(ភ្នំពេញ)៖ លោក សាន ប៊ុនធឿន ដែលជាអ្នកព័ត៌មានកំពុងទទួលបានភាពល្បាញល្បីតាមបណ្តាញសង្គម Facebook នោះ បានជួប គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យរថយន្តខូចស្ទើរខ្ទេចខ្ទី និងបណ្តាលឲ្យរូបលោករងរបួសស្រាល ខណៈអ្នកបើកបររថយន្តរងរបួសធ្ងន់។ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅទៀបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃំត្រែងត្រយឹង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមការផ្សាយផ្ទាល់លើទំព័រ Facebook ក្រោយកើតគ្រោះថ្នាក់ភ្លាមៗនោះ លោក សាន ប៊ុនធឿន បានឲ្យដឹងថា នៅទៀបភ្លឺថ្ងៃនេះលោករួមជាមួយក្រុមការងារបានជិះរថយន្តត្រឡប់មកពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ។ អកុសលមកដល់ចំណុចកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿង ដែលលោកអះអាងថា អ្នកបើកបរងងុយដេកនោះ បានបើកចូលចំណែកផ្លូវរថយន្តលោក ឃើញដូចនោះអ្នកបើកបររថយន្តក៏បួងចង្កូតធ្លាក់ទៅប្រឡាយនៅចិញ្ចើមផ្លូវតែម្តង។

គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យលោក សាន ប៊ុនធឿន រងរបួសបែកក្បាល រីឯអ្នកបើកបររថយន្តរបស់លោក ក៏រងរបួសត្រង់ជើងធ្ងន់ធ្ងរ ផងដែរ។ ដោយឡែករថយន្តវិញ គឺខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុលោក សាន ប៊ុនធឿន រួមនិងអ្នកបើករថយន្ត បានបន្តធ្វើដំណើរតាមរថយន្តឈ្នួលមកកាន់រាជធានីភ្នំពេញ ខណៈដែល រថយន្តទុកឲ្យសមត្ថកិច្ចជាអ្នកចាត់ចែង។ សូមបញ្ជាក់ផងដែរថា រថយន្តកុងតឺន័រ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ទុកផងដែរ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ព្រះជួយ! បុរសម្នាក់ធ្លាក់ពីលើកំពូលភ្នំបូកគោ ជម្រៅ៣០ម៉ែត្រ តែសំណាងល្អមានគេជួយ

កំពត៖ ភ្នំបូកគោ ត្រូវបានប្រជាជនទូទៅចង់ឡើងទៅលេងកម្សាន្ត ដោយសារតែទេសភាពដ៏ស្រស់បំព្រងរួមជាមួយ នឹងអាកាសធាតុដ៏ល្អនៅទីនោះ។

យ៉ាងណាមិញ កាលពីថ្ងៃមិញនេះ បុរសម្នាក់ និងមិត្តស្រីបានឡើងទៅកម្សាន្តនៅលើកំពូលភ្នំនេះ និងឆ្លៀតផ្ដិតយកទេសភាព យកមកទុកជាអនុស្សាវរីយ៍។ ជាសំណាងអាក្រក់ បុរសរងគ្រោះ ក៏បានរអិលជើងធ្លាក់ចុះពីលើកំំពូលភ្នំបូកគោ (កន្លែងជ្រោះ ដែលអ្នករាល់គ្នាតែងតែទៅទស្សនា មិនដែលរំលងពេលបានទៅដល់កំពូលភ្នំនេះ) ចុះទៅខាងក្រោមជម្រៅ៣០ម៉ែត្រ តែជាសំណាងល្អដែរ ដែលគាត់ទើរនឹងដើមឈើ។

ភ្លាមៗ នោះក៏មានមនុស្សម្នាស្ទុះទៅជួយ និងស្រែកហៅបុរសរងគ្រោះ។ គ្រាន់តែលឺសម្លេងបុរសរងគ្រោះភ្លាម ម្នាក់អរគុណទេវតា និងវត្ថុស័ក្ដសិទ្ធដែលបានជួយឲ្យបុរសរងគ្រោះនៅរស់រានមានជីវិត។ អ្នកទេសចរ និងក្រុមការងារវិទ្យុក្នុងស្រុកមួយដែលបាននៅកន្លែងកើតហេតុ ក៏បានបោះខ្សែពួរ ចុះទៅឲ្យបុរសរងគ្រោះចងនឹងចង្កេះ រួចទាញឡើងមកវិញ និងបញ្ជូនបុរសរងគ្រោះទៅមន្ទីរពេទ្យ។

ហេតុកាណ៍ទាំងមូល ត្រូវបានរៀបរាប់ដោយបងប្រុសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Thoung Tithya ដែលបងប្រុសជាអ្នកថតពីសកម្មភាពជួយសង្គ្រោះ និងជាអ្នកដឹងពីហេតុការណ៍ទាំងមូលផងដែរ។ លើសពីនេះបងប្រុសក៏បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “ឥលូវគេជួយសង្គ្រោះគាត់បានហើយ គាត់ជាមនុស្សដែលសំណាងក្នុង១០០នាក់ ដែលធ្លាក់កំពស់ជិត៣០មែត្រហើយ តែមិនស្លាប់...មូលហេតុនៃការធ្លាក់នេះគឺបណ្ដាលមកពីគាត់ព្យាយាម បង្កើតរូបភាពដែលមានភាពទាក់ទាញ និងអស្ចារ្យ តែថ្លោះថ្លោយបណ្ដាលអោយមានគ្រោះថ្នាក់ដូចនេះ។ ដំបូងស្មានតែគាត់មិនសូវអី នៅពេលដែលខ្ញុំព្យាយាមស្រែកសួគាត់ពីខាងលើទៅ តែពេលដែលគាត់ត្រូវគេលើកឡើងមកខាងលើទើបខ្ញុំដឹងថាគាត់ របួសធ្ងន់ធ្ងរហើយ តែគាត់ព្យាយាមនិយាយកុំអោយមិត្តស្រីគាត់ភ័យតែប៉ុណ្ណោះ។ សូមបងប្អូនដែលចូលចិត្តថតរូបក្នុងស្ថានភាពប្រថុយប្រថាន មេត្តាប្រុងប្រយត្ន័ផង។ សូមអគុណដល់ ABC Cambodia Family និងក្រុមសង្គ្រោះ រួមទាំងកម្លាំងសុន្តិសុខនៃភ្នំបូគោទាំងអស់ ដែលបានចូលរួមសហការគ្នាបានយ៉ាងល្អ”។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]