរាម​​ ក្នុងភូមិ​វ​ល្លិ៍​យាវ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ​។

លោក លៀង សុធា ប្រធាន​កាំកុងត្រូល​ សាខា​ខេត្តកំពង់ធំ បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​កន្លែង​ទីតាំង​ ដុ​ច​កម្ទេច​ទំនិញ​ខូចគុណភាព កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​ថា ទំនិញ​ដែល​ខូចគុណភាព​ ទាំង​អស់នេះ​មាន​ជា​ច្រើន​មុខ​ ដែល​មាន​ទម្ងន់​ជាង​៣​តោន​ដែល​ក្រុមការងារ​ របស់​លោក​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ដកហូត​បាន​ពី​បងប្អូន​អាជីវករ​លក់ដូរ​ នៅ​តាម​ទីផ្សារ​នានា​ ក្នុង​ខេត្តកំពង់ធំ​រយះ​ពេល​១​ឆ្នាំ គឺ​ចាប់ពី​ដើមឆ្នាំ​២០១៦ មក​ដល់​ចុងឆ្នាំ​២០១៦ ក្នុង​នោះ​ក៏​មាន​ទំនិញ​មួយ​ចំនួន​ដែល​មិន​អាច​ទុក​យូរ​បាន​នោះ​ កម្លាំង​របស់​លោក​បាន​ដុ​ច​ កំទេច​ចោល​ជា​បណ្តើរ​ៗ​រហូត​មក​មាន​ដូច​ជា​មឹក​ស្រស់ សាច់​មាន់ ជង្គង់​មាន់ ស្លាបមាន់ ជាដើម​។

លោក​បន្ត​ថា នៅ​ក្នុង​មុខទំនិញ​ទាំង​អស់នោះ​ មាន​ទំនិញ​១​មុខ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ប្រើប្រាស់​នោះ​គឺ​សា​ធាតុ​ (​បូ​រ៉ា​ក់​)​ ហៅ​ទឹកបន្សារ មាន​ទម្ងន់​ជាង​៥០​គីឡូក្រាម នៅ​ពេល​ប្រើប្រាស់​លើស​ចំណុះ​អាច​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ក្អួត​ចេញ​ឈាម​ស្លាប់​ភ្លាម​ៗ​បាន​។

តាម​រយៈ​នៃ​សកម្មភាព​នេះ​ផង​ដែរ លោក​ក៏​សូម​សំណូមពរ​ ដល់​បងប្អូន​អាជីវករ​ទាំងអស់​កុំ​ឲ្យ​នាំ​គ្នា​លក់ដូរ​នូវ​សា​ធាតុ​ (​បូ​រ៉ា​ក់​) ហៅ​ទឹកបន្សារ នេះ​តទៅ​ទៀត និង​ទំនិញ​ណា​ដែល​ផុតកំណត់​ការ​ប្រើប្រាស់​ សូមកុំ​ឲ្យ​យក​មក​ដាក់​ តាំង​លក់​ឲ្យ​ប្រជាពលរដ្ឋ​។

ចំណែក​បងប្អូន​ ប្រជាពលរដ្ឋ​ទាំងអស់​ក៏​ដូច្នោះ​ដែរ គឺ​មិនមែន​សម្រាប់​តែ​ខេត្តកំពង់ធំ​នោះ​ទេ មុន​នឹង​ទិញ​ទំនិញ​ព្រមទាំង​សម្ភារ​ យក​មក​ប្រើប្រាស់​នោះ​ ត្រូវ​ពិនិត្យ​មើល​កាលកំណត់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន ដើម្បី​សុខភាព​របស់​យើង​ក៏​ដូច​ជា​កូនចៅ​របស់​យើង​ផង​ដែរ​។

កាលណា​យើង​ទាំងអស់​គ្នា​ មាន​សុខភាព​ល្អ​ហើយ​នោះ​ ក៏​ដូច​ជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជាមួយ​រាជរដ្ឋាភិបាល​ បាន​មួយ​កម្រិត​ខ្ពស់​ផង​ដែរ ចង់​រកស៊ី​ឲ្យ​មានបាន​ប្រាក់​ចំណូល​ខ្ពស់ និង​ចង់​ធ្វើ​ការងារ​ធំ​នោះ​ ទាល់តែ​ខ្លួនឯង​មាន​សុខភាព​ល្អជា​មុន​សិន ទើប​អាច​ឈាន​ដល់​គោលដៅ​ ទាំង​អស់នោះ​បាន​៕ 

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងដល់ខេត្តសៀមរាប ដើម្បីគង់ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីចាក់បញ្ចាំងខ្សែភាពយន្តស្នាដៃ Angelina Jolie ដែលនិយាយពីខ្មែរក្រហម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្មាននាទីមុននេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនិនាថ សីហនុ បានយាងទៅដល់ខេត្តសៀមរាបហើយ ដើម្បីគង់ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ផលិតដោយលោកស្រី Angelina Jolie ដែលនិយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម។ នេះបើតាមការឱ្យដឹងដោយ អាជ្ញាធរខេត្តសៀមរាប។

ក្នុងការយាងដល់ខេត្តសៀមរាបនេះ មានការទទួលយ៉ាងយកចិត្តទុកដាក់ទទួលបដិសណ្ឋាកិច្ច ដោយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រីជាភរិយា ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកសភា ព្រឹទ្ធសភា មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទូទាំងខេត្តសៀមរាប។

សូមបញ្ជាក់ថា ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាតដឹកនាំ ផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់​នៅលើវាលស្មៅ​នៃព្រះលានជល់ដំរី ខេត្តសៀមរាប រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ខ្សែភាពយន្តនេះ ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់​ដែលខ្សែភាពយន្តបានផ្តិត​យកទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្ត ជ្រើសរើសយក​រមណីយដ្ឋាន​អង្គរជាទីតាំងចាក់បញ្ចាំងមុនដំបូងបំផុត ដែលជាពិធីសម្ពោធផ្លូវការមុន នឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាព​យន្តផ្សេងៗទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]